Sunday, September 1, 2013

កាកី (ព្រះបាទ​អង្គឌួង​ដ៏​ឆ្នើម​នៃ​ជាតិ​ខ្មែរ​, ម្ចាស់​វណ្ណ​កម្ម​ “​កាកី​” (១៧៩៦-១៨៦០))

ព្រះបាទ អង្គឌួង / អង្គ​ដួង ជា​ក្សត្រ​រក្សាសីល​យ៉ាង​ខ្ជាប់ខ្ជួន ទ្រង់​ប្រកបដោយ​ធម៌ និង ប្រតិពល​ក្នុង​រាជកិច្ច , រាជកវី​និពន្ធ និង​ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម​នា​សម័យ​ឧដុង្គ​មានជ័យ ។​ក្នុងចំណោម​វណ្ណ​កម្ម​អក្សរសិល្ប៍​របស់​ព្រះអង្គ​, កូន​ខ្មែរ​ជំនាន់​ក្រោយ​មិនអាច​ភ្លេច​បានទេ​នូវ​ព្រះរាជ​និពន្ធ “​ច្បាប់ ស្រី​” និង​រឿង “​កាកី​” ដែលជា​វណ្ណ​កម្ម​ដ៏​អស្ចារ្យ ។ រៀងរៀប​សេចក្តី​​          ជា​បទ​កា​កគ​តី ​​         ដំណាល​ទំនង ​ស្រី​ជួ​ស្រី​ជា​​                  តាម​បាលី​ចង​           ​ទុកជា​គន្លង​    ​                                     ក្បួនច្បាប់​តទៅ ។​ ​គ្រាន់​មើល​គ្រាន់​មាន​  ​ចិត្ត​ចាំ ប្រៀន​ប្រាណ​ ​ កុំអោយ អាស្រូវ​ កុំ​ត្រាប់​មារ​យា​             ទុកជា​ធ្វើ ត្រូវ             ​​កុំ​ត្រាប់​ចើក​ចូ​វ​    ​                                    ទុកជា​ស្មោះស្មាន ។​ ​កុំ​ត្រាប់​ស្រី​អាស​​        គិតថា​ដ្បិត​ខ្មាស​​          អៀន​រឹង​អស់ ប្រាណ​ កុំ​ត្រាប់​បង្ហិន​​             ថា​មិន សាមាន្យ​​            កុំ​ត្រាប់​សន្តាន​                                      ​មាក់ងាយ​ស្វាមី ។​ ​គិតថា​គួរ​ទេ               ​​មិនគួរ ស្និទ្ធស្នេហ៍​          ​រាប់រក​ជា​ប្តី​ មារ​យា​ទាំង​ប្រាំ​         ចូរ​ចាំ​គ្រប់ ស្រី​​               សុទ្ធសឹង​អប្រិយ​    ​                                 គ្មាន​ល្អ​មួយ​ឡើយ ។​ ​គួរ​ត្រាប់​គួរ​ត្រង​​         គួរ​ចាំ​គួរ ចង                ​​គួរ​កុំ​កន្តើយ​ មារ​យា​សុចរិត       ល្អ​ពិតជា​ត្រើយ​ ​           ស្រី​ណា​ត្រាប់ ហើយ​    ​                                  ហៅ​ប្រសើរ​ស្រី ។​     

នេះ​ជាវ​គ្គមួយ​នៃ​ការចាប់ផ្តើម​អត្ថបទ​កំណាព្យ “​ច្បាប់ស្រី​” ដែលជា​ព្រះរាជ​និពន្ធ​របស់​ព្រះបាទ​អង្គឌួង ។​      ឯកសារ​មហា​បុរស និង រាជ​ព​ង្សា​តា​អះអាងថា ព្រះបាទ​អង្គឌួង / អង្គ​ដួង ប្រសូត្រ​នៅ​ថៃ​អាទិត្យ ៩​កើត​ខែ​អាសាធ ឆ្នាំរោង​អដ្ឋស័ក ព​.​ស ២៣៤០, គ​.​ស ១៧៩៦, ម​.​ស ១៧១៨, ច​.​ស ១៦៤៥ នា​ក្រុង​ឧដុង្គ ។​ទ្រង់​ជា​បុត្រ​ពៅ​របស់​ព្រះបាទ​នរាយ​រាមា អង្គអេង និង អ្នក​ម្នាង​រស់ ។ ទ្រង់មាន​ព្រះ​ជេដ្ឋា  (​បងប្រុស​) ៤​អង្គ​គឺ​៖    
១-    ព្រះអង្គម្ចាស់ អង្គ​ច័ន្ទ​     
២-    ព្រះអង្គម្ចាស់ អង្គ​អឹម​     
៣-    ព្រះអង្គម្ចាស់ អង្គ​សួន​     
៤-    ព្រះអង្គម្ចាស់ អង្គភឹម​       

