Tuesday, April 27, 2010

រឿង​បុរស​កុហក​បួន​នាក់


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១១០- ១១២
កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ , លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា << យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន >> បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា << ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ​ ឲ្យ​ចៅ​ស្ដាប់​បន្តិច >> ។ តា​ចាស់​ដូន​ចាស់​ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង​៤​នាក់​វិញ​ថា << ចៅ​អើយ​ ចៅ ! តាំង​ពី​ក្មេង​ដល់​ចំណាស់​ប៉ុណ្ណេះ​ហើយ​ តា​យាយ​គ្មាន​ចេះ​រឿង​ព្រេង​អ្វី​ទេ​ សូម​ចៅ​អញ្ជើញ​ទៅ​រក​សួរ​អ្នក​ឯ​ទៀត​ចុះ >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ថា << ឱ ! តា​យាយ​អើយ ! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿង​ព្រេង​នោះ​ តា​យាយ​ចង់​ស្ដាប់​ឬ​ទេ ? ។ << ឱ ! ចៅ​អើយ ! តា​យាយ​ ចង់​ស្ដាប់​ណាស់​តែ​រក​អ្នក​ណា​ចេះ​គ្មាន >> ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ដោយ​កិច្ចកល​ ប៉ង​នឹង​បោក​យក​ទ្រព្យ​សម្បត្តិ​ តា​ចាស់​ដូន​ចាស់​នោះ​ ឲ្យ​បាន​ដោយ​ងាយ​ថា << យើង​ខ្ញុំ​ទាំង​៤​នាក់​នេះ​ ចេះ​ខ្លះ​ដែរ​ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ​ គាត់​និទាន​ប្រាប់, តែ​រឿង​នេះ​ បើ​និយាយ​ទៅ​កាលណា​ តា​យាយ​ត្រូវ​តែ​ជឿ​​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន >> ។ តា​យាយ​ ក៏​ព្រម​ព្រៀង​ឲ្យ​បុរស​ទាំង​៤​នាក់​នោះ​ និយាយ ។

បុរស​ទី​១​ ចាប់​អធិប្បាយ​រឿង​កុហក​ជា​ដំបូង​ឡើង​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន​៣​ខែ​ ម្ដាយ​ខ្ញុំ​ គាត់​ចង់​ពិសា​ផ្លែ​ធុរេន​នៅ​មុខ​ផ្ទះ​ខ្ញុំ​ ដើម​វា​ មាន​កំពស់​ប្រហែល​៨​ព្យាម​ ហើយ​មាន​ផ្លែ​តែ​មួយ​ផង​ គាត់​មិន​ដឹង​ជា​គិត​ដូចម្ដេច​ នឹង​បាន​ផ្លែ​ឈើ​នោះ​មក​ពិសា ។ លុះ​ខ្ញុំ​បាន​ដឹង​ថា​ គាត់​ចង់​ពិសា​ផ្លែ​នោះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទៃ​គាត់​ តាម​ទ្វារ​មាស​ ទៅ​ឡើង​បេះ​ធុរេន​នោះ​ យក​មក​ជូន​គាត់​ពិសា, រួចស្រេច​ ខ្ញុំ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្ទៃ​គាត់​វិញ។
បុរស​ទី​២​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​ បាន​ចំនួន​៦​ខែ​ ឃើញ​គាត់​នឿយ​ហត់​លំបាក​នឹង​ធ្វើ​ស្រែ​ ចម្ការ​ ច្បារ​ដំណាំ​ពេក​ ខ្ញុំ​ចេញ​ពី​ផ្ទៃ​គាត់​មក​ នៅ​ធ្វើ​ស្រែ​ចម្ការ​ ឃ្វាល​គោ​ ក្របី​ ដណ្ដាំ​បាយ​ ដង​ទឹក​ ជំនួស​គាត់​ ពី​ព្រឹក​ព្រហាម​ លុះ​ល្ងាច, អស់​ការ​ធ្វើ​ ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ជា​រៀង​រាប​ដរាប​មក ។
បុរស​ទី​៣​ថា << ឱ ! តា​យាយ​អើយ​ ខ្លួន​ខ្ញុំ​នេះ​ ជា​ទេវបុត្រ​ ច្បុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្ដាយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ចេញ​ពី​ទ្វារមាស​វេលា​ណា បាន​មក​បម្រើ​គាត់​សព្វ​សារពើ, ដល់​ខ្ញុំ​ចាស់​ទៀប​នឹង​ស្លាប់​ ខ្ញុំ​សុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ដើម្បី​កុំ​ឲ្យ​ស្លាប់​ទាន់​ ហើយ​កើត​ម្ដង​ទៀត​ឲ្យ​បាន​ជា​ក្មេង​ឡើង​វិញ ។
បុរស​ទី​៤​ថា : ខ្លួន​ខ្ញុំ​នេះ​ ចាប់​តាំង​តែ​ចេញ​ពី​ផ្ទៃ​ម្ដាយ​កាលណា​មក​ ខ្ញុំ​រក្សា​សីល​៥​ ចាំ​សីល​៨​ តែ​សីល​ខ្ញុំ​ ប្លែក​ពី​សីល​អ្នក​ទាំងពួង​ចង់​ផឹក​ស្រា​ ជក់​អាភៀន​ សម្លាប់​ជីវិត​គេ​ក៏​បាន , លុះ​ដល់​ខ្ញុំ​ស្លាប់​ទៅៗ​ កើត​ជា​ទេវតា​ សោយ​រាជ​សម្បត្តិ​នៅ​ឋាន​សួគ៌ ។
បុរស​ទាំង​៤​នាក់​នោះ​ និយាយ​ភូត​កុហក​គ្រប់​គ្នា​ហើយ​ ក៏​សួរ​ទៅ​តា​ចាស់​ដូន​ចាស់​ថា << រឿង​ខ្ញុំ​និទាន​ជំរាប​ទាំង​ប៉ុន្មាន​នេះ​ តើ​តា​យាយ​ជឿ​ឬ​ទេ ? តា​យាយ​ ឆ្លើយ​តប​ទៅ​វិញ​ថា << រឿង​នោះ​តា​យាយ​ ជឿ​ហើយ​ចៅ ! >> ។ តែ​ក្នុង​គំនិត​គាត់​ទាំង​២​នាក់​ គិត​ឃើញ​ជា​ស្រេច​ថា << បុរស​ទាំង​នេះ​ សុទ្ធ​តែ​និយាយ​កុហក​ទាំង​អស់ >> ។
ដល់​បុរស​ទាំង​៤​នាក់​នោះ​ ទាល់​ប្រាជ្ញា​ ក៏​ឲ្យ​តា​នោះ​ និយាយ​រឿង​ប្រាប់​ម្ដង​វិញ, ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​តា​ចាស់​នោះ​ គាត់​បាន​សន្យា​ដូច​បុរស​ទាំង​៤​នាក់​នោះ​ដែរ , លុះ​ព្រម​ព្រៀង​ទាំង​អស់​គ្នា​ ទើប​តា​ចាស់​និយាយ ។
តា​ថា << ឱ ! ចៅ​អើយ ! កាល​តា​និយាយ​ មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន​ ៥ - ៦ ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​មាស​ ល្មម​នឹង​ចិញ្ចឹម​ចៅ​ទាំង​៤​នាក់​នេះ​បាន , តែ​នៅ​ឆ្នាំ​មួយ​មុន​នោះ​ កប្បាស​មិន​ផ្លែ​សោះ​ មិន​ដឹង​ជា​រឿង​ហេតុ​អ្វី, មាន​មួយ​ថ្ងៃ​ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ​ ឃើញ​ដើម​កប្បាស​១​ដើម​ ទំហំ​ប៉ុន​ដើម​ត្នោត​ មាន​ផ្លែ​មួយ​ធំ​ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ, ដល់​តា​និង​យាយ​នាំ​គ្នា​មក​មើល​ ឃើញ​មាន​គ្រាប់​៤​ ក្នុង​មួយ​គ្រាប់ៗ​ មាន​កុមារ​ម្នាក់ៗ​ គ្រប់​គ្រាប់​ទាំង​៤, តា​បាន​ឲ្យ​យាយ​គាត់​បំបៅ​បី​បាច់​រក្សា, លុះ​ដល់​កុមារ​ទាំង​៤​នាក់​នោះ​ ធំ​វេលា​ណា​ឡើង​ ក៏​នាំ​គ្នា​រត់​ចោល​តា​និង​យាយ​ទាំង​អស់​ទៅ, ឥឡូវ​តា​ឃើញ​ចៅ​ទាំង​៤​នាក់​នេះ​ត្រឡប់​មក​វិញ​ហើយ ។
បុរស​ទាំង​៤​នាក់​ ភិត​ភ័យ​ខ្លាំង​ ក៏​នាម​គ្នា​ឆ្លើយ​ប្រកែក​ទៅ​នឹង​តា​ចាស់​ ដូន​ចាស់​វិញ​ថា << មិន​មែន​ទេ >> ។ តា​យាយ​សួរ​ទៅ​វិញ​ថា << ហេតុ​អ្វី​ ក៏​ចៅ​ថា​មិន​មែន, បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាង​នេះ​ នុះ​ឃើញ​ថា​​ទាស់​ខុស​នឹង​កិច្ច​សន្យា​ហើយ, បើ​ដូច្នេះ​ ត្រូវ​ចៅ​ទាំង​៤​នាក់​ មក​នៅ​បម្រើ​តា​ ទើប​ត្រូវ​នឹង​ពាក្យ​សន្យា >> ។ បុរស​កុហក​៤​នាក់​ គេច​មិន​រួច​ ក៏​នៅ​បម្រើ​តា​យាយ​ទៅ ។
ពាក្យ​ច្រើន​ភូត​ ចាញ់​អាត្មា

Monday, April 26, 2010

រឿង​ស្រី​ក្ងោក​មាស

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​ ១២៤- ១២៥

ដើម​ឡើយ​ មាន​បុរស​ម្នាក់​ បាន​ទទួល​បណ្ដាំ​ពី​ឪពុក​ប្រដៅ​ថា << កុំ​ឲ្យ​យក​ស្រី​ប្ដី​លែង​ និង​ស្រី​សៅកែ​ ឲ្យ​យក​តែ​ស្រី​ក្រមុំ​ព្រហ្មចារី​ និង​ម៉េម៉ាយ​ប្ដី​ស្លាប់​ ធ្វើ​ជា​ប្រពន្ធ​ ហើយ​កុំ​ឲ្យ​យក​ក្លើ​នឹង​មនុស្ស​គ្រូ​បី >> តែ​មិន​ដូច្នោះ​ បុរស​នោះ​ បាន​យក​ស្រី​ទាំង​៤​នាក់​នោះ​ជា​ប្រពន្ធ​ និង​យក​មនុស្ស​គ្រូ​បី​ជា​ក្លើ​ ដើម្បី​ល្បង​មើល ។ ថ្ងៃ​មួយ​ក្ងោក​មាស​របស់​ស្ដេច​ ទៅ​រក​ស៊ី​ក្បែរ​ផ្ទះ​បុរស​នោះ, ឯ​បុរស​នោះ​ គិត​ពិសោធ​មើល​ ក៏​ចាប់​ក្ងោក​មាស​នោះ​យក​ទៅ​ចង​លាក់​ទុក​ក្នុង​ទ្រុង​មួយ​ ហើយ​ដាក់​ចំណី​ បាយ​ទឹក​ឲ្យ​ក្ងោក​នោះ​ស៊ី​ រួច​បុរស​យក​មាន់​គក​មួយ​ ទៅ​កាប់​ធ្វើ​ម្ហូប​បរិភោគ ។ ពេល​នឹង​បរិភោគ​បុរស​នោះ​ បាន​យក​ប្រពន្ធ​ទាំង​៤​និង​ក្លើ​នោះ​ ទៅ​បរិភោគ​ទាំង​អស់​គ្នា ។ កំពុង​តែ​ស៊ី​ក៏​ធ្វើ​ជា​ភ្លក្ស​ និយាយ​ថា << នេះ​គឺ​ជា​សាច់​ក្ងោក​មាស​ស្ដេច​ ដែល​អញ​បាន​លួច​កាប់​យក​មក​ស៊ី >> ។

ក្រោយ​ពី​នោះ​ ដល់​បាត់​ក្ងោក​ ស្ដេច​ឲ្យ​ប៉ាវ​គង​សួរ​រក​ក្ងោក​នោះ ។ នាង​ស្រី​ប្ដី​លែង​ និង​នាង​ស្រី​សៅកែ​ និយាយ​ទៅ​នាង​ក្រមុំ​ និង​នាង​ប្ដី​ស្លាប់​ថា << ឲ្យ​ប្រាប់​ទៅ​ពួក​អ្នក​ប៉ាវ​គង​ទៅ ! ថា​ប្ដី​យើង​បាន​លួច​កាប់​ក្ងោក​របស់​ស្ដេច​ យក​សាច់​ស៊ី​កុំ​ទៅ​ជួយ​បិទ​បាំង​ថ្វី​ ឲ្យ​វា​ងាប់​ទៅ​ចុះ​ ព្រោះ​វា​ធ្វើ​បាប​វាយ​ជេ​ យើង​ខ្លាំង​ណាស់ >> ។ ស្រី​ក្រមុំ​និង​ស្រី​ប្ដី​ស្លាប់​អង្វរ​ទៅ​វិញ​ថា << កុំ​ធ្វើ​បាប​ប្ដី​របស់​ខ្លួន​ដូច្នោះ​មិន​ល្អ​ទេ >> ។ ស្រី​សៅកែ​ និង​ស្រី​ប្ដី​លែង​ថា << ទោះ​បី​នាង​មិន​ចូល​គំនិត​នឹង​យើង​ ក៏​គង់​តែ​យើង​ប្ដឹង​អ្នក​ប៉ាវ​គង​ដែរ >> ថា​ហើយ​ ស្រី​ទាំង​ពីរ​នាក់​នោះ​ ប្ដឹង​អ្នក​ប៉ាវ​គង​តាម​ដំណើរ​ថា << ប្ដី​ខ្លួន​លួច​ក្ងោក​ស្ដេច​យក​សាច់​ស៊ី >> គ្រាន់​តែ​ឮ​ដូច្នោះ​ភ្លាម​ ពួក​អ្នក​ប៉ាវ​គង​ ក៏​ចាប់​យក​បុរស​នោះ​ ទៅ​ថ្វាយ​ស្ដេច​ទូល​តាម​ដំណើរ ។ ស្ដេច​ឲ្យ​នាំ​បុរស​នោះ​ទៅ​ពិឃាត , លុះ​ទៅ​ដល់​មាត់​ទ្វារ​វាំង​ អ្នក​ចាំ​ទ្វារ​ ពុំ​ព្រម​បើក​ទ្វារ​ សួរ​ថា << អ្នក​នាំ​មនុស្ស​ទោស​នេះ​មក​ តើ​បាន​ជំនុំ​ជម្រះ​ហើយ​ឬ​នៅ?>> ហើយ​បាន​និយាយ​រឿង​មួយ​ប្រាប់​អ្នក​នាំ​ថា :

កាល​នោះ​មាន​សេដ្ឋី​ម្នាក់​ ចិញ្ចឹម​ឆ្កែ​៥០០, វេលា​យប់​មួយ​ មាន​ចោរ​ជីក​ឧម្មង្គ​ចូល​ទៅ​លួច​យក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​នោះ​ ហើយ​ចូល​ទៅ​ក្នុង​ឧម្មង្គ​វិញ​ទាំង​អស់ ។ ឆ្កែ​របស់​សេដ្ឋី​ដឹង​ បាន​នាំ​គ្នា​វា​ទៅ​ខាំ​ចោរ​ក្នុង​ឧម្មង្គ​នោះ​ ស្លាប់​ទាំង​អស់ , លុះ​ព្រឹក​ឡើង​មហា​សេដ្ឋី​ ឃើញ​បាត់​ទ្រព្យ​សម្បត្តិ​ដូច្នោះ​ នឹក​ខឹង​នឹង​ឆ្កែ​ថា << មិន​ចេះ​ចាំ​របស់​ ក៏​ឲ្យ​គេ​សម្លាប់​ឆ្កែ​ទាំង​នោះ​ចោល​អស់​ទៅ , លុះ​ធំ​អសោច៍​ខ្មោច​ចោរ​ឡើង​ទៅ​មើល​ឃើញ​ចោរ​ស្លាប់​ដូច្នោះ​ ក៏​នឹក​ស្ដាយ​ក្រោយ ។

កំពុង​តែ​និយាយ​ ឃើញ​បម្រើ​ស្ដេច​ ដែល​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ទៅ​យក​បុរស​នោះ​មក​ជំនុំ​ជម្រះ​វិញ ។ លុះ​ស្ដេច​សួរ​បុរស​នោះ​ ពី​រឿង​សម្លាប់​ក្ងោក​មាស, បុរស​ក្រាប​ទូល​ថា​ក្ងោក​នោះ​ ទូល​ព្រះ​បង្គំ​ មិន​បាន​សម្លាប់​ទេ​ គឺ​បាន​ទុក​នៅ​កន្លែង​មួយ​ដោយ​ល្អ , ឯ​សត្វ​ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សម្លាប់​ ទទួល​ព្រះ​រាជ​ទាន​នោះ​ គឺ​មាន់​គក​ទេ >> ។ ស្ដេច​ទ្រង់​ឲ្យ​ទៅ​យក​ក្ងោក​នោះ​មក​វិញ​ ហើយ​ទ្រង់​លើក​លែង​ទោស​បុរស​នោះ ។ ឯ​ស្រី​ទាំង​ពីរ​នាក់​ដែល​ប្ដឹង​ពី​បុរស​ជា​ប្ដី​ ជា​សម្លាញ់​ក្ងោក​នោះ​ ត្រូវ​បុរស​ជា​ប្ដី​នោះ​ លែង​ចោល​ទៅ។

ចង់​ដឹង​ផល​ពិត​ ត្រូវ​ពិនិត្យ​រក​ហេតុ

Sunday, April 25, 2010

រឿង​ពាក្យ​សុភាសិត​តម្លៃ​៣០​តម្លឹង

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​១៥ - ២២

កាល​ពី​ព្រេងនាយ​ មាន​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ, បុរស​ជា​ប្ដី​ បាន​ឃើញ​គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់​ យក​ប្រាក់​៣០​តម្លឹង​ លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន​ ដើរ​ពី​ស្រុក​មួយ​ដល់​ខែត្រ​មួយ​ឮ​គេ​ថា​ ទី​ត្រង់​ណា​ មាន​អ្នក​ចេះ​របៀន​អាគម​គាថា​ពូកែ​ ក៏​ទៅ​រក​ត្រង់​នោះ​ ដល់​ទៅ​ជួប​នឹង​គ្រូ​ណា​ពូកែ​ គេ​សូត្រ​ឲ្យ​ស្ដាប់​​គេ​ធ្វើ​ឲ្យ​មើល​ដូចម្ដេចៗ​ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត, លុះ​ដើរ​ឆ្ងាយ​ទៅៗ​ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់ ។ តា​ចាស់​សួរ​ថា << អ្នក​ឯង​ទៅ​ណា​ ដើរ​មក​តែ​ម្នាក់​ឯង​ ស្វះស្វែង​រក​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ឱ ! តា​អើយ ! ខ្ញុំ​មក​នេះ​ ត្បិត​ឮ​គេ​ថា​នៅ​ទី​នេះ​ មាន​គ្រូ​ចេះ​របៀន​ពូកែ​​បាន​ជា​ខ្ញុំ​ខំ​សង្វាត​មក​ ក្រែង​តា​ចេះ​ដឹង​ ប្រដៅ​ចៅ​ផង >> ។ តា​ចាស់​ឆ្លើយ​ថា​ តា​មាន​របៀន​បីបទ​ តម្លៃ​៣០​ តម្លឹង​ បើ​ចៅ​ឯង​កាន់​ជាប់​ ចៅ​ឯង​មិន​ច្បុត​ទេ​ គង់​បាន​ដូច​ចិត្ត​ បើ​មាន​កិច្ច​ មាន​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ​ ពូកែ​ណាស់ >> ។ បុរស​នោះ​ថា << តា​សូត្រ​ឲ្យ​ខ្ញុំ​ស្ដាប់​មើល ! បើ​ខ្ញុំ​ចូល​ចិត្ត​ ខ្ញុំ​យក >> តា​នោះ​សូត្រ​ឲ្យ​ស្ដាប់​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត, ដេក​យប់​កុំ​និយាយ​នឹង​ស្រី, ឃ្លាន​កុំ​អាល​ស៊ី >> ។ បុរស​នោះ​ស្ដាប់​បាន​ ចូល​ចិត្ត​ ក៏​ប្រគល់​ប្រាក់​៣០​តម្លឹង​ឲ្យ​តា​នោះ​ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ ចាំ​ស្ទាត់​រត់​មាត់ ។ ឯ​តា​ចាស់​ប្រាប់​ថា << បើ​ចៅ​កាន់​របៀន​ទាំង​បី​បទ​នេះ​បាន​ តា​ឲ្យ​ទទេ​ មិន​យក​តម្លៃ​ទេ >> ។ ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ ។ បុរស​នោះ​ក៏​លា​តា​ចាស់​នោះ​ វិល​មក​ស្រុក​វិញ ។ មាត់​បុរស​នោះ​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ចប់​តែ​តាម​ផ្លូវ​មក​ ពុំ​មាន​ភ្លេច ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​មក​ ជួប​នឹង​សំពៅ​ឈ្មួញ​មួយ , បុរស​នោះ​ ក៏​សុំ​សំពៅ​គេ​ដោយ​សារ​មក​ស្រុក, ដង្ខៅ​សំពៅ​ក៏​ព្រម​ឲ្យ​ដោយ​សារ ។ បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ហើយ​ចេះ​តែ​ជួយ​លាង​ ជួយ​ថែ​ទាំ​ ជួយ​ជួសជុល​សំពៅ​ដូច​ជា​របស់​ខ្លួន ។ នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​តាំង​តែ​ពី​ចុះ​ដោយ​សារ​សំពៅ​អញ​កាលណា​មក​ គាត់​ចេះ​តែ​ធ្វើ​ការ​ដូចជា​របស់​គាត់​ នឹក​ហើយ​ ក៏​ស្រឡាញ់​បុរស​នោះ​ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក ។ ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ​ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ​ ដូចជា​កូន​ឈ្នួល​ឯ​ទៀតៗ ។ នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា << បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នេះ​រកស៊ី​តទៅ >> ។ លុះ​បើក​សំពៅ​មក​ដល់​កណ្ដាល​ស្រុក​មួយ​ បាន​ឃើញ​វិហារ​មួយ​គេ​រៀប​អណ្ដាប់​ពោរពាស​ សុទ្ធ​តែ​ចំណី​ ស្រា​ បាយ​ ទុក​ឲ្យ​យក្ស​វា​មក​ស៊ី ។

