ប្រជុំរឿងព្រេងខ្មែរភាគទី១ ទំព័រទី ១២៤- ១២៥
ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា << កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែ ឲ្យយកតែស្រីក្រមុំព្រហ្មចារី និងម៉េម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឲ្យយកក្លើនឹងមនុស្សគ្រូបី >> តែមិនដូច្នោះ បុរសនោះ បានយកស្រីទាំង៤នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណី បាយទឹកឲ្យក្ងោកនោះស៊ី រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។ ពេលនឹងបរិភោគបុរសនោះ បានយកប្រពន្ធទាំង៤និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។ កំពុងតែស៊ីក៏ធ្វើជាភ្លក្ស និយាយថា << នេះគឺជាសាច់ក្ងោកមាសស្ដេច ដែលអញបានលួចកាប់យកមកស៊ី >> ។
ក្រោយពីនោះ ដល់បាត់ក្ងោក ស្ដេចឲ្យប៉ាវគងសួររកក្ងោកនោះ ។ នាងស្រីប្ដីលែង និងនាងស្រីសៅកែ និយាយទៅនាងក្រមុំ និងនាងប្ដីស្លាប់ថា << ឲ្យប្រាប់ទៅពួកអ្នកប៉ាវគងទៅ ! ថាប្ដីយើងបានលួចកាប់ក្ងោករបស់ស្ដេច យកសាច់ស៊ីកុំទៅជួយបិទបាំងថ្វី ឲ្យវាងាប់ទៅចុះ ព្រោះវាធ្វើបាបវាយជេ យើងខ្លាំងណាស់ >> ។ ស្រីក្រមុំនិងស្រីប្ដីស្លាប់អង្វរទៅវិញថា << កុំធ្វើបាបប្ដីរបស់ខ្លួនដូច្នោះមិនល្អទេ >> ។ ស្រីសៅកែ និងស្រីប្ដីលែងថា << ទោះបីនាងមិនចូលគំនិតនឹងយើង ក៏គង់តែយើងប្ដឹងអ្នកប៉ាវគងដែរ >> ថាហើយ ស្រីទាំងពីរនាក់នោះ ប្ដឹងអ្នកប៉ាវគងតាមដំណើរថា << ប្ដីខ្លួនលួចក្ងោកស្ដេចយកសាច់ស៊ី >> គ្រាន់តែឮដូច្នោះភ្លាម ពួកអ្នកប៉ាវគង ក៏ចាប់យកបុរសនោះ ទៅថ្វាយស្ដេចទូលតាមដំណើរ ។ ស្ដេចឲ្យនាំបុរសនោះទៅពិឃាត , លុះទៅដល់មាត់ទ្វារវាំង អ្នកចាំទ្វារ ពុំព្រមបើកទ្វារ សួរថា << អ្នកនាំមនុស្សទោសនេះមក តើបានជំនុំជម្រះហើយឬនៅ?>> ហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថា :
កាលនោះមានសេដ្ឋីម្នាក់ ចិញ្ចឹមឆ្កែ៥០០, វេលាយប់មួយ មានចោរជីកឧម្មង្គចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះ ហើយចូលទៅក្នុងឧម្មង្គវិញទាំងអស់ ។ ឆ្កែរបស់សេដ្ឋីដឹង បាននាំគ្នាវាទៅខាំចោរក្នុងឧម្មង្គនោះ ស្លាប់ទាំងអស់ , លុះព្រឹកឡើងមហាសេដ្ឋី ឃើញបាត់ទ្រព្យសម្បត្តិដូច្នោះ នឹកខឹងនឹងឆ្កែថា << មិនចេះចាំរបស់ ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅ , លុះធំអសោច៍ខ្មោចចោរឡើងទៅមើលឃើញចោរស្លាប់ដូច្នោះ ក៏នឹកស្ដាយក្រោយ ។
កំពុងតែនិយាយ ឃើញបម្រើស្ដេច ដែលទ្រង់ព្រះរាជបញ្ជា ឲ្យទៅយកបុរសនោះមកជំនុំជម្រះវិញ ។ លុះស្ដេចសួរបុរសនោះ ពីរឿងសម្លាប់ក្ងោកមាស, បុរសក្រាបទូលថាក្ងោកនោះ ទូលព្រះបង្គំ មិនបានសម្លាប់ទេ គឺបានទុកនៅកន្លែងមួយដោយល្អ , ឯសត្វដែលទូលព្រះបង្គំជាខ្ញុំសម្លាប់ ទទួលព្រះរាជទាននោះ គឺមាន់គកទេ >> ។ ស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញ ហើយទ្រង់លើកលែងទោសបុរសនោះ ។ ឯស្រីទាំងពីរនាក់ដែលប្ដឹងពីបុរសជាប្ដី ជាសម្លាញ់ក្ងោកនោះ ត្រូវបុរសជាប្ដីនោះ លែងចោលទៅ។
ចង់ដឹងផលពិត ត្រូវពិនិត្យរកហេតុ