គួរ​បញ្ជាក់ថា នៅ​សម័យ​កាលនោះ​ប្រទេស​ខ្មែរ​បាននិងកំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​ដុនដាប ក្រោម​ការ​បៀតបៀន​ពី​សំណាក់​ប្រទេស​យួន និង ប្រទេស​សៀម ដែល​ប្រទេស​ទាំងពីរ​នេះ​តែងតែ​មើល​មក​ប្រទេស​ខ្មែរ​ថា​ជា សាច់​១​ដុំ​ដែលជា​កម្មបទ​នៃ​ការដណ្តើម​គ្នា​របស់​ពួកគេ ។​     ព្រះបាទ​អង្គឌួង​ទ្រង់​បាន​យាង​ទៅ​សាង​ព្រះ​ភ្នួ​ស​ជា​សាមណេរ ក្នុង​សំណាក់​ព្រះ​មហាព្រហ្មមុនី នង នៅ​ឆ្នាំមមែ  (​ផ្ទៀង​ជាមួយ​សៀវភៅ​បញ្ជាក់​សករាជ​របស់លោក ភ្លង នួន ត្រូវ​នឹង​គ​.​ស ១៨១១ ) ត្រី​ស័ក គ​.​ស ១៨១០ ។​     សៀវភៅ​អក្សរសិល្ប៍​ខ្មែរ របស់លោក ឃី​ង ហុក​ឌី និយាយថា ព្រះ​អង្គឌួង និង ព្រះ អង្គ​អឹម មានការ​អាក់អន់​ព្រះទ័យ​នឹង​ព្រះអង្គ​ច័ន្ទ ហើយក៏​បាន​ភៀស​ព្រះកាយ​ទៅ​គង់ នៅ​ស្រុក​សៀម​អស់​រយៈពេល​រវាង​១​ទស​ត្ស​រ៍ ។ ឯកសារ​ខ្លះ​និយាយថា ទ្រង់​គង់នៅ​ក្រុង​បាងកក អស់​រយៈពេល​២៧​ឆ្នាំ (​គឺ​ចាប់តាំងពី​ទ្រង់ មាន​ព្រះជន្ម​១៦ រហូតដល់ ៤៣​វស្សា ) ហើយ​ទ្រង់​បាន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​នៅ​គ​.​ស​១៨៤១ ។​     ដោយ​សន្ធិសញ្ញា​រវាង​យួន និង សៀម នៅ​ខែធ្នូ គ​.​ស ១៨៤៤ បាន​ស្រុះស្រួល​គ្នា​ប្រគល់​រាជបល្ល័ង្ក​ខ្មែរ​មក​ព្រះ​អង្គឌួង ។ ទ្រង់​បាន​រាជាភិសេក​នៅ​ក្រុង​ឧដុង្គ ថៃ្ង​អង្គា​រ៍ ១​កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ព​.​ស​២៣៩១ ត្រូវ​នឹង​ថៃទី​៧ ខែ​មិនា គ​.​ស ១៨៤៨ ម៉ោង​៧​ព្រឹក ក្នុង​ព្រះ​ជន្មាយុ​៥២ ព្រះវស្សា ដោយមាន​នាម​ថា “ ព្រះបាទ សម្តេច​ស្តេច​ព្រះរាជ​ឱង្ការព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី​ព្រះ​ស្រី សុរិយោ​ពណ៌ ធម្មិក​វរោត្តម​បរម​សុ​រេ​ន្ទ្រា​មហា​ចក្រពត្រាធិរាជ បរមបពិត្រ​ឋិត​ជា​ឥសូរ​កំពូល​រដ្ឋ​រាស្ត្រ​ឱភាស​ជាតិ​វរវង្ស តម្រង់​ក្រុង​កម្ពុជា​មហា​ឥន្ទបត្ត​នគរ​បវរ​វ​ឌ្ឍ​នា​តិ​រេ​កឯក​រា​ជាខ​ត្តិ ​យា មហា​ធិ​ប​តិ​ន្ទ្រ​វិសុទ្ធិ​ឧ​ត្ត​ម​បរមបពិត្រ​ជា អ​ម្ចាស់ជីវិតលើត្បូង​គ​ង់​ក្នុង​ព្រះ​បរម រាជ​វាំ​ឧដុង្គ​មានជ័យ ” ។​      ព្រះ​មហេសី​របស់​ព្រះអង្គ​ដែល​ឯកសារ​នានា​រៀបរាប់​ច្រើន​បំផុត គឺ​អ្នក​ម្នាង​អង្គ​ប៉ែន ឬ​ព្រះ​បរម​រាជ​នី​ប៉ែន (​ត្រូវ​យួន​សំលាប់​ដោយ​ពន្លិចទឹក​នៅពេលដែល យួន​បាន​ឃុំឃាំង​បុត្រី​ទាំង​៤​របស់​ព្រះអង្គ​ច័ន្ទ​ចោទថា​ក្បត់​ដោយសារ ព្រះ​មាតា​របស់​ព្រះ​នាង បាន​ទៅប្តឹង ស្តេច​សៀម ) ជា​បុត្រី​ច្បង​របស់​ព្រះអង្គ​ច័ន្ទ ដែលជា​ព្រះរាម  (​បងប្រុស​) របស់​ព្រះអង្គ ។ ហេតុនេះ ទ្រង់ និង មហេសី​ត្រូវជា​ព្រះ​បិតុលា​(​ឪពុកមា​, ពូ​) និង ព្រះ​ភ​គ្គនី (​ក្មួយ​ស្រី​) បង្កើត​នឹង​គ្នា ។ ប៉ុន្តែ តាម​ការរៀប​រាប់រប​ស់​អ្នកអង្គម្ចាស់​ក្ស​ត្រី​អង្គឌួង ណិ​ម សូ​ហ្វី​ន ទាយាទ​មួយអង្គ​នៃ​ត្រកូល​អង្គឌួង​បាន​ប្រាប់ cen.com.kh កាលពី​ខែមករា ២០០៩​ថា​ព្រះករុណា​អង្គឌួង​មាន​អ្នក​ម្នាង​១៥​អង្គ និង​មាន​បុត្រា​-​បុត្រី​២១​អង្គ ក្នុងនោះ​ព្រះរាជ បុត្រ​១០​អង្គ និង​ព្រះរាជ​បុត្រី​១១​អង្គ (​អាន​អត្ថបទ “​មហា​គ្រួសារ​ព្រះបាទ​អង្គឌួង​” ក្នុង​ទំព័រ​អ្នកប្រាជ្ញ ជន​ល្បី​របស់ cen.com.kh) ។​     ទោះជា​យ៉ាងនេះ​ក្តី​មានតែ​បុត្រា​៣​អង្គ​ប៉ុណ្ណោះ​របស់​ទ្រង់​ដែល​គេ​រលឹក ដល់​ច្រើន​គឺ​៖     ១- ព្រះអង្គម្ចាស់​ច្រឡឹង ហើយ ទ្រង់​ប្រទាន​នាម​ថា “​ព្រះអង្គម្ចាស់​រាជា​វ​តី​” ឬ  “​ព្រះអង្គ​វ​តី​” ។ លុះ​ពេល​ទៅ​សាង​ផ្នួស​ក្នុង​គណៈធម្មយុត្តិកនិកាយ នៅ​ប្រទេស​សៀម មាន​នាម​បញ្ញត្តិ​ថា​“​នរោត្តម​ភិក្ខុ​”  (​គឺ​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម ), ជា​ព្រះរាជបុត្រ​ជាមួយ​អ្នក​ម្នាង​អង្គ​ប៉ែន ឬ​ព្រះ​បរម​រាជ​នី​ប៉ែន (​ឯកសារ​ខ្លះ​សរសេរថា​បែន មិនមែន​ប៉ែន​ទេ​) ។​     ២- ព្រះអង្គម្ចាស់ សំអោក (​ឯកសារ​ខ្លះ​សរសេរថា​សំ​អេង​) លុះ ព្រះជន្ម​បាន​១៣​វស្សា ទ្រង់​ប្រទាន​នាម​ថា​“​ស៊ី​សុ​វ​ត្តិ​” (​គឺ​ព្រះមហាក្សត្រ ស៊ី​សុ​វ​ត្តិ​), ជា​ព្រះរាជបុត្រ​ជាមួយ​ព្រះ​បរម​អ​ច្ឆ​រិ​យា​អប្បរ​ពៅ ។​     ៣- ព្រះអង្គម្ចាស់ សំ​អ៊ូ​(​ឯកសារ​ខ្លះ​ថា​សំបូរ​) លុះ​បាន​ព្រះជន្ម​១២ វស្សា​ទ្រង់​ប្រទាន​នាម​ថា​“​ស៊ីវ​ត្ថា​”, ជា​ព្រះរាជបុត្រ​ជាមួយ​ព្រះ​ម្នាង​ខាំ​។​       ឡើង​សោយរាជ្យ​ភ្លាម ព្រះបាទ​អង្គឌួង​បាន​រើ​បម្រាស​ពី​ការត្រួតត្រា​ពី​សំណាក់​ប្រទេស​យួន និង ប្រទេស​សៀម ហើយ​បានចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រទេស​បារាំង ។ ទ្រង់​មិនមែនជា​ក្សត្រ​ដែល​គិតតែ​ពី​រឿង​ស្រីស្នំ កាង​អំណាច កាប់​ចាក់ ធ្វើសង្គ្រាម​ផ្ទៃក្នុង​ដូចជា​ក្សត្រ​មួយចំនួន​ឡើយ ។ ព្រះ​អង្គជា​ក្សត្រ​តាំងនៅ​ក្នុង​ព្រះពុទ្ធ សាសនា​យ៉ាង​មាំ ។ ទ្រង់មាន​រាជបំណង​ឱ្យ​មន្ត្រី​ទាំងអស់​រក្សាសីល​៥ ឬ សីល​៨ គ្រប់គ្នា​តាម​លទ្ធភាព និង និស្ស័យ​រៀងៗ​ខ្លួន ហើយ​ទ្រង់​ក៏​ជា​ក្សត្រ​រក្សាសីល​យ៉ាង​ខ្ជាប់ខ្ជួន និង ព្រះ​សណ្តាប់​នូវ​ធម្មទេសនា​ដែល​សំដែង​ដោយ​ព្រះសង្ឃ​ក្នុង​ព្រះបរមរាជវាំង យ៉ាង​ទៀងទាត់​នៅ​រាល់​ថៃ្ង​ឧបោសថ​ផងដែរ ។ ទ្រង់​សំណូមពរ​ផង​មន្ត្រី​ខ្ញុំ​រាជការ​ឱ្យមាន​ចិត្តមេត្តា​សន្តោស ប្រោសប្រណី​ចំពោះ​ផង​រាស្ត្រ​និករ ក៏ដូចជា​ស្មូម​យាចក អ្នកក្រខ្សត់ ទុរគត ទន់ខ្សោយ និង សព្វ​សត្វ​ទាំងពួង ។ ប្រជារាស្ត្រ​ក្រីក្រ និង ព្រះសង្ឃ អាចមក​ទទួល​អាហារ​ស្រស់ស្រូប និង ឆាន់​បាន​រាល់​ថៃ្ង ។ ហេតុនេះ​ទើប​សុវត្ថិភាព​បានកើត ឡើងវិញ​លើ​ផ្ទៃ​នៃ​នគរ ធ្វើអោយមាន​សន្តិភាព ស្ថេរភាព​ជា​ចិ​រកា​ល ជាហេតុ​នាំឱ្យ​ផង​រាស្ត្រ​និករ​មានឱកាស បង្កបង្កើន ភោគផល​បាន​សំបូរ​សប្បាយ​ឡើងវិញ​មួ​យក​ម្រឹត ។​     នៅ​ឆ្នាំមមែ នព្វស័ក គ​.​ស ១៨៤៨ ទ្រង់​បាន​បញ្ជា​ឱ្យ​បោះពុម្ព​ក្រដាស់ប្រាក់​សម្រាប់​ចាយវាយ​ជំនួស ប្រាក់​សាច់  មតិ​ខ្លះ​យល់ថា ដោយសារ​ព្រះអង្គ​មាន​ទំនាក់ទំនង​ជាមួយ​បារាំង ទើប​បារាំង​បាន​ប្រមូល​មាស ពេជ្រ និង ប្រាក់​ដឹកជញ្ជូន​ទៅ​ប្រទេស​គេ​រលោះ​ពី​ប្រទេស​ខ្មែ ទើប​ទ្រង់​បញ្ជា​ឱ្យចេញ​ក្រដាស់ប្រាក់​នេះ ហើយក៏​គឺជា​ក្រដាស ប្រាក់​មុនដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ផងដែរ ។ ក្រដាសប្រាក់​នោះ​ទ្រង់​ព្រះរាជ​បញ្ញត្តិ​ឱ្យ​ដាក់ពាក្យ​ថា “​ព្រះ​នគរ​ក្រុង​កម្ពុជា​ធិបតី​” មាន​ពុទ្ធសករាជ​, ចុល្លសករាជ នៅត្រង់​ផ្ទៃ​កណ្តាល​ម្ខាង មាន​រូប​ប្រាសាទអង្គរវត្ត ហើយ​ម្ខាង​ទៀត​មាន​រូប​ហង្ស ។​     ទ្រង់​កសាង​នគរ​ឱ្យមាន​ការរីកចំរើន​គ្រប់​វិស័យ​ទាំង​ផ្នែក សេដ្ឋកិច្ច , រដ្ឋបាល , ស្ថាបនា​ស្ពាន​ថ្នល់ ,​ព្រះអង្គ​បានចេញ​រាជបញ្ជា​ឱ្យ​បន្ថយពន្ធ​ដា​ផ្សេងៗ  កសាង​កំពែង​ការពារ​នគរ និង ហេដ្ឋារចនាសម្ព័ន្ធ​នានា បង្វែរ​នគរ​ឱ្យ​ឈម​ទៅរក​វឌ្ឍនភាព​តាមបែប​ប​ស្ចឹ​ម​ប្រទេស  ។ ទ្រង់​បាន​បង្កើត​រចនាសម្ព័ន្ធ​នានា សម្រាប់ បង្ក្រាប​ចោរកម្ម និង ឧក្រឹដ្ឋ​កម្ម ។     នៅ​ឆ្នាំ​១៨៤៨ ទ្រង់​បាន​បង្កើត​សាលា​តុលាការ​ឧទ្ធរណ៍ ដែលជា​តុលាការ​ឧទ្ធរណ៍​មុនដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ទ្រង់​គង់​ជា​ព្រះអធិបតី​ដោយផ្ទាល់​នៅក្នុង​តុលាការ​នេះ ។ ចាប់ពី​ឆ្នាំ​១៨៥៣​មក ទ្រង់​បាន​បញ្ជា​ឱ្យ​ចាប់ផ្តើម​ពិនិត្យ​សេ​រើ​ជាទូទៅ នូវ​មាត្រា​ច្បាប់​នានា ដោយ​ព្រះអង្គ​បាន​យាង​ចូលប្រឡូក​ដោយផ្ទាល់ និង យ៉ាងសកម្ម​ផង ។​       លោក ហង់​រី មូ​តូ ជា​ជនជាតិ​បារាំង​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ហើយ​បាន​ជួបនឹង ព្រះ​អង្គឌួង បាន​សរសេរ​ពិ​ព័ណ៌នា​ព្រះអង្គ​ថា  ព្រះជន្ម​ប្រមាណ​៦០​ព្រះវស្សា មាន​ព្រះកេសា  (​សក់​) ខ្លី ទាប់​ក្រអាញ​។ ទឹក​ព្រះភ័ក្ត្រ​បង្ហាញ​ប្រាជ្ញាញាណ​វាងវៃ និង មាន​សមាន​ចិត្តល្អ​...  ។ ទ្រង់​ចំណាយ​រាជទ្រព្យ​ជាច្រើន​ដើម្បី​ស្ថាបនា ផ្គត់ផ្គង់ និង បណ្តុះបណ្តាល​ព្រះពុទ្ធសាសនា​ដែល​រង​ការ​ខ្ទេចខ្ទាំ ដោយសារ​សង្គ្រាម​នានា មាន​សង្គ្រាម​បៀតបៀន​ពី​ប្រទេស​វៀតណាម និង ប្រទេស​សៀម​ជាដើម ។​     ថៃ្ង​១២​មេសា គ​.​ស ១៨៥៣ ទ្រង់​បាន​បញ្ជា​រាជ​ប្រតិភូ ដឹកនាំ​ដោយ​ឧកញ៉ា​យមរាជ​ម៉ុក និង ឧកញ៉ា​ចក្រី មាស ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក​ដើម្បី​ស្នើសុំ​ស្តេច​សៀម ព្រះ​ចៅ ចម​ក្លាវ ឱ្យ​ប​ញ្ជួ​ន​បណ្ឌិត​សង្ឃ​ខ្មែរ​ព្រះនាម​ប៉ាន និង គម្ពីរ​ព្រះ​ត្រៃបិដក​១​ចប់​ផង​មក​ស្រុក​ខ្មែរ​វិញ ។ ស្តេច​សៀម​មាន​ព្រះទ័យ​ត្រេកអរ​ណាស់​ដោយ​សង្ឃឹមថា នឹង​បាន​បន្ត​ជះឥទ្ធិពល​វប្បធម៌​របស់​សៀម​មក​ក្នុង​ផ្នត់គំនិត​ខ្មែរ​តាមរយៈ ព្រះពុទ្ធសាសនា​ធម្ម យុ​ត្តិ​ក​និកាយ ។ បណ្ឌិត​សង្ឃ​ពុទ្ធសាសនា​ខ្មែរ ព្រះនាម​ប៉ាន និង ព្រះ​ត្រៃបិដក​១​ចប់ មាន​សែសិប​ភាគ​ត្រូវបាន​ហែរ​ហម​ជាពិសេស ចូលមក​តាម​ខេត្តកំពត ដោយមាន​ទាំង​ព្រះសង្ឃ​៨​អង្គ និង បរិ​ស័​ទ្ធ​មួយចំនួន និង ព្រះគ្រូ​របស់​ភិក្ខុ​បណ្ឌិត​សង្ឃ​ប៉ាន​ផង បាន​មកដល់​ក្រុង​ឧដុង្គ នៅ​ថៃ្ង​២៨ ខែមករា ឆ្នាំ​១៨៥៥ ។ ហេតុនេះ​ព្រះពុទ្ធសាសនា​គណៈ​ធម្មយុត្ត បានមក​ប្រតិ​ស្ថ​នៅលើ​ទឹកដី​ខ្មែរ ដោយ​មួយផ្នែក​ជា​មធ្យោបាយ​ដែល​ស្តេច​សៀម​ប្រើ​ដើម្បី​ជះឥទ្ធិពល​លើ​ស្មារតី ខ្មែរ​ចាប់ពីពេលនោះ ។ មិនយូរប៉ុន្មាន​ភិក្ខុ​ប៉ាន ត្រូវបានតែងតាំង​ជា​សម្តេចព្រះសង្ឃរាជ​គណៈ​ធម្មយុត្តិ ។​     ទ្រង់​មិនមែនជា​ក្សត្រ​ប្រតិពល​តែ​នៅក្នុង​រាជកិច្ច​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំ​ជា​អ្នក​ស្នេហា​អក្សរសាស្ត្រ​ជាតិ និង តែងតែ​យក​ព្រះទ័យ​ទុកដាក់​លើកស្ទួយ​អក្សរសាស្ត្រ​ជាតិ​ជាខ្លាំង ។ ព្រះ​មាតា​របស់​ព្រះអង្គ គឺ​អ្នក​ម្នាង​រស់ ត្រូវបាន​ទ្រង់​តែងតាំង​ជា សម្តេច ព្រះ​វរ​រាជិនី​ខ​ត្តិ​យាវ​ង្ស​សិរី​សេដ្ឋោ​វរោត្តម​បរម​វ​រា​តុល្យ​សកល មង្គល​បរមបពិត្រ ដោយ សារ​ទ្រង់មាន​គុណបំណាច់​ក្នុងកា​ទំនុកបំរុង​កវីនិពន្ធ​ទាំងឡាយ មាន​កវី​សន្ធរម៉ុក ជា ដើម ។ ទ្រង់​បាន​ចាត់ចែង​ឱ្យ​កវី​ទាំងឡាយ​តែង​និពន្ធ​នូវ​សាស្ត្រាល្បែង​ផ្សេងៗ​ជា ពាក្យកាព្យ ។​
 ---------------- 
ដកស្រង់ពី គេហទំព័រ ស៊ីអីអិន