អ្នក​សំពៅ​ កាល​ដល់​វិហារ​នោះ​ ក៏​ចត​សំពៅ​ ឡើង​ទៅ​លេង​ឃើញ​ចំណី​ទាំងនោះ​ ពុំ​មាន​មនុស្ស​ ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង​ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំងអស់​គ្នា​ ខាន​តែ​បុរស​ម្នាក់​នោះ​ មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា << រពឹស​ដៃ​ផ្ទៃ​ឆ្អែត​ ដេក​យប់​កុំ​និយាយ​នឹង​ស្រី​ ឃ្លាន​កុំ​អាល​ស៊ី >> ដោយ​គិត​ថា << ចំណី​អស់​នេះ​មាន​ហេតុ​អ្វី​មួយ​ហើយ​ បាន​ជា​គេ​រៀប​ទុក​នៅ​ទីនេះ, ឥឡូវ​អ្នក​ទាំងអស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​មិន​ខាន >> គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី​ ឡើង​ទៅ​ពួន​លើ​ធ្នឹម​វិហារ​ ដោយ​ស្ងៀមស្ងាត់​ចាំ​លប​មើល ។

លុះ​ដល់​ថ្ងៃត្រង់​ យក្ស​មក​ដល់​ ហើយ​វា​ខឹង​ខ្លាំង​ណាស់​ថា << នរណា​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ >> ។ យក្ស​ថា​ហើយ​ ក៏​ប្រើ​ដំបង​មក​វាយ​មនុស្ស​ដែល​ដេក​នោះ​ ស្លាប់​ទាំងអស់​ទៅ ។ ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ​ ហើយ​យក្ស​កាច់​ក​អស់​មនុស្ស​ទាំងនោះ​ស៊ី​អស់​ទៅ​ រួច​ក្រឡេក​មើល​ក្រឡេម​ក្រឡឺម ។ បុរស​ឃើញ​យក្ស​ភ័យ​ណាស់​ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ ហើយ​គិត​ថា << បើ​អញ​ស្រែក​ ក្រែង​យក្ស​ឮ​វា​ឃើញ​អញ​ ហើយ​វា​នឹង​ស៊ី​អញ​ទៀត >> គិត​ហើយ​ក៏​លោត​ចុះ​ពី​លើ​ធ្នឹម​ ស្រែក​វ៉ាស​ឡើង​ យក្ស​ភ័យ​ណាស់​ រត់​ចោល​ដំបង​ទៅ​បាត់​ទៅ ។ បុរស​នោះ​ បាន​ដំបង​វាយ​ឯង​ហើយ​ ក៏​ដើរ​ត្រឡប់​មក​ស្រុក​ ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង ។

លុះ​ដើរ​មក​ដល់​ផ្ទះ​ ក្នុង​វេលា​យប់​ បុរស​នោះ​ យក​ដំបង​ទៅ​លាក់​ក្រោម​ជណ្ដើរ​យក​ថ្ម​សង្កត់​លើ​ ហើយ​ឡើង​ទៅ​ដេក​លើ​ផ្ទះ ។ ប្រពន្ធ​សួរ​ ប្រាប់​ប្រពន្ធ​ថា​ ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់ >> ។
ក្រោយ​ពេល​ដែល​ប្ដី​ទៅ​ ប្រពន្ធ​នៅ​ផ្ទះ​ វា​មាន​សាហាយ, វេលា​យប់​ដែល​ប្ដី​មក​ដល់​ផ្ទះ​ សាហាយ​វា​សួរ​ថា​ ដំណើរ​ដូចម្ដេច​ ក៏​ចាំ​ព្រឹក​ទើប​និយាយ​បាន ? ។ ប្រពន្ធ​ចេះ​តែ​ឱប​អង្អែល ។ ទ្រាំ​ពុំ​បាន​ប្ដី​ក៏​និយាយ​ប្រាប់​ថា : អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ ត្បិត​គ្រូ​ផ្ដាំ​ថា << ដេក​យប់​កុំ​និយាយ​នឹង​ស្រី >> ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្ដាំ​គ្រូ​ហើយ ។ ប្រពន្ធ​សួរថា << អ្នក​ទៅ​បាន​របស់​អ្វី​មក​ខ្លះ >> ។ ប្ដី​ថា << បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ​ ដល់​ពាក់​កណ្ដាល​ផ្លូវ​ បាន​ដំបង​វាយ​ឯង​ទៀត >> ។ ប្រពន្ធ​សួរថា<< ដំបង​នោះ​ទុក​នៅ​ឯណា​ ឥឡូវ​នេះ ? ខ្ញុំ​ចង់​ឃើញ >> ។ ប្ដី​ថា << អញ​ទុក​ក្រោម​ជណ្ដើរ​ យក​ថ្ម​គ្រប >> ថា​ហើយ​ក៏​ដេក​លក់​ទៅ ។សាហាយ​ លប​ស្ដាប់​ឮ​ហើយ​ ក៏​ទៅ​ក្រោម​ជណ្ដើរ​ រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ។
លុះ​ព្រឹក​ព្រហាម​ស្រាងៗ​ ឡើង​បុរស​នោះ​ រឭក​ពី​ដេក​ ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ក៏​ប្រាប់​ប្រពន្ធ​ថា << អញ​ប្រាប់​មិន​ជឿ​​ អញ​ថា​ ខុស​គ្រូ​ហើយ​​ ឯង​ចេះ​តែ​លួង​អញ​ ទាល់​តែ​អញ​ប្រាប់​ ឥឡូវ​នេះ​ មនុស្ស​ឮ​ វា​លួច​យក​ដំបង​បាត់​ហើយ >> ។ ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​សាហាយ​លួច​ ក៏​មិន​ស្ដី​ ដណ្ដាំ​បាយ​ឲ្យ​ប្ដី​ស៊ីៗ​រួច​ហើយ​ បុរស​នោះ​ក៏​យក​ខ្សែ​មក​ចង​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ​ នាំ​ទៅ​ប្ដឹង​មេ​ស្រុក​ ឲ្យ​ជំនុំ​ជម្រះ​រក​ចោរ​ឲ្យ ។ មេ​ស្រុក​ ពុំ​ដឹង​បើ​ជំនុំ​ជម្រះ​ដូចម្ដេច​ ពីព្រោះ​ថ្ម​មិន​ចេះ​ស្ដី​ គេ​ជេរ​ថា << អា​កំព្រើល ! តាំង​ពី​ដូនតា​មក​ នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង >> គេ​គម្រាម​ហើយ​គេ​ដេញ​ចេញ​ទៅ ។ បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្ដឹង​ តាំង​តែ​ពី​មេ​ស្រុក​ ដល់​ទៅ​លោក​យមរាជ​ អ្នក​រាជការ​គ្រប់​ក្រសួង​ គេ​ចេះ​តែ​ដេញ​ចេញ​ គេ​ថា​ មនុស្ស​ឆ្កួត​ គេ​មិន​ឲ្យ​ចូល ។ បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​សួរ​សព្វ​គ្រប់​ហើយ​​ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​អស់​នាម៉ឺន​ថា << មែន​បាន​គេ​ថា, មាន​ប្រឡាយ​បាន​ទឹក​វា​ហូរ, មាន​សម្រាម​បាន​ឆ្កែ​វា​ជុះ, អស់​នាម៉ឺន​កុំ​ថា​វា​ឆ្កួត​​សេចក្ដី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា​ ស្ដេច​មាន​បន្ទូល​ប្រាប់​បុរស​ថា << ណ្ហើយ​ វិល​ទៅ​ផ្ទះ​ចុះ​ កាលណា​អញ​ប្រើ​ឲ្យ​គេ​ទៅ​ហៅ​សឹម​មក >> ។ បុរស​នោះ​ទទួល​ថា << ព្រះ​ករុណា​ថ្លៃ​វិសេស >> ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​វិញ ។

ក្រោយ​ពេល​បុរស​នោះ​ទៅ​ ស្ដេច​ទ្រង់​ព្រះ​រាជ​បញ្ជា​ ឲ្យ​ប្រាប់​បណ្ដា​រាស្រ្ត​ថា​ ត្បិត​ស្ដេច​ឲ្យ​អស់​ព្រះស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​យប់​ ឲ្យ​បណ្ដារាស្រ្ត​មើល​តាម​ចិត្ត​ពុំ​មាន​ឃាត់​ឃាំង​ឡើយ >> ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន ។ កាល​នោះ​​អស់​រាស្រ្ត​សឹង​តែ​ចូល​ទៅ​មើល​គ្រប់គ្នា ។ ស្ដេច​ទ្រង់​យាង​ចូល​ទៅ​ ក្នុង​ព្រះ​រាជដំណាក់​ ជ្រើស​រើស​ប្រេង​ក្រអូប​យ៉ាង​ឯក​មួយ​ដប​ដែល​សម្រាប់​តែ​ស្ដេច​ អស់​រាស្រ្ត​និង​នាម៉ឺន​ ពុំ​ដែល​មាន​ ទ្រង់​ប្រើ​អាមាត្យ​ម្នាក់​ យក​ទៅ​ឲ្យ​បុរស​នោះ​ ហើយ​ប្រាប់​ថា << ស្ដេច​ទ្រង់​ព្រះ​រាជទាន​ឲ្យ​អ្នក​ឯង​ និង​ប្រពន្ធ​អ្នក​ឯង​លាប , ប៉ុន្តែ​ឲ្យ​អ្នក​ឯងនៅ​ផ្ទះ​ កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​ទៅ​មើល​បាន​ហើយ>> ។ អាមាត្យ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ​ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ។ បុរស​នោះ​បាន​ប្រេង​ ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា << ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​ ទ្រង់​ព្រះរាជទាន​ប្រេង​នេះ​មក​​ ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់​យើង​ ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ , តែ​ឥឡូវ​នេះ​អញ​ឈឺ​ក្បាល​ ឯង​យក​ទៅ​លាប​ ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ ។ ឯ​ប្រពន្ធ​ឮ​ប្ដី​បើក​ឲ្យ​ទៅ​ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​​អរពន់ពេក​ ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ​ចាប់​ ក៏​យក​ប្រេង​ទៅ​ឲ្យ​សាហាយ​លាប​ផង​ ហើយ​បណ្ដើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា​ លុះ​បន្តិច​ទៅ​ស្ដេច​ទ្រង់​ធុំ​ក្រអូប​ប្រេង​នោះ​ ទ្រង់​ខ្សឹប​ប្រាប់​នាម៉ឺន​ម្នាក់ << ចូរ​អ្នក​ទៅ​ហិត​ក្លិន​អស់​បណ្ដារាស្រ្ត​ ដែល​មើល​ល្ខោន​ទាំង​ប៉ុន្មាន​ បើ​ធុំ​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះ​ ប៉ុន្មាន​នាក់​ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់ >>។

នាម៉ឺន​នោះ​ ក្រាប​ថ្វាយ​បង្គំ​ហើយ​ ទៅ​ហិត​មនុស្ស​ឯ​ទៀត​ មិន​ធុំ​សោះ​ ធុំ​តែ​ប្រុស​ម្នាក់​ ស្រី​ម្នាក់​ ដែល​ឈរ​ទន្ទឹម​គ្នា​ លាប​ប្រេង​ក្រអូប​ទាំងពីរ​នាក់​នោះ​ ក៏​នាំ​ទាំង​ប្រុស​ទាំង​ស្រី​ យក​ទៅ​ថ្វាយ​ស្ដេចៗ​ឲ្យ​លែង​រាំ​ទៅ​ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី​ មក​ដល់​ហើយ​ទ្រង់​សួរថា << នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែន​ឬ ? បុរស​នោះ​ក្រាប​ទូល​ថា <<មែន>>។ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ ទៅ​ប្រុស​សាហាយ​នោះ​ថា​ ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នេះ​មែន​ឬ? ។ សាហាយ​នោះ​ក្រាប​បង្គំទូល​ថា << លួច​មែន >> ។ ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក​ ឲ្យ​យក​សាហាយ​ទាំង​ប្រុស​ស្រី​នោះ​ ទៅ​ដាក់​ច្រវាក់​ធ្វើ​ទោស ។ បុរស​ជា​ម្ចាស់​ដំបង​ក្រាប​ថ្វាយ​បង្គំ​សូម​ទោស​ ហើយ​ក៏​ប្រគល់​ទាំង​ផ្ទះ​សម្បែង​ ទាំង​ប្រពន្ធ​ឲ្យ​ទៅ​សាហាយ​នោះ​ ទាំងអស់​ដោយ​ពុំ​មាន​ខឹង​អ្វី​ឡើយ ។ ប្រុស​សាហាយ​នោះ​អរណាស់​សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ ។

ឯ​បុរស​ម្ចាស់​ដំបង​ ថ្វាយ​ដំបង​ទៅ​ស្ដេច​ ហើយ​ក្រាប​លា​ទៅ​ទៀត​ស្ដេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា << ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់​ ទ្រង់​ព្រះរាជានុញ្ញាត​ឲ្យ​បើក​ឃ្លាំង​មាស - ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត ។ បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ​​ ឃើញ​កាំបិត​បន្ទោះ​មួយ​ចាស់​នៅ​ក្រោម​ឃ្លាំង​ ក៏​យក​កាំបិត​នោះ​និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​ចាយ​តាម​ផ្លូវ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្ដេច​ ដើរ​ចេញ​ទៅ​ទៀត ។ ស្ដេច​ពុំ​មាន​ព្រះ​បន្ទូល​អ្វី​ទេ , តែ​អស់​នាហ្មឺន​ គេ​ត្មះតិះដៀល​បុរស​នោះ​ ថា​ជា​មនុស្ស​ឆោត​ ប្រាក់​មាស​មិន​យក​ទៅ​យក​ឯ​កាំបិត​ច្រែះស៊ី ។
បុរស​នោះ​ ក៏​ដើរ​ចេញ​អំពី​នគរ​នោះ​ បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ជួន​ជា​ថ្ងៃ​នោះ​ ស្ដេច​នគរ​នោះ​ទ្រង់​មាន​ព្រះបន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា << ព្រឹក​ស្អែក​ ទ្រង់​នឹង​ទៅ​ក្រសាល​ព្រៃ​ ឲ្យ​មហាសេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អល្អះ​ ឲ្យ​ឆ្លាក់​ក្បាច់​លាបលន​ឲ្យ​ហើយ​ ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ​ បើ​ធ្វើ​ពុំ​ទាន់​ នឹង​យក​ទោស​ដល់​ជីវិត ។ រី​ឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់​ ហើយ​ពុំ​ធ្វើ​រទេះ​ បែរ​ជា​ធ្វើ​មឈូស​ទៅ​វិញ ។

ថ្ងៃ​នោះ​ ជួន​ជា​បុរស​នោះ​ ដើរ​ទៅ​ឃើញ​សេដ្ឋី​នោះ​ កំពុង​តែ​ធ្វើ​បុណ្យ​ក៏​សួរ​ថា << ចុះ​លោក​មាន​ការ​អ្វី​ បាន​ជា​ធ្វើ​បុណ្យ​មាន​ក្ដារ​មឈូស​ផង​ដូច្នោះ ? >> ។ គេ​ប្រាប់​ថា <<ស្ដេច​ឲ្យ​ធ្វើ​រទេះ​មួយ​ លាបលន​យ៉ាង​ល្អ​ ឲ្យ​ទាន់​ព្រឹក​នេះ​ ស្ដេច​ក្រសាល​ព្រៃ​ បើ​ធ្វើ​ពុំ​ទាន់​ស្ដេច​នឹង​យក​ទោស​ដល់​ជីវិត,ឥឡូវ​នេះ​មហាសេដ្ឋី​ធ្វើ​ពុំ​ទាន់​ដឹង​ខ្លួន​ថា​ស្លាប់​ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ>>។

បុរស​នោះ​ឆ្លើយ​ថា​ << ក្រអី​ប៉ុណ្ណឹង​ ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ៗ​ ទាន់​ព្រឹក​នេះ>> មហាសេដ្ឋី​បាន​ឮ​ដូច្នោះ​អរណាស់​ ហើយ​ក៏​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត​រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ ។ បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំបិត​១​ដែល​យក​ពី​ក្រោម​បាត​ឃ្លាំង​មក​នោះ​ បាន​រួច​ស្រេច​ក្នុង​យប់​នោះ​ ហើយ​លាបលន​យ៉ាង​ល្អ​ ព្រឹក​ឡើង​ក៏​អូស​រទេះ​ទៅ​ថ្វាយ​ស្ដេចៗ​ទ្រង់​ទត​ឃើញ​​ទ្រង់​ឲ្យ​រៀប​ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហាសេដ្ឋី​លុះ​រួច​ពី​ស្លាប់​ហើយ​ ក៏​នឹក​ក្នុង​ចិត្ត​ថា << អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់​ ឥឡូវ​នេះ​នឹង​រក​អ្វី​សង​ឲ្យ​ស្មើ​គ្មាន​ មាន​តែ​កូន​ក្រមុំ​១​ ល្មម​ឲ្យ​មាន​ប្ដី​ ដូច្នោះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ << គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ ។ លុះ​ការ​រួច​ហើយ​ក្នុង​យប់​នោះ​ ពេល​ផ្សំ​ដំណេក​ បុរស​នោះ​ គិត​ល្បង​ចិត្ត​ប្រពន្ធ​ ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ​ លុះ​យប់​យូរ​បន្តិច​ក៏​ធ្វើ​ជា​ក្អួត​ប្រឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​កំអួត​ប្ដី​ប្រឡាក់​ខ្លួន​ដូច្នោះ​ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា<< លោក​ឪពុក​រក​ប្ដី​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ប្រមឹក​ ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ​ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ>>។ មហាសេដ្ឋី​ឮ​កូន​ស្រែក​ដូច្នោះ​ក៏​ឃាត់​ថា << កូន​ដេក​ទៅ​ កុំ​និយាយ​ ត្បិត​ប្ដី​កំពុង​ស្រវឹង​​ ហើយ​គេ​មាន​គុណ​ផង >> ឃាត់​ដូចម្ដេច​ ក៏​កូន​ស្រី​មិន​ស្ដាប់​ហើយ​វា​ចេះ​តែ​រអ៊ូ​ថា​ <<បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន​ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​បាន​ទេ>>។