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ

មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា << យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? ។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ ។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា << នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន >> ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា << នេះ​ហៅ​អ្វី ? អ្នក ! ។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា << គេ​ហៅ​រទេះ។ មែន​ឬ​អ្នក ? ។ បុរស​នោះ​ថា << មែន >>។ << បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ>>។បុរស​នោះ​សួរ​ថា << អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង ? ។ កម្លោះ​នោះ​ថា << បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក​ បើ​ខ្ញុំ​ឈ្នះ << សុំ​តែ​ប្រពន្ធ​អ្នក >> ។ បុរស​នោះ​គិត​ថា​ ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី​ ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ ។ ទើប​កម្លោះ​ដែល​ឈរ​ សួរ​ទៅ​អ្នក​បររទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល, កម្លោះ​អ្នក​បររទេះ​ប្រាប់​ថា << នេះ​គេ​ហៅ​ចន្ទោល>>។ ចង្អុល​សួរ​ទៅ​នឹម​ថា << នេះ​គេ​ហៅ​នឹម >> ។ << នេះ​គេ​ហៅ​ទូក >> << នេះ​គេ​ហៅ​ទ្រាយ >> << នេះ​គេ​ហៅ​ប្រែក >> << នេះ​គេ​ហៅ​កង់ >> << នេះ​គេ​ហៅខ្នង​កង់ >> << នេះ​គេ​ហៅ​ត្រពង >> ដល់​ឆ្លើយ​រួច​សព្វគ្រប់​ កម្លោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា<< ឥឡូវ​ គេ​មិន​ហៅ​រទេះ​ទេ​ បើ​ដូច្នោះ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច ? បុរស​ជា​ប្ដី​នោះ​មិន​ព្រម, ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេៗ​ ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន ។ បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅ​ក្រមៗ​ ឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ, កម្លោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅ​ក្រមៗ​កាត់​សេចក្ដី​ថា << ត្រូវ​ចាញ់​គេ​ហើយ​ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ >> ។ បុរស​នោះ​ខឹង​ណាស់​ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន​ ដើរ​ផង​ យំ​ផង, ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយៗ​សួរ​ថា << ថ្វី​បាន​ជា​យំ​បង ? >> ៗ បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់ ។ សុភាទន្សាយ​ថា << បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ​ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន​ យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ >> ។ បុរស​នោះ​អរណាស់​ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភាទន្សាយៗ​ ស៊ី​ចេក​រួច​ហើយ​ ដើរ​ទៅ​ជាមួយ​បុរស​នោះ​ ទៅ​ដល់​សួរ​ចៅក្រម​ថា << លោក​កាត់​សេចក្ដី​គេ​នោះ​ តើ​ដូចម្ដេច​ខ្លះ ? >>។ ចៅក្រម​ ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ សុភាទន្សាយ​ថា << លោក​កាត់​សេចក្ដី​ មិន​ទាន់​អស់​ទេ​ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង​ ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង >> ។ សុភាទន្សាយ​ សួរ​កម្លោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា << អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ដាក់​ប្រពន្ធ >> ។ សុភាទន្សាយ​ សួរ​ទៅ​កម្លោះ​នោះ​ថា << ត្រង់​ណា​ហៅ​ប្រពន្ធ >> បើ​អ្នក​រក​ឃើញ​យក​ទៅ​ចុះ​ បើ​រក​មិន​ឃើញ​ទេ​ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ>>។ កម្លោះ​នោះ​ចាប់​ត្រង់​ដៃ, សុភាទន្សាយ​ប្រាប់​ថា​ នេះ​គេ​ហៅ​ថា​ដៃ​ទេ​ វា​ចាប់​ត្រង់​ជើង​ សុភា​ទន្សាយ​ថា << នេះ​គេ​ហៅ​ជើង​ទេ >> វា​ចាប់​ត្រង់​នេះ​ ក៏​ថា​មិនមែន, ត្រង់​នោះ​ក៏​ថា​មិនមែន​ ហើយ​ប្រាប់​ថា​រួម​ទាំងអស់​គ្នា​ទៅ​ទើប​គេ​ហៅ << ប្រពន្ធ >> ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល​ នឹម​ ទូក​ ទ្រាយ​ ប្រែក​ ធ្នង់​ ត្រពង​ រួម​ទាំងអស់​នេះ​ទៅ​ ទើប​ហៅ​ថា<< រទេះ>> បើ​ដូច្នេះ​ ឯង​យក​ប្រពន្ធ​គេ​ មិន​បាន​ទេ​ ឲ្យ​មក​គេ​វិញ >> ។ សុភាទន្សាយ​ឲ្យ​កម្លោះ​នោះ​ យក​ប្រពន្ធ​មក​វិញ។ សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា << បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ​ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ >> ។ បុរស​នោះ​ប្រាប់​ប្រពន្ធ​មក​វិញ​ ក៏​អរណាស់​ លើក​ដៃ​សំពះ​សុភាទន្សាយ​ថា << លោក​បង​កាត់​សេចក្ដី​នេះ​ ពេញ​ហៅ​ត្រង់​ហើយ​ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន >> ។ ប្រាជ្ញ​ឯង​ ឲ្យ​ក្រែង​ប្រាជ្ញ​គេ - See more at: http://neavea.com/reader.php?part=39#sthash.np0y2Hwv.dpuf

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ

មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា << យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? ។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ ។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា << នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន >> ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា << នេះ​ហៅ​អ្វី ? អ្នក ! ។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា << គេ​ហៅ​រទេះ។ មែន​ឬ​អ្នក ? ។ បុរស​នោះ​ថា << មែន >>។ << បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ>>។បុរស​នោះ​សួរ​ថា << អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង ? ។ កម្លោះ​នោះ​ថា << បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក​ បើ​ខ្ញុំ​ឈ្នះ << សុំ​តែ​ប្រពន្ធ​អ្នក >> ។ បុរស​នោះ​គិត​ថា​ ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី​ ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ ។ ទើប​កម្លោះ​ដែល​ឈរ​ សួរ​ទៅ​អ្នក​បររទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល, កម្លោះ​អ្នក​បររទេះ​ប្រាប់​ថា << នេះ​គេ​ហៅ​ចន្ទោល>>។ ចង្អុល​សួរ​ទៅ​នឹម​ថា << នេះ​គេ​ហៅ​នឹម >> ។ << នេះ​គេ​ហៅ​ទូក >> << នេះ​គេ​ហៅ​ទ្រាយ >> << នេះ​គេ​ហៅ​ប្រែក >> << នេះ​គេ​ហៅ​កង់ >> << នេះ​គេ​ហៅខ្នង​កង់ >> << នេះ​គេ​ហៅ​ត្រពង >> ដល់​ឆ្លើយ​រួច​សព្វគ្រប់​ កម្លោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា<< ឥឡូវ​ គេ​មិន​ហៅ​រទេះ​ទេ​ បើ​ដូច្នោះ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច ? បុរស​ជា​ប្ដី​នោះ​មិន​ព្រម, ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេៗ​ ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន ។ បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅ​ក្រមៗ​ ឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ, កម្លោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅ​ក្រមៗ​កាត់​សេចក្ដី​ថា << ត្រូវ​ចាញ់​គេ​ហើយ​ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ >> ។ បុរស​នោះ​ខឹង​ណាស់​ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន​ ដើរ​ផង​ យំ​ផង, ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយៗ​សួរ​ថា << ថ្វី​បាន​ជា​យំ​បង ? >> ៗ បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់ ។ សុភាទន្សាយ​ថា << បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ​ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន​ យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ >> ។ បុរស​នោះ​អរណាស់​ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភាទន្សាយៗ​ ស៊ី​ចេក​រួច​ហើយ​ ដើរ​ទៅ​ជាមួយ​បុរស​នោះ​ ទៅ​ដល់​សួរ​ចៅក្រម​ថា << លោក​កាត់​សេចក្ដី​គេ​នោះ​ តើ​ដូចម្ដេច​ខ្លះ ? >>។ ចៅក្រម​ ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ សុភាទន្សាយ​ថា << លោក​កាត់​សេចក្ដី​ មិន​ទាន់​អស់​ទេ​ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង​ ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង >> ។ សុភាទន្សាយ​ សួរ​កម្លោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា << អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ដាក់​ប្រពន្ធ >> ។ សុភាទន្សាយ​ សួរ​ទៅ​កម្លោះ​នោះ​ថា << ត្រង់​ណា​ហៅ​ប្រពន្ធ >> បើ​អ្នក​រក​ឃើញ​យក​ទៅ​ចុះ​ បើ​រក​មិន​ឃើញ​ទេ​ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ>>។ កម្លោះ​នោះ​ចាប់​ត្រង់​ដៃ, សុភាទន្សាយ​ប្រាប់​ថា​ នេះ​គេ​ហៅ​ថា​ដៃ​ទេ​ វា​ចាប់​ត្រង់​ជើង​ សុភា​ទន្សាយ​ថា << នេះ​គេ​ហៅ​ជើង​ទេ >> វា​ចាប់​ត្រង់​នេះ​ ក៏​ថា​មិនមែន, ត្រង់​នោះ​ក៏​ថា​មិនមែន​ ហើយ​ប្រាប់​ថា​រួម​ទាំងអស់​គ្នា​ទៅ​ទើប​គេ​ហៅ << ប្រពន្ធ >> ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល​ នឹម​ ទូក​ ទ្រាយ​ ប្រែក​ ធ្នង់​ ត្រពង​ រួម​ទាំងអស់​នេះ​ទៅ​ ទើប​ហៅ​ថា<< រទេះ>> បើ​ដូច្នេះ​ ឯង​យក​ប្រពន្ធ​គេ​ មិន​បាន​ទេ​ ឲ្យ​មក​គេ​វិញ >> ។ សុភាទន្សាយ​ឲ្យ​កម្លោះ​នោះ​ យក​ប្រពន្ធ​មក​វិញ។ សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា << បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ​ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ >> ។ បុរស​នោះ​ប្រាប់​ប្រពន្ធ​មក​វិញ​ ក៏​អរណាស់​ លើក​ដៃ​សំពះ​សុភាទន្សាយ​ថា << លោក​បង​កាត់​សេចក្ដី​នេះ​ ពេញ​ហៅ​ត្រង់​ហើយ​ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន >> ។ ប្រាជ្ញ​ឯង​ ឲ្យ​ក្រែង​ប្រាជ្ញ​គេ - See more at: http://neavea.com/reader.php?part=39#sthash.np0y2Hwv.dpuf

Tuesday, April 27, 2010

រឿង​បុរស​កុហក​បួន​នាក់


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១១០- ១១២
កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ , លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា << យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន >> បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា << ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ​ ឲ្យ​ចៅ​ស្ដាប់​បន្តិច >> ។ តា​ចាស់​ដូន​ចាស់​ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង​៤​នាក់​វិញ​ថា << ចៅ​អើយ​ ចៅ ! តាំង​ពី​ក្មេង​ដល់​ចំណាស់​ប៉ុណ្ណេះ​ហើយ​ តា​យាយ​គ្មាន​ចេះ​រឿង​ព្រេង​អ្វី​ទេ​ សូម​ចៅ​អញ្ជើញ​ទៅ​រក​សួរ​អ្នក​ឯ​ទៀត​ចុះ >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ថា << ឱ ! តា​យាយ​អើយ ! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿង​ព្រេង​នោះ​ តា​យាយ​ចង់​ស្ដាប់​ឬ​ទេ ? ។ << ឱ ! ចៅ​អើយ ! តា​យាយ​ ចង់​ស្ដាប់​ណាស់​តែ​រក​អ្នក​ណា​ចេះ​គ្មាន >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ដោយ​កិច្ចកល​ ប៉ង​នឹង​បោក​យក​ទ្រព្យ​សម្បត្តិ​ តា​ចាស់​ដូន​ចាស់​នោះ​ ឲ្យ​បាន​ដោយ​ងាយ​ថា << យើង​ខ្ញុំ​ទាំង​៤​នាក់​នេះ​ ចេះ​ខ្លះ​ដែរ​ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ​ គាត់​និទាន​ប្រាប់, តែ​រឿង​នេះ​ បើ​និយាយ​ទៅ​កាលណា​ តា​យាយ​ត្រូវ​តែ​ជឿ​​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន >> ។ តា​យាយ​ ក៏​ព្រម​ព្រៀង​ឲ្យ​បុរស​ទាំង​៤​នាក់​នោះ​ និយាយ ។

បុរស​ទី​១​ ចាប់​អធិប្បាយ​រឿង​កុហក​ជា​ដំបូង​ឡើង​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន​៣​ខែ​ ម្ដាយ​ខ្ញុំ​ គាត់​ចង់​ពិសា​ផ្លែ​ធុរេន​នៅ​មុខ​ផ្ទះ​ខ្ញុំ​ ដើម​វា​ មាន​កំពស់​ប្រហែល​៨​ព្យាម​ ហើយ​មាន​ផ្លែ​តែ​មួយ​ផង​ គាត់​មិន​ដឹង​ជា​គិត​ដូចម្ដេច​ នឹង​បាន​ផ្លែ​ឈើ​នោះ​មក​ពិសា ។ លុះ​ខ្ញុំ​បាន​ដឹង​ថា​ គាត់​ចង់​ពិសា​ផ្លែ​នោះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទៃ​គាត់​ តាម​ទ្វារ​មាស​ ទៅ​ឡើង​បេះ​ធុរេន​នោះ​ យក​មក​ជូន​គាត់​ពិសា, រួចស្រេច​ ខ្ញុំ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្ទៃ​គាត់​វិញ។
បុរស​ទី​២​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​ បាន​ចំនួន​៦​ខែ​ ឃើញ​គាត់​នឿយ​ហត់​លំបាក​នឹង​ធ្វើ​ស្រែ​ ចម្ការ​ ច្បារ​ដំណាំ​ពេក​ ខ្ញុំ​ចេញ​ពី​ផ្ទៃ​គាត់​មក​ នៅ​ធ្វើ​ស្រែ​ចម្ការ​ ឃ្វាល​គោ​ ក្របី​ ដណ្ដាំ​បាយ​ ដង​ទឹក​ ជំនួស​គាត់​ ពី​ព្រឹក​ព្រហាម​ លុះ​ល្ងាច, អស់​ការ​ធ្វើ​ ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ជា​រៀង​រាប​ដរាប​មក ។
បុរស​ទី​៣​ថា << ឱ ! តា​យាយ​អើយ​ ខ្លួន​ខ្ញុំ​នេះ​ ជា​ទេវបុត្រ​ ច្បុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្ដាយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ចេញ​ពី​ទ្វារមាស​វេលា​ណា បាន​មក​បម្រើ​គាត់​សព្វ​សារពើ, ដល់​ខ្ញុំ​ចាស់​ទៀប​នឹង​ស្លាប់​ ខ្ញុំ​សុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ដើម្បី​កុំ​ឲ្យ​ស្លាប់​ទាន់​ ហើយ​កើត​ម្ដង​ទៀត​ឲ្យ​បាន​ជា​ក្មេង​ឡើង​វិញ ។
បុរស​ទី​៤​ថា : ខ្លួន​ខ្ញុំ​នេះ​ ចាប់​តាំង​តែ​ចេញ​ពី​ផ្ទៃ​ម្ដាយ​កាលណា​មក​ ខ្ញុំ​រក្សា​សីល​៥​ ចាំ​សីល​៨​ តែ​សីល​ខ្ញុំ​ ប្លែក​ពី​សីល​អ្នក​ទាំងពួង​ចង់​ផឹក​ស្រា​ ជក់​អាភៀន​ សម្លាប់​ជីវិត​គេ​ក៏​បាន , លុះ​ដល់​ខ្ញុំ​ស្លាប់​ទៅៗ​ កើត​ជា​ទេវតា​ សោយ​រាជ​សម្បត្តិ​នៅ​ឋាន​សួគ៌ ។
បុរស​ទាំង​៤​នាក់​នោះ​ និយាយ​ភូត​កុហក​គ្រប់​គ្នា​ហើយ​ ក៏​សួរ​ទៅ​តា​ចាស់​ដូន​ចាស់​ថា << រឿង​ខ្ញុំ​និទាន​ជំរាប​ទាំង​ប៉ុន្មាន​នេះ​ តើ​តា​យាយ​ជឿ​ឬ​ទេ ? តា​យាយ​ ឆ្លើយ​តប​ទៅ​វិញ​ថា << រឿង​នោះ​តា​យាយ​ ជឿ​ហើយ​ចៅ ! >> ។ តែ​ក្នុង​គំនិត​គាត់​ទាំង​២​នាក់​ គិត​ឃើញ​ជា​ស្រេច​ថា << បុរស​ទាំង​នេះ​ សុទ្ធ​តែ​និយាយ​កុហក​ទាំង​អស់ >> ។
ដល់​បុរស​ទាំង​៤​នាក់​នោះ​ ទាល់​ប្រាជ្ញា​ ក៏​ឲ្យ​តា​នោះ​ និយាយ​រឿង​ប្រាប់​ម្ដង​វិញ, ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​តា​ចាស់​នោះ​ គាត់​បាន​សន្យា​ដូច​បុរស​ទាំង​៤​នាក់​នោះ​ដែរ , លុះ​ព្រម​ព្រៀង​ទាំង​អស់​គ្នា​ ទើប​តា​ចាស់​និយាយ ។
តា​ថា << ឱ ! ចៅ​អើយ ! កាល​តា​និយាយ​ មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន​ ៥ - ៦ ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​មាស​ ល្មម​នឹង​ចិញ្ចឹម​ចៅ​ទាំង​៤​នាក់​នេះ​បាន , តែ​នៅ​ឆ្នាំ​មួយ​មុន​នោះ​ កប្បាស​មិន​ផ្លែ​សោះ​ មិន​ដឹង​ជា​រឿង​ហេតុ​អ្វី, មាន​មួយ​ថ្ងៃ​ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ​ ឃើញ​ដើម​កប្បាស​១​ដើម​ ទំហំ​ប៉ុន​ដើម​ត្នោត​ មាន​ផ្លែ​មួយ​ធំ​ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ, ដល់​តា​និង​យាយ​នាំ​គ្នា​មក​មើល​ ឃើញ​មាន​គ្រាប់​៤​ ក្នុង​មួយ​គ្រាប់ៗ​ មាន​កុមារ​ម្នាក់ៗ​ គ្រប់​គ្រាប់​ទាំង​៤, តា​បាន​ឲ្យ​យាយ​គាត់​បំបៅ​បី​បាច់​រក្សា, លុះ​ដល់​កុមារ​ទាំង​៤​នាក់​នោះ​ ធំ​វេលា​ណា​ឡើង​ ក៏​នាំ​គ្នា​រត់​ចោល​តា​និង​យាយ​ទាំង​អស់​ទៅ, ឥឡូវ​តា​ឃើញ​ចៅ​ទាំង​៤​នាក់​នេះ​ត្រឡប់​មក​វិញ​ហើយ ។
បុរស​ទាំង​៤​នាក់​ ភិត​ភ័យ​ខ្លាំង​ ក៏​នាម​គ្នា​ឆ្លើយ​ប្រកែក​ទៅ​នឹង​តា​ចាស់​ ដូន​ចាស់​វិញ​ថា << មិន​មែន​ទេ >> ។ តា​យាយ​សួរ​ទៅ​វិញ​ថា << ហេតុ​អ្វី​ ក៏​ចៅ​ថា​មិន​មែន, បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាង​នេះ​ នុះ​ឃើញ​ថា​​ទាស់​ខុស​នឹង​កិច្ច​សន្យា​ហើយ, បើ​ដូច្នេះ​ ត្រូវ​ចៅ​ទាំង​៤​នាក់​ មក​នៅ​បម្រើ​តា​ ទើប​ត្រូវ​នឹង​ពាក្យ​សន្យា >> ។ បុរស​កុហក​៤​នាក់​ គេច​មិន​រួច​ ក៏​នៅ​បម្រើ​តា​យាយ​ទៅ ។
ពាក្យ​ច្រើន​ភូត​ ចាញ់​អាត្មា