លុះ​ព្រឹក​ឡើង​ បុរស​នោះ​រលឹក​ពី​ដេក​ ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ​ ប្រាប់​ថា << មិន​ព្រម​យក​ទេ >> ហើយ​ថា​ មិន​បាន​ពាល់​ដៃ​ជើង​ឡើយ ។ មហាសេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន​យ៉ាង​ណា​ ក៏​បុរស​នោះ​ពុំ​ព្រម​នៅ​ ពុំ​ព្រម​យក​ ហើយ​លា​មហាសេដ្ឋី​យក​តែ​កាំបិត​ដើរ​ទៅ​ទៀត ។ លុះ​ស្ដេច​យាង​មក​ពី​ព្រៃ​ ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ទ្រង់​ស្ដាយ​ណាស់​ ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្ត​ ក៏​ពុំ​ឃើញ​ហើយ​ទ្រង់​ស្ងៀម​ទៅ។
បុរស​នោះ​ លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ​ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត ។ ស្ដេច​នគរ​នោះ​ ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់ៗ​ទៅ​ដេក​វេន​ ចាំ​យាម​នៅ​ចុង​ព្រះរាជ​រោង​រាល់​យប់ ។ ស្ដេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់​ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះស្លាប់​អស់​ជា​ច្រើន។
នៅ​ថ្ងៃ​ដែល​បុរស​នោះ​ ទៅ​ដល់​ជួន​ត្រូវ​លើ​វេន​ចៅហ៊្វា​ ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ ចៅហ៊្វា​នោះ​ក៏​ធ្វើ​បុណ្យ​ទាន​ក្នុង​ថ្ងៃ​នោះ ។ បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា << លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​ទាន​ ហើយ​ហេតុ​ដូចម្ដេច​ក៏​បាន​ជា​កូន​ប្រពន្ធ​លោក​យំ​រាល់​គ្នា​ដូច្នេះ>>។ គេ​ប្រាប់​ថា​លោក​ លោក​ត្រូវ​ទៅ​ដេក​វេន​ ថ្វាយ​ស្ដេច​កាប់ក្នុង​ពេល​ល្ងាច​នេះ​ បាន​ជា​លោក​ធ្វើ​បុណ្យ​មុន​ស្លាប់ >> ។ បុរស​នោះ​ថា<< ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ​ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្ដេច​កាប់​ជួស>>។គេ​ឮ​ដូច្នោះ​ ក៏​ទៅ​ជម្រាប​ចៅហ៊្វា​ឲ្យ​ហៅ​បុរស​នោះ​ទៅ​ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី ។ រួច​ហើយ​សួរ​ថា << បើ​អ្នក​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​ជួស​ខ្ញុំ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ឲ្យ​អ្នក>>។ បុរស​នោះ​ក៏​ទទួល​ទៅ​ដេក​ជួស​ហើយ​សុំ​គ្រឿង​ប្រដាប់​ដែល​ចៅ​ហ្វា​នោះ​ពាក់​ យក​មក​ពាក់​ រួច​ហើយ​ ក៏​លី​កាំបិត​បន្ទោះ​ចូល​ទៅ​ដេក​នៅ​ចុង​ព្រះរាជ​រោង​ចាំ​ស្ដេច​ចេញ​កាប់ ។ លុះ​ទៅ​ដល់​ចុង​ព្រះរាជ​រោង​ បុរស​នោះ​ពុំ​ដេក​ឡើយ​ចាំ​មើល​ស្ដេច, ពេល​យប់​ជ្រៅ​ស្ងាត់​ ស្ដេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ទ្រង់​កាន់​ព្រះខ័ន​ យាង​ចូល​មក​និង​កាប់​បុរស​នោះ​ ឃើញ​ស្ដេច​យាង​ចូល​មក​ជិត​ ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្ដេច​នោះ​ជាប់​ ហើយ​ក៏​ចាក់​នឹង​កាំបិត​បន្ទោះ​បង្ខុស​ពីរ​បី​ដង ។ ហើយ​សួរ​ថា << នរណា​ចូល​មក​ទាំង​យប់​នោះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ ? ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​យប់​នេះ>>ថា​ហើយ​ ក៏​ចាក់​បង្ខុស​ទៀត ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា << ទេ​​អញ​ទេ>>។ <<នរណា​អញ​ទេៗ!។<<អញ​ជា​ស្ដេច>> ។ << ស្ដេច​អី​មក​ពេល​នេះ, អញ​មិន​ដឹង​ទេ ! ត្បិត​ស្ដេច​ទ្រង់​ឲ្យ​អញ​ចាំ​រាជ​រោង​យប់​នេះ>>។
សួរ​ដេញ​ដោល​ដូច្នោះ​ហើយ​ បុរស​ក៏​លុត​ជង្គង់​ថ្វាយ​បង្គំ​ស្ដេច​សូមទោស ។ ស្ដេច​ត្រាស់​សួរថា<<ចៅ​នៅ​ឯណា!។ បុរស​នោះ​ថា << ខ្ញុំ​នៅ​ផ្ទះ​ចៅ​ហ៊្វា >> ។ ស្ដេច​ទ្រង់​ជ្រាប​ ទ្រង់​ញញឹម​ហើយ​ទ្រង់​ចូល​ទៅ​វិញ។

លុះ​ព្រឹក​ឡើង​ បុរស​នោះ​ លី​កាំបិត​ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅហ៊្វា ។ អ្នក​ផង​​ឃើញ​ហើយ​ឆ្ងល់​ថា<<បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្ដេច​កាប់​ ម្ដេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​វិញ >> ។ ចៅហ៊្វា​សួរ​ បុរស​នោះ​ក៏​ជម្រាប​តាម​ដំណើរ​ សព្វ​គ្រប់​ហើយ​ជម្រាប​ថែម​ថា<<ស្ដេច​សព្វ​ថ្ងៃ​នេះ​មិនមែន​ជា​កាច​ទេ​ ត្បិត​ទ្រង់​ពិសោធ​រក​មនុស្ស​ប្រាជ្ញ​ចេះ​ដឹង​ក្នុង​នគរ​ ដើម្បី​រក្សា​ស្ដេច​បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម​ តែ​អ្នក​ដែល​ទៅ​យាម​ចេះ​តែ​ដេក​លក់​ ទើប​ស្ដេច​ទ្រង់​កាប់​ ចុះ​បើ​សត្រូវ​ចូល​ទៅ​លុកលុយ​ស្ដេច​ហើយ​ យើង​ដេក​លក់​នោះ​ តើ​នឹង​ជា​យ៉ាង​ណា​ទៅ?>> ។ បុរស​នោះ​និយាយ​រឿង​ប្រាប់​សព្វគ្រប់​ ទើប​ភ្ញាក់​ខ្លួន​គ្រប់គ្នា។

ចៅហ៊្វា​នោះ​ មាន​កូន​ក្រមុំ​មួយ​ក៏​ឲ្យ​ជា​ប្រពន្ធ​បុរស​នោះ​ ដោយ​គិត​ថា​ បុរស​នេះ​មាន​គុណ​ធ្ងន់​ណាស់។

លុះ​ព្រឹក​ឡើង​ ស្ដេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះនគរ​ បន្ទាប់​ពី​ព្រះអង្គ។
វេលា​ស្ដេច​ទ្រង់​ព្រះ​ជរា​ទៅ​ ទ្រង់​ពុំ​មាន​ព្រះ​រាជបុត្រ​នឹង​សោយរាជ្យ​ស្នង​ មាន​តែ​ព្រះរាជធីតា​មួយ​អង្គ​ ក៏​ទ្រង់​ព្រះរាជទាន​ព្រះរាជធីតា​ និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយរាជ្យ​ជា​ស្ដេច​តទៅ។

ពាក្យ​ពិត​ មិន​ចេះ​ស្លាប់

រឿង​ពស់​កេងកង

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​៧-១០

កាល​ពីព្រេងនាយ​ នៅ​លើ​ដី​យើង​នេះ​ គ្រប់​ស្រុក​ទាំងអស់​មិន​មាន​ពស់​ពិស​ និង​ពស់​ឥត​មាន​ពិស​ទេ​ មាន​តែ​ពស់​កេងកង ។

មាន​និទាន​ថា : កាល​ដើម​ឡើយ​ មាន​មនុស្ស​២​នាក់​ប្ដី​ប្រពន្ធ, ប្រពន្ធ​ឈ្មោះ​នាង​នី​មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង​អេត ។ ប្ដី​នោះ​ទៅ​ជួញ​អង្កាំ​ បាត់​ជា​យូរ​អង្វែង ។ ថ្ងៃ​មួយ​អស់​បងប្អូន​ជិត​ខាង​ គេ​បបួល​គ្នា​ទៅ​រក​ឧស ។ ឯ​នាង​នីឮ​គេ​ថា​បបួល​គ្នា​ក៏​ទៅ​ជាមួយ​នឹង​គេ​ដែរ​ យក​នាង​អេត​ជា​កូន​ទៅ​ផង​ លី​ដឹង​ចូល​ព្រៃ​បាន​ឃើញ​ឧស​មួយ​ធំ ។ នាង​នី​យក​ដឹង​ពុះ​ឧស​ លុះ​ពុះ​យូរ​បន្តិច​ទៅ​ដឹង​ក៏​រង្គោះ​ធ្លាក់​ទៅ​ក្នុង​រន្ធ​ពស់ ។ នាង​នី​មើល​ទៅ​ឃើញ​ដឹង​និង​ពស់​កេងកង​ ក៏​និយាយ​នឹង​ពស់​នោះ​ឲ្យ​ហុច​ដឹង​ឲ្យ ។ ឯ​ពស់​កេងកង​ឆ្លើយ​ឡើង​ថា << អើ ! បើ​នាង​ឯង​ដោយ​អញ​ ធ្វើ​ប្រពន្ធ​អញ​​ទើប​អញ​ឲ្យ​ដឹង​ បើ​នាង​ឯង​មិន​ដោយ​អញ​ មិន​ធ្វើ​ជា​ប្រពន្ធ​អញ​ទេ​នោះ​ អញ​មិន​ឲ្យ​ដឹង​ទេ >> ។ នាង​នី​ឮ​ពស់​កេងកង​ថា​ដូច្នោះ​ហើយ​ ហេតុ​តែ​ជា​ស្រី​ខូច​ ក៏​ទទួល​ព្រម​ថា​ អើ ! លែង​តែ​អ្នក​ឲ្យ​ដឹង​មក​ខ្ញុំ​ចុះ​ ចាំ​ល្ងាច​ សឹម​ខ្ញុំ​ឲ្យ​មេ​អេត​មក​ហៅ >> ។ ពស់​កេងកង​ឮ​នាង​នី​ថា​ដូច្នោះ​ក៏​ឲ្យ​ដឹង​មក ។ នាង​នី​ផ្ដាំ​ថា << ដល់​ល្ងាច​ សឹម​ឲ្យ​មេ​អេត​មក​ហៅ >> ហើយ​នាង​នី​ក៏​ទូល​ឧស​ទៅ​ផ្ទះ​ជា​មួយ​នឹង​នាង​អេត ។ លុះ​ដល់​ព្រលប់​នាង​នី​ ក៏​ប្រើ​មេ​អេត​ជា​កូន​ឲ្យ​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេត​ទៅ​ដល់​ឈរ​នៅ​មាត់​រន្ធ​ពស់​ ហៅ​ថា << ពស់​កេងកង​អើយ​ នាង​នី​ឲ្យ​ហៅ ! >> ។ ឯ​ពស់​កេងកង​ឮ​ហើយ​លូន​ចេញ​មក ។ នាង​អេត​ឃើញ​ពស់​ក៏​ភ័យ​ខ្លាច​ព្រឺ​ស្ងើប​អស់​ទាំង​ខ្លួន​ ប៉ុន្តែ​ខ្លាច​ម្ដាយ​ព្រោះ​ម្ដាយ​ប្រើ​មក​ ក៏​ខំ​សង្កត់​ចិត្តនាំ​ពស់​ទៅ​ផ្ទះ ។ ពស់​នោះ​ធំ​ណាស់​ លូន​ទៅ​លើ​ស្មៅ​បាក់​រាប​អស់​ ដល់​ផ្ទះ​ហើយ​ក៏​ឡើង​ទៅ​ដេក​ជា​មួយ​នឹង​នាង​នី ។ នាង​នី​និយាយ​នឹង​ពស់​កេងកង​ថា << ខ្ញុំ​មាន​ប្ដី​ ឥឡូវ​នេះ​គាត់​ទៅ​ជួញ​អង្កាំ​ពីរ - បី​ឆ្នាំ​មក​ម្ដងៗ >> ។ ពស់​កេងកង​សួរ​ថា << ប្ដី​នាង​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ​ ប៉ុន្មាន​ខែ​ ទៀត​នឹង​មក​ដល់ ? នាង​នី​ឆ្លើយ​ថា<<មិន​ដឹង​ជា​ប៉ុន្មាន​ខែ​ ប៉ុន្មាន​ថ្ងៃ​ទៀត​ នឹង​មក​ដល់​ទេ>> ពស់​កេងកង​និង​នាង​នី​ ក៏​ដេក​លក់​ជា​មួយ​គ្នា​ទៅ​ ដល់​ជិត​ភ្លឺ​ទើប​ពស់​កេងកង​លា​នាង​នី​ទៅ​រូង​វិញ ។ នាង​នី​ផ្ដាំ​ថា << បើ​ប្ដី​ខ្ញុំ​មក​ ខ្ញុំ​មិន​ឲ្យ​មេ​អេត​ទៅ​ហៅ​ទេ​ អ្នក​កុំ​មក, បើ​ប្ដី​ខ្ញុំ​មិន​ទាន់​មក​នោះ​ ខ្ញុំ​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​អ្នក​ សឹម​អ្នក​មក >>។ពស់​កេងកង​ក៏​ទៅ​ឯ​រូង​ខ្លួន​វិញ​ទៅ ។ រាល់​តែ​ល្ងាច​នាង​នី​ប្រើ​មេ​អេត​ឲ្យ​ទៅ​ហៅ​ពស់​កេងកង ។ នាង​អេត​ខ្លាច​ម្ដាយ​ក៏​ទៅ​ហៅ​តាម​ពាក្យ​ម្ដាយ​ប្រើ​ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្លាច​ពស់​នោះ​ណាស់ ត្បិត​ពោះ​នោះ​ធំ​ណាស់​ ហើយ​វែង​ផង ។ មួយ​ទៀត​ ខឹង​ក្នុង​ចិត្ត​ ត្បិត​ម្ដាយ​សាហាយ​នឹង​ពស់ ។ នាង​អេត​ទៅ​ដល់​មាត់​រូង​ហើយ​ហៅ​ថា << ពស់​កេងកង​អើយ​ នាង​នី​ឲ្យ​ហៅ >> ពស់​កេងកង​ឮ​ក៏​លូន​ចេញ​មក​ហើយ​ឆ្លើយ​ថា << អេត​អេត​អើយ ! ថា​អញ​មិន​ទៅ​ឪពុក​អេត​នៅ​កាត់​ក្បាល​អញ​ដាច់ >> នាង​អេត​ឆ្លើយ​ថា << ឪពុក​អញ​ទៅ​ជួញ​អង្កាំ​ ពីរ - បី​ឆ្នាំ​មិន​ទាន់​មក​ដល់ >> ។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ ក៏​លូន​ចេញ​អំពី​រន្ធ​មក​ ហើយ​ចេះ​តែ​ទៅ​មកៗ​តែ​សព្វ​ថ្ងៃ ។ នាង​នី​សាហាយ​នឹង​ពស់​កេងកង​ទាល់​តែ​ផើម ។ លុះ​យូរ​បន្តិច​ទៅ​ប្ដី​នាង​នី​មក​ពី​ជួញ​អង្កាំ​វិញ​ ឃើញ​នាង​នី​ពោះធំ​នឹក​សង្ស័យ​ ក៏​សួរ​នាង​អេត​ជា​កូន។នាង​អេត​ប្រាប់​ឪពុក​ថា << ម៉ែ​គាត់​សាហាយ​នឹង​ពស់​កេងកង​ តែ​វេលា​ព្រលប់​កាលណា​ឲ្យ​ខ្ញុំ​ទៅ​ហៅ​តែ​សព្វ​ថ្ងៃ >>។ ឪពុក​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ក៏​និយាយ​នឹង​នាង​អេត​ថា <<ដល់​ល្ងាច​ហង​ឯង​ទៅ​ហៅ​ពស់​នោះ​ទៀត​ អញ​ចាំ​កាប់​វា​នៅ​មាត់​ទ្វារ​ ហើយ​ហង​ឯង​កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង >> ។ ឯ​នាង​អេត​លុះ​ដល់​ព្រលប់​ក៏​ទៅ​ហៅ​ពស់​កេងកង​ថា << ពស់​កេងកងៗ ! នាង​នី​ឲ្យ​ហៅ >> ។ ពស់​កេងកង​ឮ​ហើយ​ឆ្លើយ​ថា << អេត​អេត​អើយ! ថា​អញ​មិន​ទៅ​ ឪពុក​អេត​នៅ​កាត់​ក​អញ​ដាច់ >> ។ នាង​អេត​ឆ្លើយ​ថា << ឪពុក​អញ​ទៅ​ជួញ​អង្កាំ​ពីរ - បី​ឆ្នាំ​មិន​ទាន់​មក​ដល់ >> ។ ពស់​កេងកង​ឮ​នាង​អេត​ប្រាប់​ដូច្នោះ​ស្មាន​ថា ឪពុក​នាង​មិន​ទាន់​មក​ពី​ជួញ​អង្កាំ​មែន​ ក៏​ទៅ​ដូច​សព្វ​ថ្ងៃ ។ ឯ​ឪពុក​នាង​អេត​កាន់​ដាវ​ពួន​នៅ​មាត់​ទ្វារ​ចាំ​កាប់ ។ ពស់​កេងកង​លូន​ចូល​ក្នុង​ទ្វារ​បន្តិច​ ឪពុក​នាង​អេត​កាត់​ក​ដាច់​ ហើយ​កាត់​មួយ​កំណាត់​ខាង​កន្ទុយ​យក​ទៅ​ដាក់​លើ​ស្កាក​ មួយ​កំណាត់​ខាង​ក្បាល​យក​ទៅ​ដាក់​លើ​មែក​ពុទ្រា​ ឯ​កណ្ដាល​ខ្លួន​យក​ទៅ​ពន្លះ​ពន្លាត់​ស្បែក​ចោល​ ហើយ​ផ្ដាំ​នាង​អេត​ថា << កុំ​ឲ្យ​ម្ដាយ​ហង​ឯង​ដឹង​ តែ​ត្រូវ​ទុក​សាច់​ស្ល​ឲ្យ​ម្ដាយ​ហង​ឯង​ស៊ី >> ។ ឪពុក​នាង​អេត​ក៏​លាង​ឈាម​ពស់​ជ្រះ​អស់​មិន​ឲ្យ​មាន​សល់ ។ ឯ​នាង​នី​ពុំ​បាន​ដឹង​ជា​ប្ដី​កាប់​ពស់​សាហាយ​ស្លាប់​ទេ​ ព្រោះ​ពេល​នោះ​នាង​នី​មិន​នៅ​ ទៅ​សួរ​បងប្អូន​នៅ​ផ្ទះ​ឆ្ងាយ ។ លុះ​ព្រឹក​ឡើង​នាង​អេត​យក​សាច់​ពស់​មក​ស្ល​ទុក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី ។ នាង​នី​ឃើញ​សម្ល​ខ្លាញ់​រលើប​ទាំង​ចាន​ទាំង​ឆ្នាំង​ ក៏​សួរ​នាង​អេត​ថា << បាន​សាច់​អ្វី​ស្ល​មី​អេត ! >> ។ នាង​អេត​ប្រាប់​ថា << សាច់​ជ្រូក >> ។ នាង​នី​គិត​ស្មាន​ថា​សាច់​ជ្រូក​មែន​ ក៏​ឲ្យ​មី​អេត​ដួស​សម្ល​យក​មក​ស៊ី​បាយ ។ កាល​នាង​អេត​ដួស​សម្ល​មក​ឲ្យ​នាង​នី​ជា​ម្ដាយ​ស៊ី​នោះ​ មាន​ក្អែក​មួយ​វា​ឃើញ​ក្បាល​ពស់​ដាក់​លើ​មែក​ពុទ្រា​ វា​ចង់​ស៊ី​សាច់​ពស់​ វា​បូល​ថា << កឡូវៗ​ក្លេមក្លម​លេប​សាច់​ប្ដី​ឯង >> ។ នាង​នី​កំពុង​ស៊ី​បាយ​ឮ​ក្អែក​បូល​ដូច្នោះ​ ក៏​មើល​ទៅ​លើ​មែក​ពុទ្រា​ឃើញ​ក្បាល​ពស់​កេងកង​លើ​មែក​ឈើ​ ហើយ​នាង​នី​នឹក​អាណិត​ស្រក់​ទឹក​ភ្នែក​ តែ​នាង​ពុំ​ហ៊ាន​យំ​​ព្រោះ​ខ្លាច​ប្ដី​ដែល​អង្គុយ​ស៊ី​បាយ​ជា​មួយ​គ្នា ។ ប្ដី​ឃើញ​នាង​នី​ស្រក់​ទឹក​ភ្នែក​ក៏​សួរ​ថា << ហេតុ​ដូម្ដេច​បាន​ជា​ស្រក់​ទឹក​ភ្នែក ? >> ។ នាង​នី​ឆ្លើយ​ថា << ស៊ី​បាយ​ក្ដៅ​ សម្ល​ក្ដៅ​រឭក​កូនចៅ​ រលោង​ទឹក​ភ្នែក >> ។ ឯ​ក្អែក​នោះ​ចេះ​តែ​បូល​ថា << កឡូវៗ​ ក្លេមក្លម​លេប​សាច់​ប្ដី​ឯង​ ក្បាល​ដាក់​លើ​ដើម​ពុទ្រា​ កន្ទុយ​ដាក់​លើ​ស្កាក >> ។ នាង​នី​មើល​ទៅ​លើ​ស្កាក​ឃើញ​កន្ទុយ​ពស់​កេងកង​លើ​នោះ ។ ឯ​ប្ដី​នាង​នី​ដឹង​ថា​ប្រពន្ធ​សាហាយ​នឹង​ពស់​កេងកង​ពិត​ប្រាកដ​ហើយ​ ក៏​នឹក​ភ្នក​ក្នុង​ចិត្ត​ខឹង​ចង់​សម្លាប់​នាង​នី​ ប៉ុន្តែ​ធ្វើ​មិន​ឲ្យ​នាង​នី​ដឹង​ខ្លួន ។ ដល់​នាង​នី​ផើម​ចាស់​ផ្ទៃ​ ជិត​នឹង​សម្រាល​ប្ដី​បបួល​ទៅ​កក់​សក់​នៅ​មាត់​បឹង​ លុះ​ដើរ​ទៅ​ដល់​មាត់​បឹង​ប្រាប់​ប្រពន្ធ​ថា << ទៅ​ទៀត​ឲ្យ​ឆ្ងាយ​ពី​ស្រុក​គេ​ យើង​នឹង​កក់​សក់​លេង​ឲ្យ​សប្បាយ​តែ​ពីរ​នាក់​ម្ដង >> ។ នាង​នី​មិន​ដឹង​ខ្លួន​ឯង​ថា​ប្ដី​សម្លាប់​ ស្មាន​ថា​ប្ដី​នាំ​ទៅ​កក់​សក់​មែន​ ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ឆ្ងាយ​ទៅ ។ លុះ​ឃើញ​កំពង់​មួយ​រាបស្អាត​ វាល​ល្អ​ ប្ដី​ប្រាប់​ប្រពន្ធ​ថា << កំពង់​នេះ​រាប​សប្បាយ​ យើង​ឈប់​កក់​សក់​នៅ​នោះ​ចុះ >> ឯ​នាង​នី​មិន​ដឹង​ខ្លួន​ជា​ប្ដី​គិត​សម្លាប់​ក៏​អង្គុយ​កក់​សក់​នៅ​មាត់​ច្រាំង ។ ប្ដី​នោះ​ក៏​ហូត​ដាវ​កាប់​នាង​នី​ពី​ក្រោយ​ខ្នង​មិន​ឲ្យ​ដឹង​ខ្លួន​ ដាច់​ពាក់​កណ្ដាល​ខ្លួន​ស្លាប់​ទៅ ។ ពេល​នោះ​ឃើញ​សុទ្ធ​តែ​កូន​ពស់​លូន​ចេញ​មក​អំពី​ពោះ​នាង​នី​មក ។ ប្ដី​នាង​នី​ក៏​កាប់​កូន​ពស់​នឹង​ដាវ​ ខ្លះ​កាប់​មិន​ទាន់​ ក៏​លូន​ចូល​ទៅ​ក្នុង​ក្រហែង​ដី​ ខ្លះ​មុជ​ក្នុង​ទឹក​ ខ្លះ​ចូល​ទៅ​ក្នុង​ព្រៃ ។ ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​ពស់​ច្រើន​បែប​ច្រើន​យ៉ាង​ មក​ដល់​ឥឡូវ​នេះ ។

ឃ្លាត​ឆ្ងាយ ណាយ​ចិត្ត


Tuesday, April 6, 2010

រឿង​ ស្រី​កណ្តុរ​ល្អោច គឺ​កណ្តុរ​បំផ្លាញ

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ១០៩

កាល​ពី​ដើម មាន​បុរស​ម្នាក់​មាន​ប្រពន្ធ ។ បុរស​នោះ តែង​ទៅកាប់​ចម្ការ​សព្វ​ថ្ងៃ លុះ​កាប់​ចម្ការ​ទៅ​ដល់​ដើម​ជ្រៃ​មួយ ស្តេច​កណ្តុរ​ស ដែល​នៅ​នឹង​ដើម​ជ្រៃ​នោះ មាន​សេចក្តី​ភិត​ភ័យ ហើយ​ហើយ​ទៅ​អង្វរ​បុរស​ដែល​កាប់​ព្រៃ​ធ្វើ​ចម្ការ​នោះ​ថា " សុំ​ឲ្យ​បុរស​ទុក​តែ​ដើម​ជ្រៃ​មួយ​នេះ ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ជា​មាស ក្នុង​មួយ​ថ្ងៃ​មួយ​ដុំ " ។ បុរស​នោះ ក៏​ព្រម​ទុក​ដើម​ជ្រៃ​ឲ្យ ។ ស្តេច​កណ្តុរ​ស បាន​យក​មាស​មក​ប្រគល់​ឲ្យ​បុរស​នោះ​តែ​រាល់​ថ្ងៃ ។ បុរស បាន​មាស​ហើយ យក​ទៅ​ប្រគន់​ឲ្យ​ប្រពន្ធ​តែ​រាល់​ថ្ងៃ ។ ប្រពន្ធ​សួរ​ថា " អ្នក​ បាន​មាស​ពី​ណា? " ។ ប្តី​ថា​ "នាង​កុំ​ចង់​ដឹង​អី ចេះ​តែ​ទុក​ទៅ" ។ ប្រពន្ធ​ថា " បើ​អ្នក​មិន​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ប្តឹង​អ្នក​រាជការ​ចៅ​ទៃ ឬ​ទៅ​ទូល​ស្តេច​ថា អ្នក​លួច​ព្រះរាជ​ទ្រព្យ " ។ បុរស​នោះ ឮ​ប្រពន្ធ​ថា​ដូច្នោះ ក៏​ភ័យ ហើយ​បាន​ថ្លែង​ប្រាប់​ទៅ​ប្រពន្ធ តាម​ដំណើរ​ដែល​បាន​មាស​ពី​ស្តេច​កណ្តុរ​ស នោះ ។ នាង​ប្រពន្ធ​បាន​ដឹង​ដូច្នោះ​ហើយ ក៏​ប្រាប់​ទៅ​ប្តី​វិញ​ថា " អ្នក​នេះ ហៅ​ពេញ​ជា​ឆោត ចាញ់​ប្រាជ្ញា​សត្វ បើ​អ្នក​កាប់​ដើម​ជ្រៃ​នោះ​ឲ្យ រលំ​ហើយ​ពុះ​បំបែក​យក​មាស​ពី​ក្នុង​ដើម​ជ្រៃ​នោះ នឹង​បាន​ច្រើន ព្រោះ​ស្តេច​កណ្តុរ​ស វា​យក​មាស​តែ​ពី​ក្នុង​ដើម​ជ្រៃ​នោះ " ។ បុរស​បាន​ឮ​សំដី​ប្រពន្ធ​ហើយ ក៏​ជឿ លុះ​ព្រឹក​ឡើង ទៅ​កាប់​រលំ​ដើម​ជ្រៃ​នោះ​រលំ​ទៅ ហើយ​ក៏​ពុះ​មើល ពុំ​ឃើញ​មាន​មាស​អ្វី​បន្តិច​សោះ ។ ស្តេច​កណ្តុរ​ស​ក៏​រត់​ចោល​ដើម​ជ្រៃ​នោះ​ទៅ ។ វេលា​យប់​ស្តេច​កណ្តុរ​ស នាំ​គ្នា​ទៅ​លួច​យក​មាស ពី​ផ្ទះ​បុរស​នោះ​អស់​មក​វិញ ៕


ចង់​ស៊ី​កុំ​តាម​ឃ្លាន

រឿង​ បុរស​ចាក់​ស្មុក្រ

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ១១០-១១១

កាល​ពី​ដើមម្នាក់​ចេះ​ចាក់​ស្មុគ្រ ។ បុរស​នោះ ចង់​បាន​ខ្ញុំ​ប្រើ ក៏​ឡើង​ទៅ​ចាក់​ស្មុគ្រ​លើ​ចុង​ត្នោត ហើយ​គិត​តែ​ម្នាក់​ឯង​ថា " បើ​ងញ​ចាក់​ស្មុគ្រ​បាន១ លក់​បាន ១០ សេន, បើ​ចាក់​ស្មុគ្រ​បាន ១០០០ នឹង​លក់​ទៅ​បាន ១០០ រៀល រួច​អញ​លោះ​មនុស្ស​ប្រើ, បើ​ប្រើ​មិន​បាន​ដូច​ចិត្ត អញ​នឹង​ធាក់​វាយ​វា " ។ បុរស​នោះ​មិន​គ្រាន់​តែ​គិត​គ្នុង​ចិត្ត ក៏​ងារ​ដៃ​លើក​ទាំង​ចើង ធាក់​ធាង​ត្នោត ក៏​របូត​ខ្លួន​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បាន​ដៃ​ប្រវា​ចាប់​ស្លឹក​ត្នោត​ជាប់​តាន់​គ៏​នៅ​តែ​កតោកៗ ដូច​ជា​គេ​ព្យួរ ។ គ្រា​នោះ មនា​ទ្រមាក់​ដំរី​ម្នាក់ ជិះ​ដំរី​មក​ជិត​នោះ ។ បុរស​នោះ​ស្រែក​ថា " បើ​ង្នក​ណា​ជួយ​ដាក់​ខ្ញុំ​ពី​ចុង​ត្នោត​បាន ខ្ញុំ​សុខ​ចិត្ត​ចូល​ទៅ​បម្រើ​លោក​អស់ ១ ជីវិត " ។ ទ្រមាក់​ដំរី​ឮ​ហើយ មាន​ចិត្ត​ត្រេក​អរ បរ​ដំរី​ចូល​ទៅ​ដល់​ក្រោម​ដើម​ត្នោត ឈរ​លើ​ខ្នង​ដំរី​ដៃ​តោង​ជើង​បុរស​នោះ​ជាប់ ដូច​ជា​អង្រួន​ខ្នង​ដំរី​នោះ ដំរី​ក៏​ដើរ​ទៅ ។ ទ្រមាក់​ដំរី​ក៏​ព្យួរ​ជា​មួយ​នឹង​បុរស​នោះ ។ គ្រា​នោះ​មាន​មនុស្ស​ទំពែក​ ៤ នាក់ ដើរ​ស្វែង​រក​មនុស្ស​ទៅ​បម្រើ​ប្រពន្ធ​គ្រប់​គ្នា លុះ​ដើរ​ទៅ​ដល់​ក្រោម​ដើម​ត្នោត​នោះ ទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ្រ​ស្រែក​ថា " បើ​លោក​អ្នក​ណា​ជួយ​ខ្ញុំ​ឲ្យ​បាន​រួច​ពី​ចុង​ត្នោត​នេះ ខ្ញុំ​ទាំង​ពីរ​នាក់ សុខ​ចិត្ត​ទៅ​នៅ​បម្រើ​លោក​អស់​១​ជីវិត ។ ទំពែក​ទាំង ៤ នាក់​នោះ​ឮ​ហើយ ត្រេក​អរ​ណាស់ គិត​ថា បាន​ដូច​សេចក្តី​ប្រាថ្នា ក៏​ស្រែក​ថា " យើង​ទាំង​ ៤ នាក់​នឹង​ជួយ​អ្នក​ឲ្យ​រួច " ។ ទំពែក​ទាំង ៤ ឈ​ក្រោម​ដើម​ត្នោត យក​សំពត់​ចង​ក​ខ្វែង​ទល់ មុខ​គ្នា​ជា ៤ ជ្រុង ហើយ​ស្រែក​ប្រាប់​ទៅ​បុរស​ចាក់​ស្មុគ្រ និង​ទ្រមាក់​ដំរី​ថា " ចូរ​អ្នក​ទាំង​ពីរ​នាក់​ទម្លាក់​ខ្លួន​ពី​លើ​ចុង​ត្នោត​នោះ​មក​ចុះ! " ។ បុរស​ចាក់​ស្មុគ្រ​និង​ទ្រមាក់​ដំរី​ទម្លាក់​ខ្លួន​ទាំង​បីរ​នាក់ មក​លើ​សំពត់​ដែល​បុរស​ទំពែក​ទាំង ៤ នាក់​ចង​នោះ ដូច​ជា​គេ​ទាញ​សំពត់​ជាប់​នឹង​ក​ទំពែក​ទាំង ៤ ជល់​ក្បាល​គ្នា​ស្លាប់​ទាំង​បួន​នាក់​ទៅ ។ ឯទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ្រ ឃើញ​ទំពែក​ទាំង ៤ នាក់​ស្លាប់​ដូច្នោះ ភ័យ​ណាស់ ទៅ​និយាយ​នឹង​យាយ​ចាស់​ម្នាក់​ថា " បើ​និយាយ​គិត​ដូច​ម្តេច​ឲ្យ​បាន​សុខ យើង​ទាំង​ពីរ​នាក់ នឹង​នៅ​បម្រើ​យាយ ទាល់​អស់​ជីវិត " ។ យាយ​ចាស់ មាន​ចិត្ត​ត្រេក​អរ ដោយ​ប្តី​ខ្លួន​ទៅ​កាប់​ចម្ការ​ឯព្រៃ ហើយ​និយាយ​ថា " បើ​ដូច្នោះ អ្នក​ទៅ​យក​ខ្មោច​ទាំង ៤ នោះ​មក​ដាក់​ក្នុង​ផ្ទះ ចង​រុំ​ឲ្យ​ស្រេច " រួច​យាយ​ចាស់​ឲ្យ​យក​ខ្មោច ១ ចេញ​ពី​ផ្ទះ​មក គាត់​ស្រែក​យំ ។ អ្នក​ស្រុក​សួរ, គាត់​ប្រាប់​ថា " ប្តី​គាត់​ស្លាប់" អ្នក​ស្រុក​ក៏​ជួយ​យក​ខ្មោច​នោះ​ទៅ​ដុត, យាយ​ចាស់​ប្រាប់​ថា "សូម​អ្នក​ទាំង​អស់​ដុត​ធ្វើ​ឲ្យ​ល្អ ត្បិត​ប្តី​ខ្ញុំ​គាត់ ស្រឡាញ់​ខ្ញុំ​ណាស់ កាល​ដែល​គាត់​នៅ​រស់ " ។ លុះ​គេ​យក​ខ្មោច ១ ទៅ​ដុត​ហើយ​យាយ​ចាស់​ស្រែក​ថា " ប្តី​គាត់​ទៅ​ផ្ទះ​ទៀត​ហើយ " ។ អ្នក​ស្រុក ក៏​ទៅ​យក​មក​ដុត​ទៀត ។ លុះ​ដុត​ទៅ​គម្រប់ ៤ លើក ទើប​ឃើញ​តា​ចាស់​ប្តី​យាយ​នោះ​ចេញ​មក​ពី​ព្រៃ​ចម្ការ មាន​ខ្លួន​នោះ​ប្រឡាក់​សុទ្ធ​តែ​ធ្យូង ពួក​អ្នក​ស្រុក​ឃើញ ក៏​នាំ​គ្នា​ដេញ​ចាប់​តា​ចាស់​នោះ យក​ទៅ​ដុះ​ទាំង​រស់​ឲ្យ​ស្លាប់​ទៅ ។