Monday, April 26, 2010

រឿង​ស្រី​ក្ងោក​មាស

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១២៤- ១២៥

ដើម​ឡើយ​ មាន​បុរស​ម្នាក់​ បាន​ទទួល​បណ្ដាំ​ពី​ឪពុក​ប្រដៅ​ថា << កុំ​ឲ្យ​យក​ស្រី​ប្ដី​លែង​ និង​ស្រី​សៅកែ​ ឲ្យ​យក​តែ​ស្រី​ក្រមុំ​ព្រហ្មចារី​ និង​ម៉េម៉ាយ​ប្ដី​ស្លាប់​ ធ្វើ​ជា​ប្រពន្ធ​ ហើយ​កុំ​ឲ្យ​យក​ក្លើ​នឹង​មនុស្ស​គ្រូ​បី >> តែ​មិន​ដូច្នោះ​ បុរស​នោះ​ បាន​យក​ស្រី​ទាំង​៤​នាក់​នោះ​ជា​ប្រពន្ធ​ និង​យក​មនុស្ស​គ្រូ​បី​ជា​ក្លើ​ ដើម្បី​ល្បង​មើល ។ ថ្ងៃ​មួយ​ក្ងោក​មាស​របស់​ស្ដេច​ ទៅ​រក​ស៊ី​ក្បែរ​ផ្ទះ​បុរស​នោះ, ឯ​បុរស​នោះ​ គិត​ពិសោធ​មើល​ ក៏​ចាប់​ក្ងោក​មាស​នោះ​យក​ទៅ​ចង​លាក់​ទុក​ក្នុង​ទ្រុង​មួយ​ ហើយ​ដាក់​ចំណី​ បាយ​ទឹក​ឲ្យ​ក្ងោក​នោះ​ស៊ី​ រួច​បុរស​យក​មាន់​គក​មួយ​ ទៅ​កាប់​ធ្វើ​ម្ហូប​បរិភោគ ។ ពេល​នឹង​បរិភោគ​បុរស​នោះ​ បាន​យក​ប្រពន្ធ​ទាំង​៤​និង​ក្លើ​នោះ​ ទៅ​បរិភោគ​ទាំង​អស់​គ្នា ។ កំពុង​តែ​ស៊ី​ក៏​ធ្វើ​ជា​ភ្លក្ស​ និយាយ​ថា << នេះ​គឺ​ជា​សាច់​ក្ងោក​មាស​ស្ដេច​ ដែល​អញ​បាន​លួច​កាប់​យក​មក​ស៊ី >> ។

ក្រោយ​ពី​នោះ​ ដល់​បាត់​ក្ងោក​ ស្ដេច​ឲ្យ​ប៉ាវ​គង​សួរ​រក​ក្ងោក​នោះ ។ នាង​ស្រី​ប្ដី​លែង​ និង​នាង​ស្រី​សៅកែ​ និយាយ​ទៅ​នាង​ក្រមុំ​ និង​នាង​ប្ដី​ស្លាប់​ថា << ឲ្យ​ប្រាប់​ទៅ​ពួក​អ្នក​ប៉ាវ​គង​ទៅ ! ថា​ប្ដី​យើង​បាន​លួច​កាប់​ក្ងោក​របស់​ស្ដេច​ យក​សាច់​ស៊ី​កុំ​ទៅ​ជួយ​បិទ​បាំង​ថ្វី​ ឲ្យ​វា​ងាប់​ទៅ​ចុះ​ ព្រោះ​វា​ធ្វើ​បាប​វាយ​ជេ​ យើង​ខ្លាំង​ណាស់ >> ។ ស្រី​ក្រមុំ​និង​ស្រី​ប្ដី​ស្លាប់​អង្វរ​ទៅ​វិញ​ថា << កុំ​ធ្វើ​បាប​ប្ដី​របស់​ខ្លួន​ដូច្នោះ​មិន​ល្អ​ទេ >> ។ ស្រី​សៅកែ​ និង​ស្រី​ប្ដី​លែង​ថា << ទោះ​បី​នាង​មិន​ចូល​គំនិត​នឹង​យើង​ ក៏​គង់​តែ​យើង​ប្ដឹង​អ្នក​ប៉ាវ​គង​ដែរ >> ថា​ហើយ​ ស្រី​ទាំង​ពីរ​នាក់​នោះ​ ប្ដឹង​អ្នក​ប៉ាវ​គង​តាម​ដំណើរ​ថា << ប្ដី​ខ្លួន​លួច​ក្ងោក​ស្ដេច​យក​សាច់​ស៊ី >> គ្រាន់​តែ​ឮ​ដូច្នោះ​ភ្លាម​ ពួក​អ្នក​ប៉ាវ​គង​ ក៏​ចាប់​យក​បុរស​នោះ​ ទៅ​ថ្វាយ​ស្ដេច​ទូល​តាម​ដំណើរ ។ ស្ដេច​ឲ្យ​នាំ​បុរស​នោះ​ទៅ​ពិឃាត , លុះ​ទៅ​ដល់​មាត់​ទ្វារ​វាំង​ អ្នក​ចាំ​ទ្វារ​ ពុំ​ព្រម​បើក​ទ្វារ​ សួរ​ថា << អ្នក​នាំ​មនុស្ស​ទោស​នេះ​មក​ តើ​បាន​ជំនុំ​ជម្រះ​ហើយ​ឬ​នៅ?>> ហើយ​បាន​និយាយ​រឿង​មួយ​ប្រាប់​អ្នក​នាំ​ថា :

កាល​នោះ​មាន​សេដ្ឋី​ម្នាក់​ ចិញ្ចឹម​ឆ្កែ​៥០០, វេលា​យប់​មួយ​ មាន​ចោរ​ជីក​ឧម្មង្គ​ចូល​ទៅ​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​នោះ​ ហើយ​ចូល​ទៅ​ក្នុង​ឧម្មង្គ​វិញ​ទាំង​អស់ ។ ឆ្កែ​របស់​សេដ្ឋី​ដឹង​ បាន​នាំ​គ្នា​វា​ទៅ​ខាំ​ចោរ​ក្នុង​ឧម្មង្គ​នោះ​ ស្លាប់​ទាំង​អស់ , លុះ​ព្រឹក​ឡើង​មហា​សេដ្ឋី​ ឃើញ​បាត់​ទ្រព្យ​សម្បត្តិ​ដូច្នោះ​ នឹក​ខឹង​នឹង​ឆ្កែ​ថា << មិន​ចេះ​ចាំ​របស់​ ក៏​ឲ្យ​គេ​សម្លាប់​ឆ្កែ​ទាំង​នោះ​ចោល​អស់​ទៅ , លុះ​ធំ​អសោច៍​ខ្មោច​ចោរ​ឡើង​ទៅ​មើល​ឃើញ​ចោរ​ស្លាប់​ដូច្នោះ​ ក៏​នឹក​ស្ដាយ​ក្រោយ ។

កំពុង​តែ​និយាយ​ ឃើញ​បម្រើ​ស្ដេច​ ដែល​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ទៅ​យក​បុរស​នោះ​មក​ជំនុំ​ជម្រះ​វិញ ។ លុះ​ស្ដេច​សួរ​បុរស​នោះ​ ពី​រឿង​សម្លាប់​ក្ងោក​មាស, បុរស​ក្រាប​ទូល​ថា​ក្ងោក​នោះ​ ទូល​ព្រះ​បង្គំ​ មិន​បាន​សម្លាប់​ទេ​ គឺ​បាន​ទុក​នៅ​កន្លែង​មួយ​ដោយ​ល្អ , ឯ​សត្វ​ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សម្លាប់​ ទទួល​ព្រះ​រាជ​ទាន​នោះ​ គឺ​មាន់​គក​ទេ >> ។ ស្ដេច​ទ្រង់​ឲ្យ​ទៅ​យក​ក្ងោក​នោះ​មក​វិញ​ ហើយ​ទ្រង់​លើក​លែង​ទោស​បុរស​នោះ ។ ឯ​ស្រី​ទាំង​ពីរ​នាក់​ដែល​ប្ដឹង​ពី​បុរស​ជា​ប្ដី​ ជា​សម្លាញ់​ក្ងោក​នោះ​ ត្រូវ​បុរស​ជា​ប្ដី​នោះ​ លែង​ចោល​ទៅ។

ចង់​ដឹង​ផល​ពិត​ ត្រូវ​ពិនិត្យ​រក​ហេតុ

Sunday, April 25, 2010

រឿង​ពាក្យ​សុភាសិត​តម្លៃ​៣០​តម្លឹង

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​១៥ - ២២

កាល​ពី​ព្រេងនាយ​ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ, បុរស​ជា​ប្ដី​ បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់​ យក​ប្រាក់​៣០​តម្លឹង​ លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន​ ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា​ ទី​ត្រង់​ណា​ មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ​ ក៏​ទៅ​រក​ត្រង់​នោះ​ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ​ គេ​សូត្រ​ឲ្យ​ស្ដាប់​​គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេចៗ​ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត, លុះ​ដើរ​ឆ្ងាយ​ទៅៗ​ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។ តា​ចាស់​សួរ​ថា << អ្នក​ឯង​ទៅ​ណា​ ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ​ ត្បិត​ឮ​គេ​ថា​នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​​បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក​ ក្រែង​តា​ចេះ​ដឹង​ ប្រដៅ​ចៅ​ផង >> ។ តា​ចាស់​ឆ្លើយ​ថា​ តា​មាន​របៀន​បីបទ​ តម្លៃ​៣០​ តម្លឹង​ បើ​ចៅ​ឯង​កាន់​ជាប់​ ចៅ​ឯង​មិន​ច្បុត​ទេ​ គង់​បាន​ដូច​ចិត្ត​ បើ​មាន​កិច្ច​ មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ​ ពូកែ​ណាស់ >> ។ បុរស​នោះ​ថា << តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត​ ខ្ញុំ​យក >> តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត, ដេក​យប់​កុំ​និយាយ​នឹង​ស្រី, ឃ្លាន​កុំ​អាល​ស៊ី >> ។ បុរស​នោះ​ស្ដាប់​បាន​ ចូល​ចិត្ត​ ក៏​ប្រគល់​ប្រាក់​៣០​តម្លឹង​ឲ្យ​តា​នោះ​ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ ចាំ​ស្ទាត់​រត់​មាត់ ។ ឯ​តា​ចាស់​ប្រាប់​ថា << បើ​ចៅ​កាន់​របៀន​ទាំង​បី​បទ​នេះ​បាន​ តា​ឲ្យ​ទទេ​ មិន​យក​តម្លៃ​ទេ >> ។ ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ ។ បុរស​នោះ​ក៏​លា​តា​ចាស់​នោះ​ វិល​មក​ស្រុក​វិញ ។ មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ចប់​តែ​តាម​ផ្លូវ​មក​ ពុំ​មាន​ភ្លេច ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​មក​ ជួប​នឹង​សំពៅ​ឈ្មួញ​មួយ , បុរស​នោះ​ ក៏​សុំ​សំពៅ​គេ​ដោយ​សារ​មក​ស្រុក, ដង្ខៅ​សំពៅ​ក៏​ព្រម​ឲ្យ​ដោយ​សារ ។ បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ហើយ​ចេះ​តែ​ជួយ​លាង​ ជួយ​ថែ​ទាំ​ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន ។ នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​តាំង​តែ​ពី​ចុះ​ដោយ​សារ​សំពៅ​អញ​កាលណា​មក​ គាត់​ចេះ​តែ​ធ្វើ​ការ​ដូចជា​របស់​គាត់​ នឹក​ហើយ​ ក៏​ស្រឡាញ់​បុរស​នោះ​ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក ។ ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ​ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ​ ដូចជា​កូន​ឈ្នួល​ឯ​ទៀតៗ ។ នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា << បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នេះ​រកស៊ី​តទៅ >> ។ លុះ​បើក​សំពៅ​មក​ដល់​កណ្ដាល​ស្រុក​មួយ​ បាន​ឃើញ​វិហារ​មួយ​គេ​រៀប​អណ្ដាប់​ពោរពាស​ សុទ្ធ​តែ​ចំណី​ ស្រា​ បាយ​ ទុក​ឲ្យ​យក្ស​វា​មក​ស៊ី ។

អ្នក​សំពៅ​ កាល​ដល់​វិហារ​នោះ​ ក៏​ចត​សំពៅ​ ឡើង​ទៅ​លេង​ឃើញ​ចំណី​ទាំងនោះ​ ពុំ​មាន​មនុស្ស​ ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង​ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា​ ខាន​តែ​បុរស​ម្នាក់​នោះ​ មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត​ ដេក​យប់​កុំ​និយាយ​នឹង​ស្រី​ ឃ្លាន​កុំ​អាល​ស៊ី >> ដោយ​គិត​ថា << ចំណី​អស់​នេះ​មាន​ហេតុ​អ្វី​មួយ​ហើយ​ បាន​ជា​គេ​រៀប​ទុក​នៅ​ទីនេះ, ឥឡូវ​អ្នក​ទាំងអស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​មិន​ខាន >> គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី​ ឡើង​ទៅ​ពួន​លើ​ធ្នឹម​វិហារ​ ដោយ​ស្ងៀមស្ងាត់​ចាំ​លប​មើល ។

លុះ​ដល់​ថ្ងៃត្រង់​ យក្ស​មក​ដល់​ ហើយ​វា​ខឹង​ខ្លាំង​ណាស់​ថា << នរណា​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ >> ។ យក្ស​ថា​ហើយ​ ក៏​ប្រើ​ដំបង​មក​វាយ​មនុស្ស​ដែល​ដេក​នោះ​ ស្លាប់​ទាំងអស់​ទៅ ។ ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ​ ហើយ​យក្ស​កាច់​ក​អស់​មនុស្ស​ទាំងនោះ​ស៊ី​អស់​ទៅ​ រួច​ក្រឡេក​មើល​ក្រឡេម​ក្រឡឺម ។ បុរស​ឃើញ​យក្ស​ភ័យ​ណាស់​ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ ហើយ​គិត​ថា << បើ​អញ​ស្រែក​ ក្រែង​យក្ស​ឮ​វា​ឃើញ​អញ​ ហើយ​វា​នឹង​ស៊ី​អញ​ទៀត >> គិត​ហើយ​ក៏​លោត​ចុះ​ពី​លើ​ធ្នឹម​ ស្រែក​វ៉ាស​ឡើង​ យក្ស​ភ័យ​ណាស់​ រត់​ចោល​ដំបង​ទៅ​បាត់​ទៅ ។ បុរស​នោះ​ បាន​ដំបង​វាយ​ឯង​ហើយ​ ក៏​ដើរ​ត្រឡប់​មក​ស្រុក​ ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង ។

លុះ​ដើរ​មក​ដល់​ផ្ទះ​ ក្នុង​វេលា​យប់​ បុរស​នោះ​ យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្ដើរ​យក​ថ្ម​សង្កត់​លើ​ ហើយ​ឡើង​ទៅ​ដេក​លើ​ផ្ទះ ។ ប្រពន្ធ​សួរ​ ប្រាប់​ប្រពន្ធ​ថា​ ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់ >> ។
ក្រោយ​ពេល​ដែល​ប្ដី​ទៅ​ ប្រពន្ធ​នៅ​ផ្ទះ​ វា​មាន​សាហាយ, វេលា​យប់​ដែល​ប្ដី​មក​ដល់​ផ្ទះ​ សាហាយ​វា​សួរ​ថា​ ដំណើរ​ដូចម្ដេច​ ក៏​ចាំ​ព្រឹក​ទើប​និយាយ​បាន ? ។ ប្រពន្ធ​ចេះ​តែ​ឱប​អង្អែល ។ ទ្រាំ​ពុំ​បាន​ប្ដី​ក៏​និយាយ​ប្រាប់​ថា : អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ ត្បិត​គ្រូ​ផ្ដាំ​ថា << ដេក​យប់​កុំ​និយាយ​នឹង​ស្រី >> ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្ដាំ​គ្រូ​ហើយ ។ ប្រពន្ធ​សួរថា << អ្នក​ទៅ​បាន​របស់​អ្វី​មក​ខ្លះ >> ។ ប្ដី​ថា << បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ​ ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ដំបង​វាយ​ឯង​ទៀត >> ។ ប្រពន្ធ​សួរថា<< ដំបង​នោះ​ទុក​នៅ​ឯណា​ ឥឡូវ​នេះ ? ខ្ញុំ​ចង់​ឃើញ >> ។ ប្ដី​ថា << អញ​ទុក​ក្រោម​ជណ្ដើរ​ យក​ថ្ម​គ្រប >> ថា​ហើយ​ក៏​ដេក​លក់​ទៅ ។សាហាយ​ លប​ស្ដាប់​ឮ​ហើយ​ ក៏​ទៅ​ក្រោម​ជណ្ដើរ​ រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ។
លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ ឡើង​បុរស​នោះ​ រឭក​ពី​ដេក​ ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ក៏​ប្រាប់​ប្រពន្ធ​ថា << អញ​ប្រាប់​មិន​ជឿ​​ អញ​ថា​ ខុស​គ្រូ​ហើយ​​ ឯង​ចេះ​តែ​លួង​អញ​ ទាល់​តែ​អញ​ប្រាប់​ ឥឡូវ​នេះ​ មនុស្ស​ឮ​ វា​លួច​យក​ដំបង​បាត់​ហើយ >> ។ ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​សាហាយ​លួច​ ក៏​មិន​ស្ដី​ ដណ្ដាំ​បាយ​ឲ្យ​ប្ដី​ស៊ីៗ​រួច​ហើយ​ បុរស​នោះ​ក៏​យក​ខ្សែ​មក​ចង​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ​ នាំ​ទៅ​ប្ដឹង​មេ​ស្រុក​ ឲ្យ​ជំនុំ​ជម្រះ​រក​ចោរ​ឲ្យ ។ មេ​ស្រុក​ ពុំ​ដឹង​បើ​ជំនុំ​ជម្រះ​ដូចម្ដេច​ ពីព្រោះ​ថ្ម​មិន​ចេះ​ស្ដី​ គេ​ជេរ​ថា << អា​កំព្រើល ! តាំង​ពី​ដូនតា​មក​ នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង >> គេ​គម្រាម​ហើយ​គេ​ដេញ​ចេញ​ទៅ ។ បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្ដឹង​ តាំង​តែ​ពី​មេ​ស្រុក​ ដល់​ទៅ​លោក​យមរាជ​ អ្នក​រាជការ​គ្រប់​ក្រសួង​ គេ​ចេះ​តែ​ដេញ​ចេញ​ គេ​ថា​ មនុស្ស​ឆ្កួត​ គេ​មិន​ឲ្យ​ចូល ។ បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​សួរ​សព្វ​គ្រប់​ហើយ​​ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​នាម៉ឺន​ថា << មែន​បាន​គេ​ថា, មាន​ប្រឡាយ​បាន​ទឹក​វា​ហូរ, មាន​សម្រាម​បាន​ឆ្កែ​វា​ជុះ, អស់​នាម៉ឺន​កុំ​ថា​វា​ឆ្កួត​​សេចក្ដី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា​ ស្ដេច​មាន​បន្ទូល​ប្រាប់​បុរស​ថា << ណ្ហើយ​ វិល​ទៅ​ផ្ទះ​ចុះ​ កាលណា​អញ​ប្រើ​ឲ្យ​គេ​ទៅ​ហៅ​សឹម​មក >> ។ បុរស​នោះ​ទទួល​ថា << ព្រះ​ករុណា​ថ្លៃ​វិសេស >> ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​វិញ ។

ក្រោយ​ពេល​បុរស​នោះ​ទៅ​ ស្ដេច​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ប្រាប់​បណ្ដា​រាស្រ្ត​ថា​ ត្បិត​ស្ដេច​ឲ្យ​អស់​ព្រះស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់​ ឲ្យ​បណ្ដារាស្រ្ត​មើល​តាម​ចិត្ត​ពុំ​មាន​ឃាត់​ឃាំង​ឡើយ >> ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន ។ កាល​នោះ​​អស់​រាស្រ្ត​សឹង​តែ​ចូល​ទៅ​មើល​គ្រប់គ្នា ។ ស្ដេច​ទ្រង់​យាង​ចូល​ទៅ​ ក្នុង​ព្រះ​រាជដំណាក់​ ជ្រើស​រើស​ប្រេង​ក្រអូប​យ៉ាង​ឯក​មួយ​ដប​ដែល​សម្រាប់​តែ​ស្ដេច​ អស់​រាស្រ្ត​និង​នាម៉ឺន​ ពុំ​ដែល​មាន​ ទ្រង់​ប្រើ​អាមាត្យ​ម្នាក់​ យក​ទៅ​ឲ្យ​បុរស​នោះ​ ហើយ​ប្រាប់​ថា << ស្ដេច​ទ្រង់​ព្រះ​រាជទាន​ឲ្យ​អ្នក​ឯង​ និង​ប្រពន្ធ​អ្នក​ឯង​លាប , ប៉ុន្តែ​ឲ្យ​អ្នក​ឯងនៅ​ផ្ទះ​ កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​ទៅ​មើល​បាន​ហើយ>> ។ អាមាត្យ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ​ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ។ បុរស​នោះ​បាន​ប្រេង​ ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា << ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​ ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក​​ ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់​យើង​ ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ , តែ​ឥឡូវ​នេះ​អញ​ឈឺ​ក្បាល​ ឯង​យក​ទៅ​លាប​ ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ ។ ឯ​ប្រពន្ធ​ឮ​ប្ដី​បើក​ឲ្យ​ទៅ​ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​​អរពន់ពេក​ ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ​ចាប់​ ក៏​យក​ប្រេង​ទៅ​ឲ្យ​សាហាយ​លាប​ផង​ ហើយ​បណ្ដើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា​ លុះ​បន្តិច​ទៅ​ស្ដេច​ទ្រង់​ធុំ​ក្រអូប​ប្រេង​នោះ​ ទ្រង់​ខ្សឹប​ប្រាប់​នាម៉ឺន​ម្នាក់ << ចូរ​អ្នក​ទៅ​ហិត​ក្លិន​អស់​បណ្ដារាស្រ្ត​ ដែល​មើល​ល្ខោន​ទាំង​ប៉ុន្មាន​ បើ​ធុំ​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះ​ ប៉ុន្មាន​នាក់​ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់ >>។

នាម៉ឺន​នោះ​ ក្រាប​ថ្វាយ​បង្គំ​ហើយ​ ទៅ​ហិត​មនុស្ស​ឯ​ទៀត​ មិន​ធុំ​សោះ​ ធុំ​តែ​ប្រុស​ម្នាក់​ ស្រី​ម្នាក់​ ដែល​ឈរ​ទន្ទឹម​គ្នា​ លាប​ប្រេង​ក្រអូប​ទាំងពីរ​នាក់​នោះ​ ក៏​នាំ​ទាំង​ប្រុស​ទាំង​ស្រី​ យក​ទៅ​ថ្វាយ​ស្ដេចៗ​ឲ្យ​លែង​រាំ​ទៅ​ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី​ មក​ដល់​ហើយ​ទ្រង់​សួរថា << នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែន​ឬ ? បុរស​នោះ​ក្រាប​ទូល​ថា <<មែន>>។ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ ទៅ​ប្រុស​សាហាយ​នោះ​ថា​ ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នេះ​មែន​ឬ? ។ សាហាយ​នោះ​ក្រាប​បង្គំទូល​ថា << លួច​មែន >> ។ ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក​ ឲ្យ​យក​សាហាយ​ទាំង​ប្រុស​ស្រី​នោះ​ ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស ។ បុរស​ជា​ម្ចាស់​ដំបង​ក្រាប​ថ្វាយ​បង្គំ​សូម​ទោស​ ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះ​សម្បែង​ ទាំង​ប្រពន្ធ​ឲ្យ​ទៅ​សាហាយ​នោះ​ ទាំងអស់​ដោយ​ពុំ​មាន​ខឹង​អ្វី​ឡើយ ។ ប្រុស​សាហាយ​នោះ​អរណាស់​សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ ។