រឿង​ អ្នក​ដំណើរ​ពីរ​នាក់​ដណ្តើម​គ្នា​ដេក​កណ្តាល

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ១១២-១១៥

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​ដើរ​ទៅ​ផ្លូវ​ឆ្ងាយ ចួន​យប់​ក្នុង​ព្រៃ​ងងឹត​ដើរ​ទៅ​មិន​រួច បបួល​គ្នា​ដេក​ក្នុង​ព្រៃ ។ អ្នក​ទាំង​ពីរ​នាក់ ចង់​ដេក​កណ្តាល​តែ​រៀង​ខ្លួន ប៉ុន្តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្តេច​នឹង​បាន​ដេក​កណ្តាល ។ បុរស​ទាំង​ពីរ​នាក់​គិត​គ្នា​ថា " បើ​ដូច្នោះ យើង​ដេក​យក​ជើង​ទល់​គ្នា " ហើយ​បុរស​ទាំង​នោះ ក៏​ដេក​យក​ជើង​ទល់​គ្នា​ទាំង​ពីរ​នាក់​ទៅ ។ ក្រោយ​មក​មាន​ខ្លា​មក​ឃើញ​មនុស្ស​ដេក​យក​ជើង​ទល់​គ្នា ហើយ​ទទូរ​សំពិត​ជិត មើល​មិន​ដឹង​ជា​សត្វ​អ្វីវែង​ដូច្នោះ ឆ្ងល់​ណាស់​ត្បិត​មិន​ដែល​ឃើញ ក៏​បបួល​អស់​សត្វ​ឯទៀត​ជា​ច្រើន មាន​ទាំង​ដំរី​ ក្របី គោ រមាស រមាំង ក្តាន់​ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់​សត្វ​ទាំង​អស់​មក​មើល គ្មាន​សត្វ​ណា​មួយ​ស្គាល់​សោះ ។ ក្រោយ​មក​ទៀត សត្វ​ទាំង​អស់​នោះ​គិត​គ្នា​ថា " ឥឡូវ​នេះ នឹង​មាន​អ្នក​ឯណា​ស្គាល់​សត្វ​នេះ? ពួក​យើង​បបួល​គ្នា​មក​មើល​សត្វ​នេះ ច្រើន​ភាសា​ណាស់​ហើយ នៅ​សល់​សត្វ​អ្វី​ទៀត ដែល​មិន​ទាន់​បាន​មក​មើល? " ។ អស់​សត្វ​ទាំង​នោះ គិត​គ្នា​ទៅ ឃើញ​នៅ​សល់​តែ​ទន្សាយពុំ​បាន​មក, មួយ​ទៀត​ ឮ​ល្បី​ថា " ទន្សាយ​នោះ ជា​អ្នកមាន​ប្រាជ្ញា ចេះ​និយាយ​ក្បួន​ច្បាប់​ទម្លាប់ ចេះ​កល​មាយា ចាំ​ទំនឹម​ទំនៀម​ច្រើន​បើ​ដូច្នេះ យើង​ប្រើ​បង​ដំរី​ឲ្យ​ទៅ​អញ្ជើញ​បង​ទន្សាយ​នោះ​ទើប​បាន ត្បិត​បង​ទន្សាយ​បើ​មាន​នរណា​ទៅ​ពឹង​ការ​អ្វី​គាត់ៗ កាន់​ខ្លួន​ណាស់ " ។ សត្វ​ទាំង​នោះ គិត​គ្នា​ហើយ ឲ្យ​ដំរី​ទៅ​អញ្ជើញ​ទន្សាយ​ ។ ដំរី​ក៏​ទៅ ឃើញ​ទន្សាយ​អង្គុយ​នៅ​លើ​ក្បាល​ដំបូក ។ ទន្សាយ​ឃើញ​ដំរី​ដើរ​យេក​យោក​មក​ពី​នាយ ក៏​សួរ​ថា " បង​ដំរី​! មាន​ហេតុ​អ្វី បាន​ជា​រលះ​រលាំង​មក? " ។ ដំរី​ឆ្លើយ​ថា " បង​ទន្សាយ! ត្បិត​មាន​សត្វ​អ្វី​មួយ​ចំឡែក​ណាស់ គ្មាន​នរណា​ស្គាល់​សោះ បាន​ជា​អស់​សត្វ​ក្នុង​ព្រៃ​នេះ ឲ្យ​ខ្ញុំ​មក​អញ្ជើញ​បង​ទន្សាយ​ឯង​ទៅ​មើល ក្រែង​បង​ទន្សាយ​ឯង​ស្គាល់​សត្វ​នោះ" ។ ឯទន្សាយ​ឮ​ដូច្នោះ ហើយ​សួរ​ថា " សត្វ​នោះ​ដូច​ម្តេច តូច​ឬ​ធំ វែង​ឬ​ខ្លី ? ។ ដំរី​ថា " សត្វ​នោះ ធំ​ចុង ធំ​គល់ តូច​កណ្តាល ហើយ​វែង​ប្រមាណ​ប្រាំ​ហត្ថ " ។ ទន្សាយ​ឮ​ដូច្នោះ​ឆ្លើយ​ឡើង​ថា " ឱបើ​ដូច្នោះ បង​ដំរី​កុំ​ព្រួយ​ចិត្ត ចាំ​ខ្ញុំ​ទៅ​មើល​ឲ្យ​ស្គាល់​សត្វ​នោះ ប៉ុន្តែ​បង​ដំរី​ឯង​ ឲ្យ​ខ្ញុំ​ជិះ​លើ​ក្បាល​បង​ឯង​ទៅ " ។ ដំរី​ឮ​ដូច្នោះ​ហើយ ដើរ​ចូល​តៅ​ឱនក្បាល​ឲ្យ​ទន្សាយ​ជិះ​លើ​ក្បាល ទន្សាយ​ធ្វើ​ជា​ក្អេង​ក្អាង លុះ​ទៅ​ដល់​ហើយ ចុះ​ពី​ក្បាល​ដំរី យក​ស្លឹក​ឈើ​ដែល​មាន​ស្នាម​ដង្កូវ​វារ​ដូវ​ជា​អក្សរ កាន់​លើក​ឡើង​ធ្វើ​ជា​សំបុត្រ​ថា " អស់​បង​ប្អូន​ស្តាប់​ខ្ញុំ ត្បិត​ខ្ញុំ​ជា​បម្រើ​ព្រះឥន្រ្ទៗ លោក​ប្រើ​ឲ្យ​នាំ​សំបុត្រ​មក " ហើយ​ទន្សាយ​ឡើង​លើ​ដំបូក​ធ្វើ​ជា​អាន​សំបុត្រ​ថា " សត្វ​នេះ ព្រះឥន្រ្ទ​លោក​ប្រើ​មក ឈ្មោះ​សត្វ​យោគី​យោគា យក​ទាំង​អស់​គ្នា យក​ទាំង​អញ យក​ទាំង​ឯង " ។ អស់​សត្វ​ឮ​ទន្សាយ​មើល​សំបុត្រ​ថា " ព្រះឥន្រ្ទ​ឲ្យ​មក​យក​ទាំង​អស់​គ្នា " ក៏​ស្ទុះ​បោល​ជាន់​គ្នា​ស្លាប់ បាក់​ដៃ​បាក់​ជើង​ពាស​ពេញ ស្រែក​លាន់​ទាំង​ព្រៃ ។ មនុស្ស​២​នាក់​នោះ ដឹង​ថា​សត្វ​ទាំង​នោះ ផ្អើល​ភ្ញាក់​រត់​ជាន់​គ្នា​ស្លាប់​ដូច្នោះ ក្រោក​ឡើង​លើក​ដៃ​សំពះ​ទន្សាយ​ថា " បង​ទន្សាយ មាន​គុណ​នឹង​យើង​ខ្លាំង​ណាស់ បើ​ប្រសិន​ជា​យើង​មិន​បាន​បង​ទន្សាយ​មក​ធ្វើ​ឧបាយ​កល​ឲ្យ​យើង​ទេ នោះ​សម​ខ្លា​វា​នឹង​ខាំ​យើង​ស៊ី​ជា​ចំណី​វា​ទៅ​ហើយ, បង​ទន្សាយ​ឯង​មាន​ប្រាជ្ញា​ល្មម​ធ្វើ​ជា​សុភា​បាន" ។
ឯមនុស្ស​ទាំង​ពីរ​នាក់ មើល​ទៅ​ឃើញ​អស់​សត្វ​ជាន់​គ្នា​ស្លាប់​ពេញ​ព្រៃ​ដូច្នោះ បបួល​គ្នា​អារ​យក​សាច់​រែក​ទាំង​ពីរ​នាក់ ដើរ​ទៅ​បន្តិច ឃើញ​ខ្លា​សំគម​មួយ​ដំរី​ជាន់​បាក់​ជើង ដើរ​បាន​តិចៗ ក៏​បបួល​គ្នា​យក​ខ្សែ​ចង​ដឹង​យក​ទៅ លុះ​ដើរ​ទៅ​បន្តិច​ជួប​នឹង​អ្នក​បររទេះ​គោ ។ ឯ​អ្នក​បររទេះ​គោ​នោះ ឃើញ​អ្នក​ទាំង​ពីរ​រែក​សាច់​មក​ដូច្នោះ​ក៏​បញ្ឍប់​រទេះ​សួរ​ថា " អ្នក​ធ្វើ​ដូច​ម្តេច ក៏​បាន​សាច់​ច្រើន​ម្ល៉េះ​? ។ អ្នក​នោះ​បញ្ឆោតថា " ឆ្កែ​កំបាក់​ជើង​ខ្ញុំ​នេះ​ឯង វា​ដេញ​ខាំ ត្បិត​ឆ្កែ​នេះ ជា​ឆ្កែ​ប្រដេញ វា​តែង​តែ​ដេញ​សត្វ​មក មិន​ដែល​ស្ងួត​ឆ្នាំង​ដល់​មួយ​ពេល​ទេ ក្រែង​តែ​គ្មាន​សត្វ បើ​ព្រៃ​ឯណា​មាន​សត្វ​ហើយ មិន​ដែល​រួច​ពី​អាក្លឹក​ឆ្កែ​ប្រដេញ​ខ្ញុំ​នេះ​ទេ ឲ្យ​តែ​វា​ឃើញ​ស្នាម​ជើង​នោះ សង្ឃឹម​ថា​បាន​ឲ្យ​លាង​ឆ្នាំង​ចាំ​ឲ្យ​ហើយ​ទៅ មុខ​ជា​នឹង​បាន​មិន​ដែល​ខាន​ទេ " ។ ឯ​អ្នក​បររទេះ​គោ ឮ​អ្នក​នោះ​និយាយ​អួត​ប្រាប់​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ល្ងង់​មិន​ស្គាល់​ក៏​ចង់​បាន​ខ្លា​កំបាក់​ជើង​សំគម​នោះ គិត​ថា ជា​ឆ្កែ​មែន​ទែន ហើយ​និយាយ​អង្វរ​លួង​លោម​ថា " បើ​ដូច្នោះ​ អ្នក​អាណិត​ខ្ញុំៗ សុំ​ទិញ​ឆ្កែ​អ្នក​យក​ទៅ​ប្រដេញ​ត្បិត​ស្រុក​ខ្ញុំ​មាន​សត្វ​ច្រើន​ណាស់ " ។ អ្នក​រែក​សាច់​ឆ្លើយ​ថា " បើ​ខ្ញុំ​លក់​ឆ្កែ​នេះ​ឲ្យ​អ្នក​ទៅ ផ្ទះ​ខ្ញុំ​សម​នឹង​ស្ងួត​ឆ្នាំង​ហើយ រក​អ្វី​ស៊ី​គ្នាន​ទេ ប៉ុន្តែ​អ្នក​បាន​ជួប​នឹង​ខ្ញុំ​ម្តង បើ​មិន​និយាយ​គ្នា​ក៏​មិន​បាន, ឆ្កែ​ខ្ញុំ​នេះ ខ្ញុំ​ស្រឡាញ់​វា​រក​អ្វី​ប្រៀប​គ្មាន​ទេ បើ​អ្នក​ចង់​ទិញ តើ​អ្នក​ឲ្យ​ថ្លៃ​ប៉ុន្មាន ? " ។អ្នក​បរ​រទេះ​គោ​ឆ្លើយ​ថា " ខ្ញុំ​មាន​តែ​គោ​មួយ​នឹម​នេះ​ឯង ហើយ​គោ​នេះ ខ្ញុំ​ស្រឡាញ់​រក​អ្វី​ប្រៀប​គ្នា​ទេ ត្បិត​បរ​មួយ​ថ្ងៃ​រាល់​ល្ងាច​មិន​ឈប់​សោះ​ក៏​បាន ក្នុង​មួយ​ថ្ងៃ​ឲ្យ​ទឹក​ផឹក​តែ​ម្តង ទាំង​ល្បឿន​ទៀត​ក្នុង​ស្រុក​អាយ​នេះ គ្មាន​គោ​ណា​លឿន​ស្មើ​ទេ, តែ​ឥឡូវ​នេះ ចិត្ត​ខ្ញុំ​ចង់​បាន​ឆ្កែ​អ្នក​ឯង យក​ទៅ​ដេញ​សត្វ​ឯស្រុក​ខ្ញុំៗ សុំ​ដូរ​ថ្នូរ​គោ​មួយ​នឹម ព្រម​ទាំង​កណ្តឹង ចង្រ្កង់ ត្រដោក ខ្សែ​ទាម ខ្សែ​ចន្ទោល​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​ជិះ​បរ​តែ​ម្តង, ខ្ញុំ​សុំ​តែ​ខ្លួន​និង​ប្រពន្ធ​ចុះ​ចេញ" ។ អ្នក​រែក​សាច់​ឮ​អ្នក​បរ​រទេះ​ថា " ដូច​ជា​គោ​មួយ​នឹង​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​បរ " ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ដោយ​សារ​រែក​សាច់​វា​ធ្ងន់​ផង ហើយ​ធ្វើ​ជា​មិន​ចង់​ដូរ​ទេ តែ​ក្នុង​ចិត្ត​ដូរ​ណាស់ និយាយ​ថា " ឆ្កែ​ខ្ញុំ​នេះ​ ខ្ញុំ​ស្រឡាញ់​ណាស់, ឥឡូវ​អ្នក​មក​សុំ​ដូរ​ពី​ខ្ញុំ​ទៅ ខ្ញុំ​ខំ​កាត់​ចិត្ត​ដូរ​ឲ្យ​អ្នក​ទៅ​ចុះ, ប៉ុន្តែ​អ្នក​ថ្នម​វា​ឲ្យ​ល្អ កុំ​ឲ្យ​វា​អត់​ឃ្លាន ហើយ​អ្នក​យក​សាច់​នេះ ទុក​ឲ្យ​វា​ស៊ី​តាម​ផ្លូវ​ទៅ " ។ ឯអ្នក​រែក​សាច់ ឲ្យ​សាច់​ទៅ​អ្នក​នោះ​ល្មម​ខ្លា​ស៊ី​ឆ្អែត​ ហើយ​យក​សាច់​ដាក់​លើ​រទេះ​បរ​ទៅ ។ អ្នក​ម្ចាស់​រទេះ​គោ​នោះ ក៏​ដឹក​ខ្លា​សំគម​កំបាក់​ជើង​ទេ ទៅ​បន្តិច​ទៅ ឲ្យ​សាច់​ទៅ​ខ្លា​ស៊ី​ជា​រឿយៗ ។ ខ្លា​នោះ​បាន​សាច់​ស៊ី​ មាន​កម្លាំង ក៏​ក្រាញ​មិន​ចង់​ទៅ ត្រា​តែ​ដាច់​ខ្សែ ហើយ​ដើរ​ចូល​ក្នុង​ព្រៃ​ទៅ, អ្នក​នោះ​ដឹង​ថា​ខ្លា​បោល​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ ក៏​រត់​ទៅ​តាម​ចាប់ ហើយ​ហៅ​ថា " បឺសៗ ! អាក្លឹក​មក​ឯ​អាយ" ។ ខ្លា​ឃើញ​មនុស្ស​ទៅ​ជិត បែរ​មក​គំរាម​ធ្វើ​ហ៊ែៗ ហ៊ៗ សន្ធាប់​ឲ្យ​អ្នក​នោះ ។ អ្នក​នោះ ឃើញ​ខ្លា​គំរាម​មុខ​គួរ​ឲ្យ​ខ្លាច​ដូច្នោះ ក៏​ថយ​មក​ក្រោយ​វិញ​ មិន​ហ៊ាន​តាម​ទៅ​ទៀត ប៉ុន្តែ​នឹក​ស្តាយ មើល​ទៅ​រទេះ​បរ​ទៅ​បាត់ មិន​ដឹង​ជា​ទៅ​ដល់​ណា ។ អ្នក​ម្ចាស់​ខ្លា​បាន​រទេះ​គោ​នោះ​ហើយ ក៏​ម្នី​ម្នា​ដាក់​អម្រែក​លើ​រទេះ ឡើង​ជិះ​ទាំង​ពីរ​នាក់ បរ​ជា​ប្រញាប់​ទៅ ឲ្យ​តែ​ហួស​ពី​មុខ​ម្ចាស់​រទេះ​នោះ ។ ឯអ្នក​ម្ចាស់​រទេះ​ដល់​ខ្លា​បោល​ចូល​ព្រៃ​ទៅ​ហើយ នឹក​ស្តាយ​ណាស់ មិន​ដឹង​គិត​ធ្វើ​ដូច​ម្តេច ក៏​បបួល​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

យក​ហេះ​ទៅ​ដូរ​ហោះ

រឿង​ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី


រឿង​ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

មាន​និទាន​មួយ​ដំណាល​ថា នៅ​ក្នុង​នគរ​មួយ​នោះ មាន​សេដ្ឋី​ពីរ​នាក់ សេដ្ឋី​ម្នាក់​មាន​កូន​ស្រី សេដ្ឋី​ម្នាក់​ទៀត​មាន​កូន​ប្រុស ទើប​សេដ្ឋី​ទាំង​ពីរ គិត​ផ្សំ​ផ្គុំ​កូន​ប្រុស-ស្រី​របស់​ខ្លួន​បាន​ជា​ស្វាមី​ភរិយា ។ គាប់​ជួន​ជា​នគរ​នោះ​​កើត​ចលាចល បះបោរ​ឡើង ហើយ​សេដ្ឋី​ទាំង​ពីរ​នាក់ ក៏​បាក់​បែក​ខ្ចាត់​ខ្ចាយ​ចេញ​ទៅ​នៅ​ទី​ទៃ​ៗ​ពីគ្នា ត​មក​សេដ្ឋី​មាន​កូន​ស្រី​នោះ ក៏​ផ្សំ​ផ្គុំ​កូន​ស្រី​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៅ កូន​ស្រី​ក៏​ព្រម​ទទួល​យក​ប្ដី​ពុំ​ប្រកែក លុះ​នាង​បាន​ទៅ​នៅ​នឹង​ប្ដី​ហើយ ទើប​នាង​ស្រដី​នឹង​ប្ដី​ថា ដ្បិត​អាពុក​ខ្ញុំ​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​មាន​ប្ដី​អំពី​មុន​រួច​ហើយ តែ ​ពុំ​ទាន់​បាន​​មូល​លំនៅ​ស្ថាន ស្រាប់​តែ​អ្នក​បាន​ខ្ញុំ​មក​ជា​ភរិយា ហើយ​ខ្ញុំ​ពុំ​ទាន់​បាន​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​មុន​នោះ​នៅ​ឡើយ ឥឡូវ​នេះ​ខ្ញុំ​សូម​លាអ្នក ទៅ​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​ដើម​​នោះ​សិន បើ​អម្ចាស់​បើក​ទើប​ខ្ញុំ​ហ៊ាន​ទៅ បើ​អម្ចាស់​ពុំ​បើក​ឲ្យ​ទៅ​ទតេ​ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។
ឯ​ប្ដី​នោះ​ឆ្លើយ​ថា អញ​គិត​ថា​នាង​ជ្រះ​ស្រឡះ​ទំនេរ​​ឥត​ប្ដី​ទេ បើ​នាង​មាន​ស្វាមី​អំពី​មុន​រួច​មក​ហើយ​ដូច្នោះ ចូរ​នាង​​ទៅ​ដោះ​​ប្ដេជ្ញា​​នឹង​ប្ដី​ដើម​ឲ្យ​ជ្រះ​ស្រឡះ​សិន​ចុះ អញ​ពុំ​ឃាត់​នាង​ឡើយ ។ ​លុះ​នាង​បាន​អនុញ្ញាត​ពី​ប្ដី​ដូច្នោះ​ហើយ ក៏​តាក់​តែង​ស្អិត​ស្អាង​រាង​កាយ ប្រដាប់​គ្រឿង​សម្រាប់​អាត្មា​រួច​ស្រេច​ហើយ ​ក៏​លីលា​ចេញ​ទៅ សំដៅ​ស្មោះ​ចំពោះ​រក​កូន​សេដ្ឋី​ជា​ប្ដី​ដើម​នោះ ស្រាប់​តែ​ទៅ​ពើប​ពះ​ប្រទះ​នឹង​ខ្លា​ធំ​អត់​អាហារ​មក ៧ ថ្ងៃ​ហើយ ទើប​ខ្លា​លោត​ទៅ​ប្រុង​ចាប់​នាង​ធី​ចំអែត​អាត្មា ។ នាង​ក៏​រ៉ាយ​រឿង​នាង​ឲ្យ​ខ្លា​ស្ដាប់​សព្វ​គ្រប់ ខ្លា​ក៏​លែង​បើក​ឲ្យ​នាង​ត្រេច​ទៅ​ដោយ​ស្រួល ។
ឯ​នាង​ខំ​ស្រូត​ដើរ ត​អំពី​នោះ​បន្តិច​មក​កូវ ស្រាប់​តែ​ចួប​ប្រទះ​ននឹង​ចោរ ៧ នាក់ ចោរ​យល់​នាង​នោះ​មាន​គ្រឿង​ប្រដាប់​សម្រាប់​អាត្មា​សឹង​ដ៏​ជា​របស់​មាន​ដំឡៃ ទើប​ចោរ​គិត​គ្នា​និង​ទៅ​ចាប់​នាង​យក​​អីវ៉ាន់​អស់​នោះ ។ នាង​ក៏​និយាយ​សារ​ស័ព្ទ​ប្រា​ប់​ចោរ​តាម​ដំណើរ​សព្វ​គ្រប់ ពួក​ចោរ​បាន​​ស្ដាប់​ដូច្នោះ ក៏​មិន​យក​ទ្រព្យ​ទាំង​នោះ​ឡើយ ហើយ​បើក​ឲ្យ​នាង​ទៅ​ដោយ​ស្រួល ។
នាង​បាន​រួច​របូត​ពី​កណ្ដាប់​ដៃ​ចោរ​ដូច្នោះ​ហើយ ក៏​ខំ​ដើរ​ត្រេច​រង្កាត់​ទៅ​រហូត​ដល់​លំនៅ​ប្ដី​ដើម​នោះ​ៗ ក៏​សួរ​ថា នាង​មក​អំពី​ទី​តំបន់​ណា ? នាង​អង្គុយ​នាស្ថាន​ដ៏​សម​គួរ​ហើយ ជំរាប​ថា អាពុក​ខ្ញុំ​ជា​សេដ្ឋី​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​ជា​ភរិយា​អ្នក​អំពី​មុន​រួច​មក​ហើយ ឥឡូវ​នេះ អាពុក​ខ្ញុំ​លើក​ខ្ញុំ​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៀត ឯ​ខ្ញុំ​ពុំ​បាន​ក្រាប់​លា ប្ដេជ្ញា​នឹង​អ្នក​ជា​ប្ដី​ដើម ឲ្យ​បាន​ជ្រះ​ស្រឡះ ដូច្នេះ​បើ​អម្ចាស់​បើក​ឲ្យ​ខ្ញុំ​ទៅ​ខ្ញុំ​ក៏​ទៅ បើ​អម្ចាស់​ពុំ​ព្រម​បើក​ឲ្យ​ទៅ​ទេ ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។
ឯ​ចៅ​នោះ​ឆ្លើយ​ឡើង​ថា នាង​មាន​ចិត្ត​ស្មោះ​ចំពោះ​មក​ដល់​អញ ៗ អរ​ណាស់ តែ​ឥឡូវ​នេះ​អាពុក​នាង​លើក​នាង​ឲ្យ​មាន​ប្ដី​ហើយ អញ​នឹង​ទៅ​តវ៉ា​ប្រាថ្នា​នាង​ជា​ប្រពន្ធ​ពុំ​បាន​ឡើយ ចូរ​នាង​ទៅ​កាន់​ប្ដី​នាង​ហោង ។ ទើប​នាង​ក្រាប​លា​ចៅ​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។
គាប់​ចួន​ជា​នាង​ដើរ​មក តាម​ផ្លូវ​ស្រាប់​តែ​ពើប​ពះ​ប្រទះ​នឹង​ចៅ​ម្នាក់​កំពុង​ដើរ​ទេស​រក​ប្រពន្ធ បាន​យល់​នាង​មាន​រូប​ឆោម​ស្អាង​ស្អាត​មាន​ទាំង​គ្រឿង​ប្រដាប់​ដ៏​ល្អ​នៅ​នឹង​ខ្លួន ទើប​ចៅ​នោះ​និយាយ​ចែចង់​ប្រាថ្នា​នឹង​យក​នាង​ជា​ប្រពន្ធ ។ ឯ​នាង​ក៏​ថ្លែង​សេចក្ដី​ប្រាប់​ដោយ​ដំណើរ​រឿង​តាំង​ពី​ដើម​រៀង​មក ចៅ​នោះ​ក៏​ពុំ​ជជែក​ត​វ៉ា​ប្រាថ្នា​នាង​នោះ​ឡើយ លុះ​នាង​បាន​ទៅ​ដល់​លំនៅ​ប្ដី​ហើយ ក៏​នៅ​រួម​គ្នា​ជា​សុខ​ក្សេម​ក្សាន្ត​រៀង​ទៅ ។
នៅ​ទី​បំផុត​នៃ​និទាន​រឿង​នេះ មាន​សេចក្ដី​ពោល​ទុក​ថា បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ប្ដី​នាង​នោះ ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​ច្រើន​ប្រចណ្ឌ បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ខ្លា ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​គាប់​ចិត្ត​បៀត​បៀន​បំបាត់​ជីវិត​គេ ។ បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ចោរ​ទាំង ៧ នោះ​ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​រំលោភ​ចង់​បាន​តែ​ទ្រព្យ​គេ ។ បើ​អ្នក​ឯ​ណា​សរសើរ​បុរស​ដើរ​ទេស​រក​ប្រពន្ធ​នោះ ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​ចូល​ចិត្ត ប្រព្រឹត្ត​បរទាកម្ម​នឹង​ភរិយា​គេ ។ បើ​អ្នក​ឯ​ណា​និមួយ​វៀរ​ក្ដី​ទាំង ៤ ចំពូក​នេះ​បាន​អ្នក​នោះ​នឹង​បាន​ឆ្លង​រំលង​ទៅ​ដល់-ស្ថាន​សួគ៌​នាយ​ហោង ។


រឿង​ អាសំគម​បាញ់​លលក

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​២ ទំព័រ ១៤០-១៤៣

មាន​មនុស្ស​ម្នាក់ ជា​កូន​នៃ​អ្នក​ត្រកូល​ក្រី​ក្រ, បុរស​នេះ តាំង​ពី​ចម្រើន​ធំ​ឡើង គ្មាន​រក​ស៊ី​អ្វី​សោះ​ ខំ​ប្រឹង​សង្វាត​តែ​ខាង​ការ​បរ​បាញ់ ទាល់​តែ​ស្ទាត់​ជំនាញ, បើ​បុរស​នោះ​បាញ់​តម្រង់​សព្វ​ណា ចង់​ឲ្យ​ត្រូវ​ក្បាល ត្រូវ​ក ឬ​ទ្រូង រមែង​ត្រូវ​តាម​បំណង, តែ​រូប​ឆោម​លោម​ពណ៌​បុរស​នោះ អាក្រក់​មាឌ​ស្គម​កំព្រឹង សក់​ក្រញាង មុខ​ក្រញុះ អ្នក​ស្រុក​គេ​ដាក់​ឈ្មោះ​ហៅ​ថា «អាសំគម​បាញ់​លលក» ព្រោះ​វា​តែង​ដើរ​បាញ់​លលក​រាល់​ថ្ងៃ ។
ថ្ងៃ​មួយ​ អាសំគម​បាញ់​លលក លី​ស្នា​ដើរ​ទៅ​ស្វែង​រក​បាញ់​លលក បាន​ប្រទះ​ឃើញ​ភូមិ​សេដ្ឋី​១ មាន​ដើម​ឈើ​ដុះ​ត្រសាយ​ត្រសុំ​ដង្គំ​ដង្គោល ជា​ទី​លំ​នៅ​នៃ​បក្សី​មាន​លលក​ជា​ដើម ។ សេដ្ឋី​នោះ​ជា​អ្នក​សម្បូណ៌​សំបុក​សម្បត្តិ ព្រម​ទាំង​មាន​កូន​ក្រមុំ​ពីរ​នាក់​ផង ។ អាសំគម​បាញ់​លលក លី​ស្នា​ដើរ​រសៀរ​តាម​របង​ភូមិ​សេដ្ឋី ក៏​ជួប​ជា​កូន​ស្រី​សេដ្ឋី​ទាំង​ពីរ​បណ្តើរ​គ្នា​លេង​តាម​សួន​ច្បារ ក្នុង​ភូមិ​របស់​ខ្លួន ដ៏​ដេរ​ដាស​ដោយ​ផ្ការីក​ស្គុស​ស្គាយ​ផ្សាយ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ នៅ​ពេល​ព្រឹក​ព្រហាម។​អាសំគម​បាញ់​លលក​ដើរ​រសៀរ​តាម​ភូមិ ងើម​មើល​លើ ក្រែង​មាន​សត្វ​លលក​ទំ​នៅ​ចុង​ឈើ ។ កាល​បើ​អាសំគម​បាញ់​លលក ងាក​ភ្នែក​ចុះ​ឡើង ចោល​កន្ទុយ​ភ្នែក​ទៅ​ក្នុង​ភូមិ, ខ្សែ​ភ្នែក​ក៏​រត់​ទៅ​ប៉ះ​ទង្គិច​នឹង​រូប​រាង​នាង​ក្រមុំ​ទាំង​ពីរ ដែល​ប្រកប​ដោយ​គ្រឿង​តែង​ប្រាណ មាន​លំអ​ស្រស់​ស្រងៅ ទាំង​មណ​ព្រលឹង​សាច់​ទ្រលុក​ទ្រលន់ នាំ​ឲ្យ​ភ្ញាក់​កន្ទ្រាក់​ដួង​ចិត្ត​ប្រុស​នៅ​វេលា​ឃើញ​ដំបូង ។ ឯ​អាសំគម​បាញ់​លលក គ្រាន់​តែ​ចោល​ភ្នែក​ទៅ​ប៉ះ​រូប​នាង​នោះ​ភ្លាម ក៏​ស្រឡាំង​កាំង​ភាំង​ស្មារតី ភ្លេច​ខ្លួន ជ្រុះ​ទាំង​ស្នា​ទាំង​ព្រួញ​ដល់​ដី ។ អាសំគម​បាញ់​លលក តាំង​ពី​បាន​ឃើញ​កូន​សេដ្ឋី ក៏​ស្រឡាញ់​ជាប់​ក្នុង​ចិត្ត នឹក​ឥត​ភ្លេច ហើយ​ក៏​ទៅ​ដល់​ផ្ទះ ថ្លែង​ប្រាប់​ឪពុក​ម្តាយ និយាយ​នឹង​ម្តាយ​ឲ្យ​ទៅ​ដណ្តឹង​កូន​សេដ្ឋី​ឲ្យ ។ ម្តាយ​និយាយ​នឹង​កូន​ថា «នៃ​កូន​! ម្តេច​ក៏​ឯង​ទៅ​ស្រឡាញ់ កូន​សេដ្ឋី​អី ចេះ! បើ​ឯង​ក្រី​ក្រ​ភោគ​សម្បត្តិ ទាំង​រូប​ឯង​ទៀត​ក៏​អាក្រក់ មិន​សម​នឹង​កូន​គេ ធ្វើ​ម្តេច​គេ​នឹង​ឲ្យ​ឯង ?» អាសំគម​បាញ់​លលក ក៏​និយាយ​នឹង​ម្តាយ​ថា «ម៉ែ! បើ​ម៉ែ​មិន​ទៅ​ដណ្តឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំក៏​អស់​ឃើញ​មុខ​ម៉ែ, ម៉ែ​ក៏​លែង​បាន​ឃើញ​មុខ​ខ្ញុំ តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ » ។
ម្តាយ​ដែល​មាន​ចិត្ត​អាណិត​កូណ ឮកូន​និយាយ​ដូច្នោះ ក៏​ស៊ូ​កាត់​កេរ្តិ៍​ខ្មាស់ ទៅ​និយាយ​ស្នើ​ការ​នឹង​សេដ្ឋីៗ ​ក៏​តប​វិញ​ថា «ខ្ញុំ​ឥត​បើ​ស្អប់​ខ្ពើម​អី​កូន​នាង​ទេ ប៉ុន្តែ​កូន​ខ្ញុំ​ៗ នឹង​ឲ្យ​ពុំ​បាន ត្បិត​មិន​ទាន់​គ្រប់​ការ, ណ្ហើយ​នាង! ប៉ុណ្ណេះ​ទុក​ជា​ស្រេច​ចុះ កុំ​បាច់​ទៅ​មក​ទៀត» សំដី​ប៉ុណ្ណេះ ជា​សំ​ដី​បង្វែង​ដាន​មិន​ចង់​ឲ្យ​ ។ ម្តាយ​អាសំគម​បាញ់​លលក ទញ់​តុះ​គំនិត​រក​ឧបាយ​កល​និយាយ​ទៀត​គ្មាន ក៏​លា​សេដ្ឋី​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​កូន ។ អាសំគម​បាញ់​លលក គ្រាន់​តែ​ម្តាយ​ប្រាប់​ដូច្នោះ​ភ្លាម ក៏​ផ្លាស់​ទឹក​មុខ​ក្រៀម​ក្រំ អង្គុយ​ត្របោម​ក្បាល​ជង្គង់ ដង្ហើម​ឃូរៗ បាយ​លេង​នឹក ទឹក​លេង​ស្រេក​ចេះ​តែ​នឹក​មមៃៗ ហាក់​ដូច​ជា​កូន​សេដ្ឋី​នៅ​ចំពោះ​មុខ​ស្រស់ៗ ដោយ​កម្លាំង​សេចក្តី​ស្នេហា​ខ្លាំង​ពេក ហើយ​បែរ​ជា​មិន​បាន​ដូច​បំណង ។ នៅ​វេលា​ដែល​អាសំគម​បាញ់​លលក​ចូល​ដេក ក៏​ចូល​ទៅ​ទាំង​នឹក​អាល័យ​ទៅ​ជា​មមើ ស្រែក​ច្រៀង​ទាំង​យប់​ថា៖
«ឆោម​អើយ​ឆោម​ឆើត​ទាំង​ពីរ​ប្រាណ ធ្វើ​ម្តេច​នឹង​បាន​មក​កៀក​កើយ
ឲ្យ​ដូច​ជា​ពូក​និង​ខ្នល់​ខ្នើយ បើ​ម៉្លេះ​ទៅ​ហើយ​ងស់​សង្ឃឹម» ។
អាសំគម​បាញ់​លលក ទុក​ជា​ដឹង​ថា គេ​លែង​ឲ្យ​ហើយ​ដូច្នោះ លុះ​ព្រឹក​ឡើង ក៏​នៅ​តែ​លី​ស្នា និង​ស្ពាយ​បំពង់​ព្រួញ ដើរ​ទៅ​សំដៅ​ភូមិ​សេដ្ឋី​រាល់​ថ្ងៃ​ឥត​ខាន សោះ​ ពួន​ចាំ​លប​មើលកូន​សេដ្ឋី ។
ថ្លែង​ពី​បុរស​ម្នាក់​ទៀត ជា​កូន​អ្នក​មាន​សម្បត្តិ ទាំង​រូប​ឆោម​នោះ​ក៏​ស័ក្តិ​សម ទឹក​មុខ​ឡើង​ស្រស់​បំព្រង ជា​ទី​ពេញ​ចំណង់​នៃ​ស្រ្តី​ភាព ។ បុរស​នោះ​ក៏​ស្រឡាញ់​កូន​សេដ្ឋី​នោះ​ដែរ លុះ​ទៅ​ដណ្តឹង សេដ្ឋី​ក៏​មិន​ព្រម​ឲ្យ ។ បុរស​នោះ ទុក​ជា​ដឹង​ថា​គេ​មិន​ព្រម​ឲ្យ ក៏​នៅ​តែ​លប​មើល​កូន​សេដ្ឋី​រាល់​ថ្ងៃ ។ ចូន​ជា​ពេល​មួយ បុរស​នោះ​ក៏​ទៅ​អាសំគម​បាញ់​លលក​ក៏​ទៅ ហើយ​បាន​ជួប​គ្នា អាសំគម​បាញ់​លលក​សួរ​ថា «អ្នក​ឯង​ទៅ​ណា?» ។ បុរស​នោះ​ឆ្លើយ​ថា «ខ្ញុំ​មក​លប​មើល​កូន​សេដ្ឋី » ឆ្លើយ​ហើយ​សួរ​ថា «ចុះ​ឯង​មក​ធ្វើ​អ្វី​ដែរ? » ។ អាសំគម​បាញ់​លលក​ថា «ខ្ញុំ​ក៏​មក​មើល​កូន​សេដ្ឋី​ដែរ» ។ បុរស​នោះ​ថា «យើ​!​រាង​នេះ អួត​ឯង​ចង់​បាន​កូន​សេដ្ឋី​ផង​! ប៉ុន​អម្បាល​រូប​ខ្ញុំ គេ​នៅ​តែ​មិន​ឲ្យ» ។ អាសំគម​បាញ់​លលក​ថា «បង​ឯង​ចាំ​មើល ខ្ញុំ​យក​ទាល់​តែ​បាន» ។
ជួន​ជា​ថ្ងៃ​នោះ សេដ្ឋី​ប្តី​ប្រពន្ធ​នាំ​គ្នា​ទៅ​វត្ត នៅ​តែ​កូន​ក្រមុំ​ពីរ​នាក់​ចាំ​ផ្ទះ ។ អាសំគម​បាញ់​លលក​ដឹង​ដូច្នោះ កំពុង​តែ​គិត​រក​ឧបាយ ក៏​ចួន​ជា​ក្រឡេក​ទៅ​ឃើញ​សត្វ​លលក​មួយ​តំ​នៅ​ចុង​ឈើ​មុខ​ផ្ទះ​សេដ្ឋី ។ អាសំគម​បាញ់​លលក បាន​ឱកាស​ក៏​យឺត​ស្នា​បាញ់​ឮ​សូរ​ក្លឹង​បាប់ ស្រាប់​តែ​លលក​ទធាក់​ចើង ទទះ​ស្លាប​នៅ​ទី​ធ្លា​មុខ​ផ្ទះ ។ លំដាប់​នោះ កូន​ក្រមុំ​សេដ្ឋី​ម្នាក់​ចុះ​ទៅ​ដី ឃើញ​លលក​នោះ​ហើយ ក៏​ស្រែក​ប្រាប់​បង​ថា «អ្នក​បង​! អ្នក​ណា​បាញ់​លលក​ធ្លាក់​មក​នេះ? » ថា​ហើយ​ក៏​រើស​លលក​ទៅ ។ អាសំគម​បាញ់​លលក​ធ្វើ​ដូច​ជា​មិន​ដឹង ដល់​គេ​បោច​រួច​ហើយ ស្រាប់​តែ​ឡូ​ឡារក​លលក ដែល​ខ្លួន​បាញ់​នោះ​ថា «នរណា​លួច​លលក​អញ​ទៅ​ណា? តែ​អញ​រក​ឃើញ​មុខ​ជា​ប្តឹង​រាជការ​ឲ្យ​យក​ទៅ​ដាក់​គុក​ពុំ​ខាន​ » ។ នាង​ក្រមុំ​ទាំង​ពីរ​នាក់ ឮ​ដូច្នោះ​ក៏​ភ័យ​ស្រែក​ប្រាប់​ថា «លលក​បង​ឯង​ខ្ញុំ​យក​មក​នេះ​ហើយ » ។ អាសំគម​បាញ់​លលក​ស្តី​គំរាម​ថា «ម្តេច​ក៏​ហ៊ាន​លួច​លលក​អញ ត្រូវ​យក​មក​ឲ្យ​អញ » កូន​ស្រី​សេដ្ឋី​ក៏​យក​លលក​មក​ឲ្យ ។ អាសំគម​បាញ់​លលក​ថា «ទេ! លលក​អញ​នៅ​រោម​នៅ​ស្លាប​ ឥឡូវ​នាង​ឯង​យក​ទៅ​បោច​រោម​ស្លាប​អស់​ហើយ ក្រែង​តែ​អាំង​ឲ្យ​ឆ្អិន​ឲ្យ​អញ​បាន​អញ​យក ។ «នាង​ក្រមុំ​ទាំង​ពីរ​នាក់ ក៏​យក​ទៅ​អាំង ឆ្អិន​ហើយ​យក​មក​ឲ្យ ។ អាសំគម​បាញ់​លលក​ថា «នរ​ណា​ស៊ី​តែ​សាច់​លលក ក្រែង​តែ​មាន​ស្រា​ផឹក​ផង ទើប​ស៊ី​កើត» ។ នាង​ទាំង​ពីរ​នាក់​ ហេតុ​តែ​ខ្លួន​ជា​ស្រី​ប្រកប​ដោយ​សេចក្តី​ភ័យ​ច្រើន ក៏​ទៅ​យក​ស្រា​មក​ឲ្យ ឲ្យ​មួយ​ពែង​ហើយ​ថា​មួយ​ពែង​ទៀត​ទាល់​តែ​ស្រវឹង​ដួល​ដេក​លើ​ផ្ទះ​នោះ​ទៅ ។ ឯនាង​ក្រមុំ​ទាំង​ពីរ​នាក់​គិត​គ្នា​ថា «បើ​យើង​បណ្តោយ​ឲ្យ​វា​នៅ​ក្នុង​ទី​ហ្នឹង តែ​ឪម៉ែ​មក​វិញ​ឃើញ យើង​មុខ​ជា​មាន​រឿង «គិត​ហើយ មិន​ដឹង​យក​ទៅ​ណា ក៏​នាំ​គ្នា​សែង​អាសំគម​បាញ់​លលក យក​ទៅ​លាក់​ក្នុង​ផ្ទះ ។ ដល់​ពេល​យប់ អាសំគម​បាញ់​លលក​ដឹង​ខ្លួន ក៏​ស្រែក​ថា «មូស​ខាំ​ណាស់ » ។ កូន​សេដ្ឋី​ភ័យ ក្រែង​ឪពុក​ដឹង ក៏​នាំ​គ្នា​សែង​ទៅ​ដាក់​ក្រោម​គ្រែ​ដេក​របស់​ខ្លួន ។ អាសំគម​បាញ់​លលក​ស្រែក​ទៀត​ថា «សង្កើច​ខាំ​ណាស់ » ។ នាង​ទាំង​ពីរ​នាក់​ក៏​លើក​មក​ឲ្យ​ដេក​លើ​គ្រែ ក្នុង​មុង​ជា​មួយ ដោយ​គិត​ថា វា​ស្រវឹង​ស្រា នឹង​ធ្វើ​អ្វី! ។ ពេល​នោះ អាសំគម​បាញ់​លលក​បាន​ឱកាស ក៏​តាំង​លូក​ប្រឡែង​ស្ទាប​អង្អែល ដោយ​សេចក្តី​ស្រឡាញ់​ដរាប​ដល់​បាន​រួម​ដំណេក ជា​មួយ​នឹង​នាង​ក្រមុំ​ទាំង​ពីរ​នាក់​នោះ​ទៅ ។

ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ

រឿង​ អាប៉ាង​នាង​តី

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​២ ទំព័រ ១៤៤-១៤៥

ក្នុង​សម័យ​មួយ​នោះ ជា​រដូវ​ស្រូវ​ទុំ អាប៉ាង​ទៅ​ដេក​ចាំ​ស្រូវ​វា ទាំង​យប់​ទាំង​ថ្ងៃ មាន​ទាំង​ចាប៉ី​មួយ​ទៅ​ផង, វេលា​ថ្ងៃ​ឡើង ថែ​ទាំ​ស្រូវ ដល់​ពេល​យប់​តំនេរ តែង​ដេញ​ចាប៉ី ហើយ​ស្រែក​ច្រៀង​ផង។​ លុះ​ច្រៀង​រាប់​យប់​ទៅ មាន​ខ្មោច​ស្រី​ក្រមុំ​ម្នាក់​ឮ​សូរ​ចម្រៀង​ច្រៀង​ចាប៉ី​ពីរោះ​ពេក​ក៏​ដើរ​ ទៅ​ស្តាប់ ទៅ​អង្គុយ​អាំង​ភ្លើង​ក្រោម​ខ្ទម​អាប៉ាង យូរ​បន្តិច​ទៅ អាប៉ាង​ក្រឡេក​ទៅ​ក្រោម​ផ្ទះ ឃើញ​ខ្មោច​ដែល​តំណែង​ខ្លួន​នោះ​អង្គុយ​អាំង​ភ្លើង អាប៉ាង​សួរ​ទៅ​ថា «អាណា​អង្គុយ​ក្រោម​ខ្ទម​នេះ?» ។ មេ​ខ្មោច​ប្រាប់​ថា «ខ្ញុំ» ។ អាប៉ាង​ថា «ប្រហែល​ជា​ខ្មោច​ទេ» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្មោច​ថា​មិន​ខ្មោច»។ អាប៉ាង​សួរ​ថា «ហោង​ឯង​ឈ្មោះ​អី? មក​រក​អី?» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្ញុំ​ឈ្មោះ​តី, ខ្ញុំ​មក​ស្តាប់​ថា​ប៉ី»។ អាប៉ាង​ថា «ឡើង​មក! បើ​មក​ស្តាប់​ចាប៉ី » ។ មេ​ខ្មោច​ឡើង​ទៅ​អង្គុយ​ជិត​អាប៉ាងៗ ក៏​ស្រឡាញ់​គ្នា​យក​ជា​ប្តី​ប្រពន្ធ​ទៅ ។ ដល់​រួច​ស្រូវ មេ​ខ្មោច​នោះ សួរ​ទៅ​អាប៉ាង​ថា «ឥឡូវ​រួច​ស្រូវ​ហើយ​ តើ​ឯង​ព្រម​យក​អញ​ឬ​ទេ? បើ​ឯង​មិន​យក​អញៗ នឹង​កាច់​យក​ឯង» ។ អញ​ព្រម​យក ប៉ុន្តែ​ចាំ​អញ​ដឹក​ស្រូវ​ទៅ​ទុក​ផ្ទះ​សិន» ។ លុះ​អាប៉ាង​ដឹក​ស្រូវ​យក​ទៅ​ទុក​រួច​ហើយ ក៏​ត្រឡប់​មក​យក​មេ​កន្តី​នោះ​វិញ ។ មេ​កន្តី ក៏​នាំ​អាប៉ាង​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​ខ្មោច​ទាំង​ប៉ុន្មាន រួច​ក៏​នៅ​ជា​មួយ​គ្នា​ទៅ ។
ប្រហែល​ជាង​មួយ​ខែ ពួក​ខ្មោច​ទាំង​ប៉ុន្មាន​បបួល​គ្នា ព្រម​ទាំង​អាប៉ាង​ឲ្យ​ទៅ​រក​បាញ់​សត្វ​មក​ធ្វើ​ជា​អាហារ ។ អាប៉ាង​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ខ្មោច​នោះ លុះ​ទៅ​ដល់​កណ្តាល​ព្រៃ​ដើម​ត្រថុក ដែល​ខ្មោច​ទាំង​ពួង​សម្គាល់​ថា ដើម​ឈើ​ទាល បាន​ប្រទេះ​នឹង​កង្កែប​មួយ ខ្មោច​ទាំង​នោះ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​កន​យើង! ដំរី​ធំ​ណាស់ ទៅ​ហើយ! »។ អាប៉ាង​ឮ​គេ​ស្រែក​ថា​ដំរី ក៏​ប្រឹង​រក​មើល មិន​ឃើញ​ដំរី​សោះ ឃើញ​តែ​កង្កែប​លោត​មក​ត្រង់​មុខ​អាប៉ាងៗ ក៏​ចាប់​ដាក់​ក្នុង​ថ្នក់​សំពត់​ទៅ ។ ខ្មោច​អស់​នោះ ចេះ​តែ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​ដំរី​ស្ត​មួយ​ធំ​ណាស់» ហើយ​ស្រែក​សួរ​អាប៉ាង​ថា «ឃើញ​ដំរី​ឬ​ទេ?» ។ អាប៉ាង​ស្រែក​ថា​ «មិន​ឃើញ​ទេ!» ។ ពួក​ខ្មោច​ក៏​នាំ​គ្នា​ដើរ​មក​ដល់​ជិត​អាប៉ាង​ហើយ​ថា «ទៅ​អាប៉ាង​ទៅ​ផ្ទះ​យើង រក​សត្វ​មិន​បាន​ទេ» ។ អាប៉ាង​ថា «អញ​បាន​កង្កែប​មួយ» ។ ខ្មោច​ទាំង​នោះ សួរ​ទៅ​អាប៉ាង​ថា «យ៉ាង​ដូច​ម្តេច​អាប៉ាង​កង្កែប​នោះ? ឯង​ចែក​ឲ្យ​យើង​រាល់​គ្នា​ស៊ី​ផង» ។ អាប៉ាង​យក​កង្កែប​ចេញ​ពី​ថ្នក់ ហើយ​បង្ហាញ​ទៅ​ពួក​ខ្មោច​នោះ ។ ខ្មោច​អស់​នោះ​ឃើញ ក៏​នាំ​គ្នា​រត់​ព្រោង​ព្រាត​អស់​ទៅ​ហើយ​វា​មាន​វា​ចា​ថា «ទុក​ប្តី​មី​កន្តី​ឲ្យ​នៅ​មិន​បាន​ទេ ព្រោះ​វា​ខ្លាំង​ពូកែ​ណាស់ វា​ហ៊ាន​ចាប់​ដំរី​យក​ទៅ​ដាក់​ក្នុង​ថ្នក់​វា, បើ​ដូច្នោះ យើង​ឲ្យ​អាប៉ាង​នេះ​នៅ​មិន​បាន​ទេ​ ឲ្យ​វា​ទៅ​វិញ​ទៅ!» អាប៉ាង​ក៏​បាន​រួច​ខ្លួន ហើយ​ឡប់​ទៅ​ផ្ទះ​វិញ ។