ឯ​បុរស​ម្ចាស់​ដំបង​ ថ្វាយ​ដំបង​ទៅ​ស្ដេច​ ហើយ​ក្រាប​លា​ទៅ​ទៀត​ស្ដេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា << ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់​ ទ្រង់​ព្រះរាជានុញ្ញាត​ឲ្យ​បើក​ឃ្លាំង​មាស - ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត ។ បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ​​ ឃើញ​កាំបិត​បន្ទោះ​មួយ​ចាស់​នៅ​ក្រោម​ឃ្លាំង​ ក៏​យក​កាំបិត​នោះ​និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​ចាយ​តាម​ផ្លូវ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្ដេច​ ដើរ​ចេញ​ទៅ​ទៀត ។ ស្ដេច​ពុំ​មាន​ព្រះ​បន្ទូល​អ្វី​ទេ , តែ​អស់​នាហ្មឺន​ គេ​ត្មះតិះដៀល​បុរស​នោះ​ ថា​ជា​មនុស្ស​ឆោត​ ប្រាក់​មាស​មិន​យក​ទៅ​យក​ឯ​កាំបិត​ច្រែះស៊ី ។
បុរស​នោះ​ ក៏​ដើរ​ចេញ​អំពី​នគរ​នោះ​ បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ជួន​ជា​ថ្ងៃ​នោះ​ ស្ដេច​នគរ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា << ព្រឹក​ស្អែក​ ទ្រង់​នឹង​ទៅ​ក្រសាល​ព្រៃ​ ឲ្យ​មហាសេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អល្អះ​ ឲ្យ​ឆ្លាក់​ក្បាច់​លាបលន​ឲ្យ​ហើយ​ ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ​ បើ​ធ្វើ​ពុំ​ទាន់​ នឹង​យក​ទោស​ដល់​ជីវិត ។ រី​ឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់​ ហើយ​ពុំ​ធ្វើ​រទេះ​ បែរ​ជា​ធ្វើ​មឈូស​ទៅ​វិញ ។

ថ្ងៃ​នោះ​ ជួន​ជា​បុរស​នោះ​ ដើរ​ទៅ​ឃើញ​សេដ្ឋី​នោះ​ កំពុង​តែ​ធ្វើ​បុណ្យ​ក៏​សួរ​ថា << ចុះ​លោក​មាន​ការ​អ្វី​ បាន​ជា​ធ្វើ​បុណ្យ​មាន​ក្ដារ​មឈូស​ផង​ដូច្នោះ ? >> ។ គេ​ប្រាប់​ថា <<ស្ដេច​ឲ្យ​ធ្វើ​រទេះ​មួយ​ លាបលន​យ៉ាង​ល្អ​ ឲ្យ​ទាន់​ព្រឹក​នេះ​ ស្ដេច​ក្រសាល​ព្រៃ​ បើ​ធ្វើ​ពុំ​ទាន់​ស្ដេច​នឹង​យក​ទោស​ដល់​ជីវិត,ឥឡូវ​នេះ​មហាសេដ្ឋី​ធ្វើ​ពុំ​ទាន់​ដឹង​ខ្លួន​ថា​ស្លាប់​ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ>>។

បុរស​នោះ​ឆ្លើយ​ថា​ << ក្រអី​ប៉ុណ្ណឹង​ ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗ​ ទាន់​ព្រឹក​នេះ>> មហាសេដ្ឋី​បាន​ឮ​ដូច្នោះ​អរណាស់​ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត​រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ ។ បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត​១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះ​ បាន​រួច​ស្រេច​ក្នុង​យប់​នោះ​ ហើយ​លាបលន​យ៉ាង​ល្អ​ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​ទត​ឃើញ​​ទ្រង់​ឲ្យ​រៀប​ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ​ ក៏​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់​ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន​ មាន​តែ​កូន​ក្រមុំ​១​ ល្មម​ឲ្យ​មាន​ប្ដី​ ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ << គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ​ ពេល​ផ្សំ​ដំណេក​ បុរស​នោះ​ គិត​ល្បង​ចិត្ត​ប្រពន្ធ​ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ​ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​កំអួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ​ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា<< លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក​ ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ​ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ>>។ មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ​ក៏​ឃាត់​ថា << កូន​ដេក​ទៅ​ កុំ​និយាយ​ ត្បិត​ប្ដី​កំពុង​ស្រវឹង​​ ហើយ​គេ​មាន​គុណ​ផង >> ឃាត់​ដូចម្ដេច​ ក៏​កូន​ស្រី​មិន​ស្ដាប់​ហើយ​វា​ចេះ​តែ​រអ៊ូ​ថា​ <<បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន​ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​បាន​ទេ>>។

លុះ​ព្រឹក​ឡើង​ បុរស​នោះ​រលឹក​ពី​ដេក​ ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ​ ប្រាប់​ថា << មិន​ព្រម​យក​ទេ >> ហើយ​ថា​ មិន​បាន​ពាល់​ដៃ​ជើង​ឡើយ ។ មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា​ ក៏​បុរស​នោះ​ពុំ​ព្រម​នៅ​ ពុំ​ព្រម​យក​ ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត ។ លុះ​ស្ដេច​យាង​មក​ពី​ព្រៃ​ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់​ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត​ ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ។
បុរស​នោះ​ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ​ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន​ ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់ ។ ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់​ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះស្លាប់​អស់​ជា​ច្រើន។
នៅ​ថ្ងៃ​ដែល​បុរស​នោះ​ ទៅ​ដល់​ជួន​ត្រូវ​លើ​វេន​ចៅហ៊្វា​ ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ ចៅហ៊្វា​នោះ​ក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ ។ បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា << លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន​ ហើយ​ហេតុ​ដូចម្ដេច​ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ដូច្នេះ>>។ គេ​ប្រាប់​ថា​លោក​ លោក​ត្រូវ​ទៅ​ដេក​វេន​ ថ្វាយ​ស្ដេច​កាប់ក្នុង​ពេល​ល្ងាច​នេះ​ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់ >> ។ បុរស​នោះ​ថា<< ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ​ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស>>។គេ​ឮ​ដូច្នោះ​ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ​ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី ។ រួច​ហើយ​សួរ​ថា << បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក>>។ បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់​ យក​មក​ពាក់​ រួច​ហើយ​ ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់ ។ លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង​ បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច, ពេល​យប់​ជ្រៅ​ស្ងាត់​ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះខ័ន​ យាង​ចូល​មក​និង​កាប់​បុរស​នោះ​ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត​ ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់​ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង ។ ហើយ​សួរ​ថា << នរណា​ចូល​មក​ទាំង​យប់​នោះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ>>ថា​ហើយ​ ក៏​ចាក់​បង្ខុស​ទៀត ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា << ទេ​​អញ​ទេ>>។ <<នរណា​អញ​ទេៗ!។<<អញ​ជា​ស្ដេច>> ។ << ស្ដេច​អី​មក​ពេល​នេះ, អញ​មិន​ដឹង​ទេ ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ>>។
សួរ​ដេញ​ដោល​ដូច្នោះ​ហើយ​ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច​សូមទោស ។ ស្ដេច​ត្រាស់​សួរថា<<ចៅ​នៅ​ឯណា!។ បុរស​នោះ​ថា << ខ្ញុំ​នៅ​ផ្ទះ​ចៅ​ហ៊្វា >> ។ ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ញញឹម​ហើយ​ទ្រង់​ចូល​ទៅ​វិញ។

លុះ​ព្រឹក​ឡើង​ បុរស​នោះ​ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា ។ អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា<<បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់​ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ >> ។ ចៅហ៊្វា​សួរ​ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​ សព្វ​គ្រប់​ហើយ​ជម្រាប​ថែម​ថា<<ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ​ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ​ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម​ តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់​ ទើប​ស្ដេច​ទ្រង់​កាប់​ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ហើយ​ យើង​ដេក​លក់​នោះ​ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?>> ។ បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់​ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា។

ចៅហ៊្វា​នោះ​ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ​ ដោយ​គិត​ថា​ បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់។

លុះ​ព្រឹក​ឡើង​ ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​ បន្ទាប់​ពី​ព្រះអង្គ។
វេលា​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ​ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង​ មាន​តែ​ព្រះរាជធីតា​មួយ​អង្គ​ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា​ និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ។

ពាក្យ​ពិត​ មិន​ចេះ​ស្លាប់

រឿង​ពស់​កេងកង

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​៧-១០

កាល​ពីព្រេងនាយ​ នៅ​លើ​ដី​យើង​នេះ​ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស​ និង​ពស់​ឥត​មាន​ពិស​ទេ​ មាន​តែ​ពស់​កេងកង ។