ល្ងង់​មើល​តែ​ខ្មោច

រឿង​ ហោរ​និង​តា​ចាស់​ដូន​ចាស់

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​២ ទំព័រ ១៤៦-១៤៧

កាល​ពី​ព្រេង​នាយ​មាន​ហោរ​ម្នាក់​ជា​អ្នក​ទាយ គន់​គុរ​មើល​ឆុត​ណាស់ហោរ​នោះ​នៅ​ស្រុក​ជា​មួយ​នឹង​តាចាស់​យាយ​ចាស់ ។ មាន​កាល​ថ្ងៃ​ ១តាចាស់​ដូន​ចាស់​គាត់​នាំ​គ្នា​ទាំង​ពីរ​នាក់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ក្បែរ​ភូមិ​គាត់ ។ ពេល​នោះ​គាត់​រុត​បាន​ត្រីរស់​ ១ ហើយ​និង​បាន​ទន្សាយ​លង់​ទឹក​១ ដល់​ល្ងាច​គាត់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​យក​ទន្សាយ​គ្រប​នឹង​អង្រុត​ទុក​នៅ​កណ្តាល​ច្បារ​បន្លែខាង​មុខ​ផ្ទះ​គាត់, ត្រី​រ៉ស់ គាត់​ដាក់​ទ្រុង​ប្រោះទុក​ក្នុង​ត្រពាំង​នៅ​ជិត​ច្បារ​បន្លែ​គាត់ ក្បែរ​កន្លែង​ទុក​ទន្សាយ ។ ដល់​ព្រឹក​ឡើង តា​ចាស់​យាយ​ចាស់​គិត​គ្នា​ថា «យើង​ទៅ​រក​ហោរ​ទាយ​មើលថា​ព្រឹក​នេះ​យើង​បាន​ម្ហូប​អ្វី​ស៊ី? បើ​ហោរ​នោះ​ទាយ​ត្រូវ​
សឹម​ជឿ​ថា​ពូកែ​មែន ព្រោះ​ចាប់​បាន​ត្រី​រ៉ស់​ ១ ទន្សាយ​១ បម្រុង​នឹង​ទុក​ធ្វើ​ម្ហូប​អាហារ​ស៊ី​ព្រឹក​នេះ​ហើយ» ។
ដល់​ព្រម​ព្រៀង​គ្នា​ស្រេច​ហើយ ក៏​ដើរ​ទៅ​លុះ​ទៅ​ដល់​មុខ​ផ្ទះ​ហោរ​នោះតា​ចាស់​ក៏​ស្រែក​សួរ​ទៅ​ម្ចាស់​ផ្ទះ​ថា « អើ​អ្នក​អើយ! លោក​គ្រូ​នៅៗហ្នឹង​ឬ? ។ ម្ចាស់​ផ្ទះ​ក៏​ប្រាប់​មក​តា​ចាស់​ដូន​ចាស់​ថា «គាត់​នៅ​នេះមាន​ការ​អ្វី? តា​យាយ​អញ្ជើញ​ចូល​មក! » ។
តា​ចាស់​យាយ​ចាស់​នោះ​គ្នា​ចូល​ទៅ​បន្តិច ហោរ​ដណ្តឹង​សួរ​មក​តា​យាយ​ថា «ចុះ​អញ្ជើញ​មក​នេះ មានការ​អ្វី?» ។ តា​ចាស់​យាយ​ចាស់ជម្រាប​ទៅ​ហោរ​វិញ​ថា «ខ្ញុំ​មក​នេះ មាន​ការ​បន្តិច, សូម​លោកគ្រូ​មេត្តា​ករុណា​ចុះ» ។ ហោរ​សួរ​ថា «មាន​ការ​អ្វី? ចូរ​ថា​មក​ចុះ! » ។
តា​ចាស់​យាយ​ចាស់​ថា «ឱលោក​គ្រូ​អើយ​! យើង​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ អត់​ម្ហូប​អាហារ​ទទួល​ទាន ពីរ​បី​ថ្ងៃ​ហើយ, តើ​ព្រឹក​នេះ នឹង​បាន​អ្វី​ទទួល​ទាន​ឬ​ទេ? » ។ ហោរ​ចាប់​ក្តារ​ឆ្នួន​ឡើងវាយ​លេខ​មើល​ឲ្យ​តា​យាយ មើល​រួច​ស្រេច ក៏​ជម្រាប​តា​យាយស​ថា « ព្រឹក​នេះតាយាយ​ឯង មុខ​តែ​លិទ្ធ​ប្រហុក​ក្នុង​ពាង!» ។ តា​យាយ​ឮ​ហោរ​ថា​ដូច្នោះក៏​នឹក​ក្នុង​ចិត្ត​ថា «ហោរ​នេះ គ្មាន​ពូកែ​ទេ ទាយ​ផ្តេស​ផ្តាស​សោះ, យើង​កុំ​ជឿ!» គិត​តែ​ប៉ុណ្ណោះ​ក៏​នាំ​គ្នា​លា​ហោរ​មក​ផ្ទះ​វិញហើយ​យាយ​ក៏​ប្រើ​តា​ឲ្យ​ទៅ​ចាប់​យក​ត្រី​ពី​ទ្រុងទៅ​ធ្វើ​ក្បែរ​ត្រពាំង​ជិត​ផ្ទះ តា​លូក​ចាប់​ត្រី​យក​មក​ក្រៅត្រី​វា​បម្រះ​រួច លោត​ចុះ​ត្រពាំង​ទៅ ។ តា​ក៏​ស្ទុះ​ទៅ​យក​អង្រុត
ដែល​គ្រប​ទន្សាយ​មក​ដេញ​រុត​ត្រី ។ ឯទន្សាយ​នៅ​ក្នុង​អង្រុត​នោះ ក៏​ផ្អើល​រត់​បាត់​ទៅ​ទៀត ។ យាយ​មើល​ពី​លើ​មក​ឃើញ​ទន្សាយ​រត់​ចូល​ទៅ​ក្នុងព្រៃ ក៏​ស្រែក​ប្រាប់​ថា «តាៗ! ទន្សាយ​រួច​ទៅ​ហើយ!» ។ តា​ប្រាប់​ទៅ​វិញ​ថា ឯងសម​តែ​ស៊ី​ប្រហុក​ក្នុង​ពាង ដូច​គេ​ទាយ​ពី​ព្រឹក​ម៉ិញ​នោះ​ឯង » ។
តា​ឮ​យាយ​ថា​ដូច្នោះ ក៏​នឹក​ឃើញ​ថា «គ្រូ​ទាយ​ឆុត​មែន» ដល់​ពេល​បាយ​ព្រឹក
តាម​ចាស់​ដូន​ចាស់​ក៏​នាំ​គ្នា​ស៊ី​ប្រហុក​ក្នុង​ពាង​ដូច​ហោរ​ទាយ​ឲ្យ​នោះ​
ឯង ។ ទើប​តា​ចាស់ ដូន​ចាស់​ដូន​ចាស់​ជឿ​ថា
«ហោរ​ចេះ​ដឹង​ត្រឹម​ត្រូវ​តាម​ក្បួន​តម្រា​ប្រាកដ​មែន» ។

កុំ​អាន​អួត​អាត្មា ត្មះ​តម្រា​ប្រាជ្ញ​ព្រេង​នាយ

រឿង​ចចក

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​៤- ៦

កាល​ពី​ព្រេងនាយ​ មាន​ចចក​ត្រោស​ធំ​មួយ​ ដល់​ខែ​លំហើយ​ វា​ដើរ​រក​ត្រពាំង​បឹងបួរ​ដែល​រីង​ទឹក​ ដើម្បី​ចាប់​ត្រី​ស៊ី ។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់​ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធតែ​ភក់​ មាន​ត្រី​ កំពឹស​ បង្កង​ ក្ដាម​ ជា​ច្រើន​ណាស់ ។ ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​រីករាយ​គិត​ថា << ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់​ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ >> ។ ឯ​កំពឹស​មាន​ប្រាជ្ញា​ ឮ​ចចក​ថា​ដូច្នោះ​ហើយ​ ក៏​និយាយ​លួងលោម​ចចក​ថា << យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ​ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់​ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ​ មិន​ឆ្ងាញ់​ពិសា​ទេ >> ។ ចចក​ឆ្លើយ​ថា << ធ្វើ​ដូម្ដេច​នឹង​ឆ្ងាញ់​ពិសា​? ។ កំពឹស​ឆ្លើយ​ថា << ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត​ ហើយ​សឹម​ស៊ី​ នោះ​ទើប​ឆ្ងាញ់​ពិសា >> ។ ចចក​ថា​ << ធ្វើ​ដូម្ដេច​នឹង​យក​ទៅ​លាង​បាន​បើ​ច្រើន​ដល់​ម្លេះ ? >>។ កំពឹស​ថា << បង​ចចក​កុំ​ព្រួយ​ចិត្ត​ ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល​ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ >> ។ ចចក​ឆ្លើយ​ឡើង​ថា << បង​ឯង​ធ្វើ​ដូម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់ >> ។ កំពឹស​ថា << ធ្វើ​ដូច្នេះ​ចូរ​បង​ឯង​ចូល​មក​ដេក​ននៀល​ក្នុង​ភក់​នេះ​ ហើយ​យើង​រាល់​គ្នា​នឹង​បាន​តោង​ខាំ​រោម​បង​ឯង​ បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹង​បួ​ឯណា​ ដែល​មាន​ទឹក​ថ្លា​ច្រើន​ បង​ឯង​លាង​យើង​ឲ្យ​ស្អាត​ ហើយ​សឹម​បង​ឯង​ស៊ី​ឆ្ងាញ់​ពីសា​តាម​ចិត្ត​ចុះ >> ។ ឯ​ចចក​ជា​សត្វ​លោភ​ហើយ​ល្ងង់​ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។ កំពឹស​និង​ត្រី​ ក៏​បបួល​គ្នា​តោង​រោម​ចចក​ទៅ​ លុះ​ទៅ​ដល់បឹង​មួយ​ធំ​វែង​ មាន​ទឹក​ថ្លា​ល្អ​ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ អស់​ត្រី​កំពឹស​លោត​ទៅ​ក្នុង​ទឹក​ ហើយ​ប្រាប់​ថា​ << បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន​ សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង​ យើង​នៅ​ចាំ​បង​នៅ​ទីនេះ >> ។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី​និង​កំពឹស​មក​ លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។ ពួក​ត្រី​ កំពឹស​ ក្ដាម​ ខ្យង​ ដឹង​ថា​ ចចក​ជញ្ជូន​អស់​ហើយ​ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ ។ ឯ​ចចក​ ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់​ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ​ តូច​ ដំរី​ រមាស​​ខ្លា​ គ្រប់​ភាសា​សត្វ​ ទាំង​ពស់​ថ្លាន់​ ពស់​ធំ​ ពស់​តូច​ ទាំង​សត្វ​ហើរ​ គ្មាន​សេស​សល់​ដល់​តិច​ បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​ និង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ ស៊ី​ឲ្យ​អស់​ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់​អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច ។ សត្វ​ក្នុង​បឹង​ដឹង​ថា​ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង​​ភ័យ​ណាស់​ ក៏​គិត​គ្នា​ថា << យើង​ធ្វើ​ម្ដេច​នឹង​បាន​ឲ្យ​សត្វ​ទាំងអស់​នេះ​លែង​បាច​ទឹក ? >> កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា << ខ្ញុំ​ឮ​គេ​និយាយ​ថា​ បង​សុភាទន្សាយ​ ជា​អ្នក​មាន​ប្រាជ្ញា​ ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង​ ជា​ច្រើន​​ណាស់​ហើយ​បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភាទន្សាយ​ ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង >> ។ បួក​ត្រី​គិត​គ្នា​ហើយ​ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់​ ដល់​យប់​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី​ បាន​ឃើញ​ត្រីក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា << បង​ត្រី​ក្រាញ់​ទៅ​ណា ? >> ។ ត្រី​ក្រាញ់​ឃើញ​សុភាទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់​ និយាយ​អង្វរ​ថា​ បង​សុភា​ទន្សាយ​​អាណិត​ខ្ញុំ​ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំ​ មក​ ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ​ ត្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា​ បង​ជា​អ្នក​មាន​ប្រាជ្ញា​ ចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ បើ​អ្នក​ឯណា​កើត​ទុក្ខ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី​ ក្របី​ គោ​ រមាស​ រមាំង​ប្រើស​ ក្ដាន់​ ជ្រូក​ ពស់​ធំ​ ពស់​តូច​ ទាំង​សត្វ​ហើរ​ គឺ​កុក​ ក្រៀល​ បង្កៀល​ ខ្យង​ ទុង​ ទោម​ ក្អែក​ទឹក​ ប្រវឹក​ ស្មោញ​ ទាំង​ប៉ុន្មាន​ បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង​នឹង​បាន​ចាប់​អស់​ ត្រី​ អណ្ដើក​ កន្ធាយ​ ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​បឹង​នេះ​ឯង ។ បើ​ដូច្នេះ​បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ​ ឲ្យ​បាន​រួច​ពី​ភ័យ​ម្ដង​នេះ​ នឹង​បាន​ល្បី​កេរ៍្តឈ្មោះ​ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង​ យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត ។ ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា << បង​ត្រី​ក្រាញ់​ទៅ​មុន​ចុះ​ ទៅ​ប្រាប់​អស់​បងប្អូន​កុំ​ឲ្យ​ភិតភ័យ​ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច​កុំ​មាន​ចិត្ត​បារម្ភ​ឡើយ >> ។ ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ​ ឯ​ទន្សាយ​លុះ​ព្រឹក​ព្រហាម​ ឡើង​ទៅ​មាត់​បឹង​ ឃើញ​អស់​សត្វ​កំពុង​បាច​ទឹក​ ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះៗ​មក​ធ្វើ​ជា​សំបុត្រ​ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា​ នែ ! បង​ប្អូន​ទាំងអស់​ចាំ​ស្ដាប់​ខ្ញុំ​ត្បិត​ព្រះឥន្ទ​លោក​ឲ្យ​ខ្ញុំ​នាំ​ សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា << ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ​ ប្រមុំ​ជើង​អក​ កាប់​​ក្បាល​ឆ្កែ​ចចក​ ដក​ភ្លុក​ដំរី​ស >> ។ អស់​សត្វ​ឮ​ថា​សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់​ ផ្អើល​បោល​ជាន់​គ្នា​ ពាន​លើ​ដំរី​ ក្របី​ រមាស​ រមាំងៗ​ ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់​ដាច់​ខ្លួន​ជា​ពីរ​ជា​បី​កំណាត់​ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់ ។ សត្វ​ទាំងនោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ ។ តាំង​ពី​ថ្ងៃ​នោះ​មក​អស់​សត្វ​ទាំងពួង​កោត​ខ្លាច​ប្រាជ្ញា​សុភា​ទន្សាយ​ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំងអស់ ។

អណ្ដាត​ជា​អាទិ៍​កន្លង​ ស្លាប់​ផង​ រស់​ផង​ ពីព្រោះ​អណ្ដាត

រឿង​ព្រេង​ពេទ្យ​សំណាង

រឿង​ព្រេង​ពេទ្យ​សំណាង
ឃុន​សុវត្ថិវេទី យូ-អ៊ុន រៀប​រៀង

ក្នុង​កាល​ដ៏​កន្លង​យូរ​មក​ហើយ មាន​បុរស​ម្នាក់​ឈ្មោះ សំណាង ជា​មនុស្ស​កំញ្រ​ឳពុក មាន​តែ​ម្តាយ​ជា​គំរប់​ពីរ នៅ​ស្រុក​បច្ចន្ត​គ្រាម​ក្នុង​នគរ​បុរីរម្យ ជា​អ្នក​ទាល់​ក្រ​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ល្ងង់​ខ្លៅ​មិន​មាន​វិជ្ជា​ចំណេះ​អ្វី​ក្នុង​ខ្លួន សូម្បី​តែ​អក្សរ​នឹង​លេខ​ក៏​មិន​ចេះ​ផង ។ ជីវិត​នាយ​សំណាង​ប្រព្រឹត្ត​មក​បាន ២០ ឆ្នាំ​ប្លាយ​ហើយ មិន​ដែល​ប្រទះ​សេចក្ដី​សុខ​ស្រួល​ម្ដង​សោះ ជួប​តែ​សេចក្ដី​នឿយ​ហត់ លុះ​តែ​ខំ​ប្រឹង​រក បែក​ញើស​តាង​ទឹក ទើប​បាន​អាហារ​បរិភោគ​ព្រឹក​ល្ងាច ឯសំលៀក​បំពាក់​មាន​គ្រាន់​តែ​បិទ​បាំ​កេរ្តិ៍​ខ្មាស ថែម​ទាំង​មាន​បំណះ​ច្រើន​ជាន់​ច្រើន​ពណ៌, មុខ​គួរ​ឲ្យ​សង្វេគ​ពេក​ណាស់ ។