មាន​និទាន​ថា : កាល​ដើម​ឡើយ​ មាន​មនុស្ស​២​នាក់​ប្ដី​ប្រពន្ធ, ប្រពន្ធ​ឈ្មោះ​នាង​នី​មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង​អេត ។ ប្ដី​នោះ​ទៅ​ជួញ​អង្កាំ​ បាត់​ជា​យូរ​អង្វែង ។ ថ្ងៃ​មួយ​អស់​បងប្អូន​ជិត​ខាង​ គេ​បបួល​គ្នា​ទៅ​រក​ឧស ។ ឯ​នាង​នីឮ​គេ​ថា​បបួល​គ្នា​ក៏​ទៅ​ជាមួយ​នឹង​គេ​ដែរ​ យក​នាង​អេត​ជា​កូន​ទៅ​ផង​ លី​ដឹង​ចូល​ព្រៃ​បាន​ឃើញ​ឧស​មួយ​ធំ ។ នាង​នី​យក​ដឹង​ពុះ​ឧស​ លុះ​ពុះ​យូរ​បន្តិច​ទៅ​ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់ ។ នាង​នី​មើល​ទៅ​ឃើញ​ដឹង​និង​ពស់​កេងកង​ ក៏​និយាយ​នឹង​ពស់​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ ។ ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា << អើ ! បើ​នាង​ឯង​ដោយ​អញ​ ធ្វើ​ប្រពន្ធ​អញ​​ទើប​អញ​ឲ្យ​ដឹង​ បើ​នាង​ឯង​មិន​ដោយ​អញ​ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​ទេ​នោះ​ អញ​មិន​ឲ្យ​ដឹង​ទេ >> ។ នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ​ ហេតុ​តែ​ជា​ស្រី​ខូច​ ក៏​ទទួល​ព្រម​ថា​ អើ ! លែង​តែ​អ្នក​ឲ្យ​ដឹង​មក​ខ្ញុំ​ចុះ​ ចាំ​ល្ងាច​ សឹម​ខ្ញុំ​ឲ្យ​មេ​អេត​មក​ហៅ >> ។ ពស់​កេងកង​ឮ​នាង​នី​ថា​ដូច្នោះ​ក៏​ឲ្យ​ដឹង​មក ។ នាង​នី​ផ្ដាំ​ថា << ដល់​ល្ងាច​ សឹម​ឲ្យ​មេ​អេត​មក​ហៅ >> ហើយ​នាង​នី​ក៏​ទូល​ឧស​ទៅ​ផ្ទះ​ជា​មួយ​នឹង​នាង​អេត ។ លុះ​ដល់​ព្រលប់​នាង​នី​ ក៏​ប្រើ​មេ​អេត​ជា​កូន​ឲ្យ​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេត​ទៅ​ដល់​ឈរ​នៅ​មាត់​រន្ធ​ពស់​ ហៅ​ថា << ពស់​កេងកង​អើយ​ នាង​នី​ឲ្យ​ហៅ ! >> ។ ឯ​ពស់​កេងកង​ឮ​ហើយ​លូន​ចេញ​មក ។ នាង​អេត​ឃើញ​ពស់​ក៏​ភ័យ​ខ្លាច​ព្រឺ​ស្ងើប​អស់​ទាំង​ខ្លួន​ ប៉ុន្តែ​ខ្លាច​ម្ដាយ​ព្រោះ​ម្ដាយ​ប្រើ​មក​ ក៏​ខំ​សង្កត់​ចិត្តនាំ​ពស់​ទៅ​ផ្ទះ ។ ពស់​នោះ​ធំ​ណាស់​ លូន​ទៅ​លើ​ស្មៅ​បាក់​រាប​អស់​ ដល់​ផ្ទះ​ហើយ​ក៏​ឡើង​ទៅ​ដេក​ជា​មួយ​នឹង​នាង​នី ។ នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា << ខ្ញុំ​មាន​ប្ដី​ ឥឡូវ​នេះ​គាត់​ទៅ​ជួញ​អង្កាំ​ពីរ - បី​ឆ្នាំ​មក​ម្ដងៗ >> ។ ពស់​កេងកង​សួរ​ថា << ប្ដី​នាង​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ​ ប៉ុន្មាន​ខែ​ ទៀត​នឹង​មក​ដល់ ? នាង​នី​ឆ្លើយ​ថា<<មិន​ដឹង​ជា​ប៉ុន្មាន​ខែ​ ប៉ុន្មាន​ថ្ងៃ​ទៀត​ នឹង​មក​ដល់​ទេ>> ពស់​កេងកង​និង​នាង​នី​ ក៏​ដេក​លក់​ជា​មួយ​គ្នា​ទៅ​ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ ។ នាង​នី​ផ្ដាំ​ថា << បើ​ប្ដី​ខ្ញុំ​មក​ ខ្ញុំ​មិន​ឲ្យ​មេ​អេត​ទៅ​ហៅ​ទេ​ អ្នក​កុំ​មក, បើ​ប្ដី​ខ្ញុំ​មិន​ទាន់​មក​នោះ​ ខ្ញុំ​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​អ្នក​ សឹម​អ្នក​មក >>។ពស់​កេងកង​ក៏​ទៅ​ឯ​រូង​ខ្លួន​វិញ​ទៅ ។ រាល់​តែ​ល្ងាច​នាង​នី​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេត​ខ្លាច​ម្ដាយ​ក៏​ទៅ​ហៅ​តាម​ពាក្យ​ម្ដាយ​ប្រើ​ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាច​ពស់​នោះ​ណាស់ ត្បិត​ពោះ​នោះ​ធំ​ណាស់​ ហើយ​វែង​ផង ។ មួយ​ទៀត​ ខឹង​ក្នុង​ចិត្ត​ ត្បិត​ម្ដាយ​សាហាយ​នឹង​ពស់ ។ នាង​អេត​ទៅ​ដល់​មាត់​រូង​ហើយ​ហៅ​ថា << ពស់​កេងកង​អើយ​ នាង​នី​ឲ្យ​ហៅ >> ពស់​កេងកង​ឮ​ក៏​លូន​ចេញ​មក​ហើយ​ឆ្លើយ​ថា << អេត​អេត​អើយ ! ថា​អញ​មិន​ទៅ​ឪពុក​អេត​នៅ​កាត់​ក្បាល​អញ​ដាច់ >> នាង​អេត​ឆ្លើយ​ថា << ឪពុក​អញ​ទៅ​ជួញ​អង្កាំ​ ពីរ - បី​ឆ្នាំ​មិន​ទាន់​មក​ដល់ >> ។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ ក៏​លូន​ចេញ​អំពី​រន្ធ​មក​ ហើយ​ចេះ​តែ​ទៅ​មកៗ​តែ​សព្វ​ថ្ងៃ ។ នាង​នី​សាហាយ​នឹង​ពស់​កេងកង​ទាល់​តែ​ផើម ។ លុះ​យូរ​បន្តិច​ទៅ​ប្ដី​នាង​នី​មក​ពី​ជួញ​អង្កាំ​វិញ​ ឃើញ​នាង​នី​ពោះធំ​នឹក​សង្ស័យ​ ក៏​សួរ​នាង​អេត​ជា​កូន។នាង​អេត​ប្រាប់​ឪពុក​ថា << ម៉ែ​គាត់​សាហាយ​នឹង​ពស់​កេងកង​ តែ​វេលា​ព្រលប់​កាលណា​ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វ​ថ្ងៃ >>។ ឪពុក​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ក៏​និយាយ​នឹង​នាង​អេត​ថា <<ដល់​ល្ងាច​ហង​ឯង​ទៅ​ហៅ​ពស់​នោះ​ទៀត​ អញ​ចាំ​កាប់​វា​នៅ​មាត់​ទ្វារ​ ហើយ​ហង​ឯង​កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង >> ។ ឯ​នាង​អេត​លុះ​ដល់​ព្រលប់​ក៏​ទៅ​ហៅ​ពស់​កេងកង​ថា << ពស់​កេងកងៗ ! នាង​នី​ឲ្យ​ហៅ >> ។ ពស់​កេងកង​ឮ​ហើយ​ឆ្លើយ​ថា << អេត​អេត​អើយ! ថា​អញ​មិន​ទៅ​ ឪពុក​អេត​នៅ​កាត់​ក​អញ​ដាច់ >> ។ នាង​អេត​ឆ្លើយ​ថា << ឪពុក​អញ​ទៅ​ជួញ​អង្កាំ​ពីរ - បី​ឆ្នាំ​មិន​ទាន់​មក​ដល់ >> ។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ស្មាន​ថា ឪពុក​នាង​មិន​ទាន់​មក​ពី​ជួញ​អង្កាំ​មែន​ ក៏​ទៅ​ដូច​សព្វ​ថ្ងៃ ។ ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់​ទ្វារ​ចាំ​កាប់ ។ ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច​ ឪពុក​នាង​អេត​កាត់​ក​ដាច់​ ហើយ​កាត់​មួយ​កំណាត់​ខាង​កន្ទុយ​យក​ទៅ​ដាក់​លើ​ស្កាក​ មួយ​កំណាត់​ខាង​ក្បាល​យក​ទៅ​ដាក់​លើ​មែក​ពុទ្រា​ ឯ​កណ្ដាល​ខ្លួន​យក​ទៅ​ពន្លះ​ពន្លាត់​ស្បែក​ចោល​ ហើយ​ផ្ដាំ​នាង​អេត​ថា << កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង​ តែ​ត្រូវ​ទុក​សាច់​ស្ល​ឲ្យ​ម្ដាយ​ហង​ឯង​ស៊ី >> ។ ឪពុក​នាង​អេត​ក៏​លាង​ឈាម​ពស់​ជ្រះ​អស់​មិន​ឲ្យ​មាន​សល់ ។ ឯ​នាង​នី​ពុំ​បាន​ដឹង​ជា​ប្ដី​កាប់​ពស់​សាហាយ​ស្លាប់​ទេ​ ព្រោះ​ពេល​នោះ​នាង​នី​មិន​នៅ​ ទៅ​សួរ​បងប្អូន​នៅ​ផ្ទះ​ឆ្ងាយ ។ លុះ​ព្រឹក​ឡើង​នាង​អេត​យក​សាច់​ពស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី ។ នាង​នី​ឃើញ​សម្ល​ខ្លាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង​ ក៏​សួរ​នាង​អេត​ថា << បាន​សាច់​អ្វី​ស្ល​មី​អេត ! >> ។ នាង​អេត​ប្រាប់​ថា << សាច់​ជ្រូក >> ។ នាង​នី​គិត​ស្មាន​ថា​សាច់​ជ្រូក​មែន​ ក៏​ឲ្យ​មី​អេត​ដួស​សម្ល​យក​មក​ស៊ី​បាយ ។ កាល​នាង​អេត​ដួស​សម្ល​មក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី​នោះ​ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា​ វា​ចង់​ស៊ី​សាច់​ពស់​ វា​បូល​ថា << កឡូវៗ​ក្លេមក្លម​លេប​សាច់​ប្ដី​ឯង >> ។ នាង​នី​កំពុង​ស៊ី​បាយ​ឮ​ក្អែក​បូល​ដូច្នោះ​ ក៏​មើល​ទៅ​លើ​មែក​ពុទ្រា​ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក​ឈើ​ ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹក​ភ្នែក​ តែ​នាង​ពុំ​ហ៊ាន​យំ​​ព្រោះ​ខ្លាច​ប្ដី​ដែល​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា ។ ប្ដី​ឃើញ​នាង​នី​ស្រក់​ទឹក​ភ្នែក​ក៏​សួរ​ថា << ហេតុ​ដូម្ដេច​បាន​ជា​ស្រក់​ទឹក​ភ្នែក ? >> ។ នាង​នី​ឆ្លើយ​ថា << ស៊ី​បាយ​ក្ដៅ​ សម្ល​ក្ដៅ​រឭក​កូនចៅ​ រលោង​ទឹក​ភ្នែក >> ។ ឯ​ក្អែក​នោះ​ចេះ​តែ​បូល​ថា << កឡូវៗ​ ក្លេមក្លម​លេប​សាច់​ប្ដី​ឯង​ ក្បាល​ដាក់​លើ​ដើម​ពុទ្រា​ កន្ទុយ​ដាក់​លើ​ស្កាក >> ។ នាង​នី​មើល​ទៅ​លើ​ស្កាក​ឃើញ​កន្ទុយ​ពស់​កេងកង​លើ​នោះ ។ ឯ​ប្ដី​នាង​នី​ដឹង​ថា​ប្រពន្ធ​សាហាយ​នឹង​ពស់​កេងកង​ពិត​ប្រាកដ​ហើយ​ ក៏​នឹក​ភ្នក​ក្នុង​ចិត្ត​ខឹង​ចង់​សម្លាប់​នាង​នី​ ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹង​ខ្លួន ។ ដល់​នាង​នី​ផើម​ចាស់​ផ្ទៃ​ ជិត​នឹង​សម្រាល​ប្ដី​បបួល​ទៅ​កក់​សក់​នៅ​មាត់​បឹង​ លុះ​ដើរ​ទៅ​ដល់​មាត់​បឹង​ប្រាប់​ប្រពន្ធ​ថា << ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ​ យើង​នឹង​កក់​សក់​លេង​ឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្ដង >> ។ នាង​នី​មិន​ដឹង​ខ្លួន​ឯង​ថា​ប្ដី​សម្លាប់​ ស្មាន​ថា​ប្ដី​នាំ​ទៅ​កក់​សក់​មែន​ ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ទៅ ។ លុះ​ឃើញ​កំពង់​មួយ​រាបស្អាត​ វាល​ល្អ​ ប្ដី​ប្រាប់​ប្រពន្ធ​ថា << កំពង់​នេះ​រាប​សប្បាយ​ យើង​ឈប់​កក់​សក់​នៅ​នោះ​ចុះ >> ឯ​នាង​នី​មិន​ដឹង​ខ្លួន​ជា​ប្ដី​គិត​សម្លាប់​ក៏​អង្គុយ​កក់​សក់​នៅ​មាត់​ច្រាំង ។ ប្ដី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​នី​ពី​ក្រោយ​ខ្នង​មិន​ឲ្យ​ដឹង​ខ្លួន​ ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ ។ ពេល​នោះ​ឃើញ​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​មក​អំពី​ពោះ​នាង​នី​មក ។ ប្ដី​នាង​នី​ក៏​កាប់​កូន​ពស់​នឹង​ដាវ​ ខ្លះ​កាប់​មិន​ទាន់​ ក៏​លូន​ចូល​ទៅ​ក្នុង​ក្រហែង​ដី​ ខ្លះ​មុជ​ក្នុង​ទឹក​ ខ្លះ​ចូល​ទៅ​ក្នុង​ព្រៃ ។ ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​ពស់​ច្រើន​បែប​ច្រើន​យ៉ាង​ មក​ដល់​ឥឡូវ​នេះ ។

ឃ្លាត​ឆ្ងាយ ណាយ​ចិត្ត