មាន​កាល​ថ្ងៃ​មួយ នាយ​សំណាង​មាន​វិតក្កខ្លាំង ជា​ហេតុ​នាំ​ឲ្យ​ទឹក​មុខ​ស្រពោន​មិន​ក្លៀវក្លា​ចេះ​តែ​អង្គុយ​សំកុក មិន​និយាយ​ស្ដី​រក​អ្នក​ណា​ឡើយ ។ ក្នុង​ខណៈ​នោះ មាន​តា​ចាស់​ម្នាក់ មាន​នាម​នឹង​គោត្រ​មិន​ប្រាកដ ស្មា​ស្ពាយ​ថង​យាម ដៃ​កាន់​ឈើ​ច្រត់ បាន​ដើរ​មក​ជួប​នឹង​នាយ​សំណាង ក៏​សួរ​ថា នៃ​ចៅ មុន​ខៅ​ក្រៀម​ក្រស់​មិន​ស្រស់​ស្រាយ​សោះ ទំនង​ជ​ាមិន​សប្បាយ​ដោយ​ហេតុ​អ្វី​មួយ​ឬ​ចៅ ? ។ សូម​ជំរាប​ប្រសាសន៍​លោក​តា ខ្ញុំ​បាទ​ព្រួយ​ចិត្ត​ជា​ខ្លាំង ។ ចៅ​ព្រួយ​ព្រោះ​រឿង​ហេតុ​អ្វី? ។ បាទ, ព្រោះ​ខ្ញុំ​បាទ​ទាល់​គំនិត​មិន​ដឹង​ជា​នឹង​គិត​ធ្វើ​របរ​បែប​ណា គ្រាន់​នឹង​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​សុខ​ស្រួល កុំ​ឲ្យ​មាន​លំបាក​ដូច​សព្វ​ថ្ងៃ​នេះ ។ អាយុ​ចៅ​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ​កើត​ថ្ងៃ​អី ឆ្នាំ​អី ? ។ ជំរាប​ប្រសាសន៍​លោក​តា ខ្ញុំ​បាទ​អាយុ​២៦ ឆ្នាំ​ហើយ កើត​ថ្ងៃ​ប្រហស្បតិ ខែ​ បិសាខ​ឆ្នាំ​ច ។ បាន​ជា​តា​សួរ​ដូច្នេះ ព្រោះ​តា​បាន​ស្តាប់​ពាក្យ​ចៅ​ឯង​មក គួរ​ឲ្យ​អាណិត​ណាស់ តា​ចង់​ពិគ្រោះ​មើល​ជោគ​ជតារាសី​ចៅ ឯង តើ​ក្នុង​មួយ​ចប់​ជីវិត​របស់​ចៅ​ប្រព្រឹត្ត​ទៅ​បែប​ណា ។ បាន​លោក​តា​មើល​ឲ្យ​ខ្ញុំ​បាទ​អរគុណ​រក​ប្រៀប​គ្មាន។ តា​ចាស់​បាន​យក​លេខ​ថ្ងៃ​ខែ​ឆ្នាំ​នឹង​អាយុ​រាសី​មក​ពិនិត្យ​គន់​គូរ​មើល សង្កេត​តាម​គម្ពីរ​វេទ​ ដែល​ចេះ​ចាំ​មក​សព្វ​គ្រប់​ហើយ ទើប​ពិនិត្យ​មើល​លក្ខណៈ​ទ្រង់​ទរាយ​រូប​ឆោម​របស់​ចៅ​សំណាង​មក​ផ្គូ​គ្នា​នឹង​លេខ​ថ្ងៃ​ខែ​ឆ្នាំ ហើយ​ទាយ​ថា នៃ​ចៅ! ទំនាយ​ចៅ​ឯង​ថា នឹង​បាន​សេចក្ដី​សុខ មាន​កេរ្តិ៍​ឈ្មោះ​ដោយ​សាវ​វិជ្ជា​មួយ ។ វិជ្ជា​អ្វី? លោក​តា! ។ វិជ្ជា​ពេទ្យ​ផ្សំ​ថ្នាំ​ព្យាបាល​រោគ​គ្រប់​ជំពូក ចៅ! ។ ឳលោក​តា​អើយ! ខ្ញុំ​បាទ​នឹង​ចេះ​ផ្សំ​ថ្នាំ​ធ្វើ​ជា​គ្រូពេទ្យ​ដូច​ម្តេច​កើត​បើ​ខ្ញុំ​បាទ​ខ្លៅ​ម្ល៉េះ សូម្បី​តែ​អក្សរ​លំនាំ​ក៏​ខ្ញុំ​បាទ​មិន​ចេះ​ផង ។ តា​ចាស់​ញញឹម​ហើយ​ប្រាប់​ថា មាន​មនុស្ស​ច្រើន​ណាក់​ណាស់​ចៅ! ដែល​មាន​ទ្រព្យ​សម្បត្តិ​ព្រម​ទាំង​មាន​កេរ្តិ៍​ឈ្មោះ​ព្រោះ តែ​វិជ្ជា​ផ្សំ​ថ្នាំ គេ​ក៏​មិន​ចេះ​អក្សរ​ដូច​ចៅ​ដែរ ។ បើ​ប្រាកដ​ដូច​លោក​តា​មាន​ប្រសាសន៍​មែន ខ្ញុំ​បាទ​អរ​ណាស់ ។ បន្ទាប់​មក តា​ចាស់​លា​នាយ​សំណាង​ដើរ​ហួស​ទៅ មិន​ដឹង​ជា​ទៅ​កាន់​ទី​ណា ។

កាល​តា​ចាស់​នោះ​ទៅ​បាត់ ចៅ​សំណាង​អង្គុយ​ទ្រឹង​គិត​១​ស្របក់ ក៏​ស្រាប់​តែ​ប្រែ​ទឹក​មុខ​ថ្លា​ស្រស់ ដោយ​នឹក​ឃើញ​ថា ឳលោក​តា​នេះ​ទាយ​ហាក់​ដូច​ជា​បើក​មុខ​វែក​ផ្លូវ​ ឲ្យ​អញ​ធ្វើ​តាម​ឧបាយ​នោះ​ហើយ ។ កាល​កន្លង​មក​មិន​យូរ​ប៉ុន្មាន ចៅ​សំណាង​ទៅ​ឯមាត់​សមុទ្រ ដើរ​រក​រើស​ឆ្អឹង​ត្រី, សំបក​លៀស, សំបក​ត្រី, ស្នូក​អណ្ដើក-បបែល-កន្ទាយ​-កុយ, ភ្លុក, ស្បែក, ស្នែង, របស់​សត្វ​ផ្សេង នឹង​ដំបុក​ឆ្កែ​ញ៉ាំង​ជា​ដើម, កាល​ត្រឡប់ពី​មាត់​សមុទ្រ​មក​វិញ បាន​ឡើង​ទៅ​កាន់​ព្រៃ​ភ្នំ រក​កាប់​ដើម, ឫស, សំបក​នៃ​ឈើ​វិសេសៗ ក្រៗ ដែល​មិន​មាន​រៀង​អាយ​នឹង​តា​វល្លិផ្សេងៗ ហើយ​យក​មក​ត​ប្រៀប​ដាក់​លក់​កណ្ដាល​ផ្សារ​នៅ​ស្រុក​បច្ចន្ដ​គ្រាម ព្រម​ទាំង​និយាយ​បញ្ចុះ​បញ្ចូល​មនុស្ស​ទាំង​ពួង ឲ្យ​ជឿ​ចូល​ចិត្ត​ជាវ​ថ្នាំ​យក​ទៅ​ប្រើ​រម្ងាប់​រោក​ទាំង​ពួង ។ រី​ឯ​ពួក​បុរស​ស្រ្ដី​ដែល​មាន​ភ័យ​ព្រោះ​រោគ​គ្រប​សង្កត់​រឹប​ជាន់​រាង​កាយ សឹង​តែ​នាំ​គ្នា​ខ្វល់​ខ្វាយ​ចូល​ជាវ​ឳសថ​អំពី​នាយ​សំណាង​គ្រប់ៗគ្នា ។ ចាប់​ដើម​ពី​ថ្ងៃ​ដែល​នាយ​សំណាង​តាំង​ថ្នាំ​លក់ អ្នក​ផង​នាំ​គ្នា​ហៅ​ថា "ពេទ្យ​សំណាងៗ" ជាប់​រហូត​រៀង​មក ។

នៅ​ឳកាស​ដែល​ពេទ្យ​សំណាង​កំពុង​ផ្សាយ​ថ្នាំ​ឳសថ ពួក​ចៅ​ហ្វាយ​ស្រុក​គ្រប់​ដំបន់​ក្នុង​នគរ​បុរីរម្យ សឹង​តែ​ខំ​ខ្វល់​ខ្វាយ​ចាត់​ការ​ឲ្យ​ភ្នាក់​ងារ​ទីទៃៗ​ទៅ​ស៊ើប​រក​ពេទ្យ​ពូកែៗ​ក្នុង​ដំបន់​ដែល​ខ្លួន​កាន់​កាប់, លុះ​ស៊ើប​ទៅ​ឃើញ​មាន ក៏​បញ្ជូន​ពេទ្យ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះករុណា​ម្ចាស់​ជីវិត​នៃ​នគរបូរីរម្យ តាម​ព្រះ​រាជ​ឳង្ការ​ត្រាស់​បង្គាប់ ។ ចំណែក​ឯពួក​រាស្រ្ត​អ្នក​ស្រុក​បច្ចន្ដ​គ្រាម កាល​មាន​ពួក​ភ្នាក់​ងារ​រាជការ​ស្រុក​ទៅ​ស៊ើប​រក​ពេទ្យ​ពូកែ បាន​ឆ្លើយ​ដាក់​ទៅ​លើ​ពេទ្យ​សំណាង​មក​សាលា​ស្រុក​ហើយ​ប្រាប់​ថា​នៃ​ពេទ្យ​សំណាង​! អ្នក​ផង​ក្នុង​ស្រុក​នេះ​និយាយ​ថា​អ្នក​ឯង​ចេះ​ផ្សំ​ថ្នាំ​យ៉ាង​ចំណាន ចុះ​អ្នក​ឯង​ដឹង​ទេ? ឥឡូវ​នេះ​ព្រះ​មហាក្សត្រ​ ដែល​សោយ​រាជ្យ​នៅ​នគរ​យើង​នេះ មាន​ព្រះ​អាបាធ​រោគ​ក្អក​របេង​ទ្រង់​បាន​ឲ្យ​ពួក​ពេទ្យ​នៅ​ទី​ក្រុង​ទាំង​អម្បាល​ម៉ាន មក​ព្យាបាល​រោគ​នោះ​ហើយ តែ​មិន​បាន​ធូរ​ស្រាក​ស្រាន្ដ​សោះ ទើប​ទ្រង់​ចាត់​ព្រះ​រាជ​ឳង្ការ​បង្គាប់​មក​ចៅ​ហ្វាយ​ស្រុក​គ្រប់​ស្រុក​ក្នុង​ព្រះ​នគរ​ ឲ្យ​បញ្ជូន​ពេទ្យ​ក្នុង​ស្រុក​នីមួយៗ​ទៅ​មើល​រោគ​ព្រះ​អង្គ, ហេតុ​នេះ យើង​នឹង​បញ្ជូន​អ្នក​ឯង​ឲ្យ​ទៅ​មើល​ព្រះ​រោគ​ស្ដេច​នោះ ក្នុង​កាល​ឥឡូវ​នេះ ។

បាន​ឮ​ថា ពេទ្យ​សំណាង​នោះ ក៏​កើត​រោគ​ក្អក​របេង​មក​យូរ​ឆ្នាំ​ហើរ​ដែរ តែ​រក​ថ្នាំ​មើល​ដោយ​ខ្លួន​ឯង​មិន​ជា​សោះ កាល​បាន​ស្តាប់​ពាក្យ​ចៅ​ហ្វាយ​ស្រុក​តម្រូវ​ឲ្យ​ទៅ​មើល​រោគ​ស្តេច​ដូច្នោះ ក៏​ភិត​ភ័យ​ជា​ខ្លាំង បាន​អង្វរ​ទៅ​ចៅ​ហ្វាយ​ស្រុក​ថា សូម​លោក​មេត្តា​កុំ​បញ្ជូន​ខ្ញុំ​ប្របាទ​ទៅ​ឲ្យ​ទាន ព្រោះ​ខ្ញុំ​ប្របាទ​គ្មាន​ចេះ​ផ្សំ​ថ្នាំ​កែ​រោគ​បែប​នោះ​ទេ​ណា​មួយ​ខ្ញុំ​ប្របាទ​ក៏​កើត​រោគ​របេង​នោះ​ដែរ ខ្ញុំ​បាទ​នឹង​ទៅ​មើល​ថ្វាយ​ស្តេច​ដូច​ម្តេច​កើត ។

រីឯ​ចៅ​ហវាយ​ស្រុក​នោះ ជា​អ្នក​ខ្លាច​ស្តេច​ណាស់ ដោយ​គិត​ឃើញ​ថា បើ​មិន​បាន​បញ្ជូន​ពេទ្យ​ណា​មួយ​ទៅ​ថ្វាយ ក្រែង​ស្តេច​យក​ទោស​ថា ល្មើស​នឹង​ព្រះរាជ​ឳង្ការ តែ​នឹង​រក​ពេទ្យ​ដទៃ​ក្នុង​ស្រុក​នោះ​ក្រៅ​ពី​ពេទ្យ​សំណាង​មិន​បាន ទើប​ពុំ​ព្រម​ទទួល​ពាក្យ​អង្វរ, ទោះ​បី​ពេទ្យ​សំណាង​អង្វរ​យ៉ាង​ណា ក៏​រឹង​រឹត​សំដែង​អំណាច​ប្រើ​អាការ​បង្ខិត​បង្ខំ​ជា​ខ្លាំង​ដរាប់​ទាល់​តែ​ពេទ្យ​សំណាង​លែង​ប្រកែក ព្រម​ទទួល​ទៅ​ទាំង​ភិត​ភ័យ​ ។ ចៅ​ហ្វាយ​ស្រុក​បាន​ចាត់​បម្រើ​ម្នាក់ ឲ្យ​យក​រទេះ​១​មក​នាំ​ពេទ្យ​សំណាង​ចៅ​ថ្វាយ​ស្តេច ក្នុង​ពេល​នោះ​ភ្លាម​ឥត​មាន​បង្អែ​បង្អង់​ឡើយ ។

ពេទ្យ​សំណាង​ជិះ​រទេះ​ទៅ​អស់​រយៈ​ផ្លូវ​វែង​ឆ្ងាយ ក៏​បាន​ដល់​ភ្នំ​មួយ​ដែល​តាំង​នៅ​ពាក់​កណ្ដាល​ផ្លូវ បាន​ដាក់​រទេះ​ឈប់​រក​ទឹក​ផឹក​ក្បែរ​ជើង​ភ្នំ​នោះ ។ ដោយ​ការ​ស្រេក​ទឹក​ពន់​ពេក, តេជោ​ធាតុ​ក្នុង​ខ្លួន​ពេទ្យ​សំណាង​ក៏​ឆេះ​ដាល​រោល​រាល​ជា​ខ្លាំង ជា​ហេតុ​បណ្ដាល​ឲ្យ​រោគ​ក្អក​រឹង​រឹត​តែ​ខ្លាំង​ឡើង​លើស​ដើម​ទៅ​ទៀត ។ ជូន​ជា​ពេល​នោះ ជា​រដូវ​ខែ​ប្រាំង សត្វ​ទី​ភូមិ​ភាគ​ផែន​ដី​ក្បែរ​ជើង​ភ្នំ សឹង​តែ​រីង​ស្ងួត​ហួត​ហែង​គោក​ខះ​អស់​ពុំ​មាន​ទឹក​ដក់​នៅ​បន្ដិច​សោះ​ឡើយ ពេទ្យ​សំណាង​ដើរ​រក​ស្ទើរ​ដាច់​ខ្យល់​ពុំ​បាន​ទឹក​ក្រេប​សោះ ដើរ​ទៅ​ដើរ​ទៅ​បាន​ឃើញ​ខ្ទម​មួយ ដល់​ដើរ​ចូល​ទៅ​ជិត​ឃើញ​មាន​បុរស​ស្រ្ដី​ប្តី​ប្រពន្ធ​នៅ​ក្នុង​ខ្ទម​នោះ ឯ​ប្រពន្ធ​កំពុង​លាង​បន្លែ​ច្រើន​មុខ​ក្នុង​ផើង​មួយ ដោយ​ទឹក​បន្ដិច​ហើយ​ល្ងក់​កខួរ ។ ពេទ្យ​សំណាង​និយាយ​សុំ​ទឹក​ថា អឺអ្នក! មាន​ទឹក​ទទួល​ទាន​ទេ មេត្តា​ឲ្យ​ខ្ញុំ​សុំ​ទទួល​ទាន​បាន​១​ឆ្អែត ។ ស្រ្ដី​នោះ​តប​ថា ឳ លោក​អើយ!​ខ្ញុំ​គ្មាន​ទេ​នៅ​ទី​នេះ​ក្រ​ទឹក​ណាស់, ខ្ញុំ​ខំ​សំរេង​ដង​អំពី​អណ្ដូង​ខាង​ត្បូង​ផ្ទះ​បាន​ល្មម​តែ​ស្ល​ដណ្ដាំ, នៅ​សល់​បន្ដិច​បន្ដួច ខ្ញុំ​យក​មក​លាង​បន្លែ​នេះ​អស់​ទៅ​ហើយ ។ ពេទ្យ​សំណាង​ស្រេក​ទឹក​ខះ​ក​ពេក​ទ្រាំ​អត់​ពុំ​បាន ក៏​សុំ​ទឹក​លាង​បន្លែ​អំពី​ស្រ្ដី​នោះ​មក​ផឹក រួច​លា​ម្ចាស់​ខ្ទម​ត្រឡប់​មក​ឡើង​ជិះ​រទេះ​ធ្វើ​ដំណើរ​ត​ទៅ​មុខ​ទៀត ។

លុះ​ពេទ្យ​សំណាង​ជិះ​រទេះ​ទៅ​ដល់​ទី​ក្រុង ក៏​បរទេះ​ចូល​ទៅ​តាម​ថ្នល់​ក្នុង​ក្រុង មើល​ឃើញ​ថ្នល់​ស្អាតៗ​ខ្វាត់​ខ្វែង​ជា​ក្រឡាចត្រង្គ ឃើញ​សសរ​គោម​ដាក់​ចង្កៀង​បំភ្លឹ​វេលា​យប់​ភ្លឺ​រន្ទាល តាម​ដោយ​ចិញ្ចើម​ថ្នល់​ជា​សង្កាត់ៗ ឃើញ​ផ្ទះ​ផ្សារ​ធំៗ​ខ្ពស់ៗ​ច្រើន​ជាន់​ល្វែង​សង់​ជា​ជួរៗ​តាម​សង​ខាង​ថ្នល់​នីមួយៗ នៅ​ក្នុង​ផ្ទះ​ផ្សារ​ទាំង​នោះ ឃើញ​សុទ្ធ​តែ​ជាតិ​អ្នក​នគរ​បុរីរម្យ​បើក​លក់​ទំនិញ​គ្រប់​មុខ, ទី​ខ្លះ​ឃើញ​សួន​ផ្កា ដាំ​ផ្កា​លាយ​ពណ៌​ចម្រុះ​គ្នា វិចិត្រ​ជា​ក្បាច់​ផ្សេងៗ​គួរ​ឲ្យ​មៀង​មើល ។ ពេទ្យ​សំណាង​ជិះ​រទេះ​គន់​មើល​បណ្ដើរ លុះ​បរ​ទៅ​ដល់​ព្រះ​បរមរាជ​វាំង ឃើញ​កំពែង​វែង​សន្លឹម ធ្វើ​អំពី​ថ្ម​ដ៏​ខ្ពស់​ព័ទ្ធ​ជុំ​វិញ​ជា ៤ ជ្រុង នៅ​ជុំ​វិញ​កំពែង​នោះ មាន​រោង​ទង​ដ៏​ល្អ​វិចិត្រ​ក្បាច់​រចនា​ប្លែកៗ មើល​ទៅ​ខាង​ក្នុង​ឃើញ​ប្រាសាទ​ជា​ច្រើន ខ្ពស់​ទទុងៗ ប្រក់​សុទ្ធ​តែ​ក្បឿង​ពណ៌​ភ្លឺ​ចិញ្ចែង កំពូល​មុខ​ព្រហហ្ម​បួន នៅ​ទី​ក្បែរ​ខាង​ប្រាសាទ​មួយៗ​មាន​សួន​ផ្កា​ល្អ​ត្រកាល​ពេទ្យ​សំណាង​ឃើញ​ហើយ នឹង​អស្ចារ្យ​ស្ងើច​ស្ញប់​ស្ញែង​ខ្លាច​រិទ្ធានុភាព​ស្តេច​ផែន​ដី ដែល​រៀបចំ​ទី​ក្រុង​នឹង​ព្រះរាជ​វាំង​ ឲ្យ​រុង​រឿង​នេះ ជា​អនេក​កប្បការ ។

កាល​ពេទ្យ​សំណាង ចុះ​ពី​រទេះ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ​បរមរាជ​វាំង បាន​ឃើញ​ពួក​ពេទ្យ​ដែល​មក​អំពី​ស្រុក​ក្រៅ កំពូង​គេ​ផ្សំ​ឳសថ​ថ្វាយ​ស្ដេច តែ​ស្ដេច​សោយ​ថ្នាំ​ទាំង​នោះ​ទៅ ក៏​ពុំ​បាន​ជា​ព្រះរោគ​ឡើយ ។ ក្នុង​កាល​មុន​នឹង​ចូល​ទៅ​គាល់​ស្តេច ពេទ្យ​សំណាង​មាន​ព្រួយ​ចិត្ត ឆ្លេ​ឆ្លា​គំនិត​ជា​ខ្លាំង​ណាស់ ដោយ​ការ​ស្រាវ​ជ្រាវ​នឹក​រក​ថ្នាំ​នឹង​យក​មក​ប្រកប​ផ្សំ​ថ្វាយ​ស្ដេច​ដើម្បី​ដោះ​ទាល់​ខ្លួន ព្រោះ​កាល​ចេញ​ពី​ផ្ទះ​មក​គ្មាន​ដោយ​ជាប់​ថ្នាំ​បន្ដិច​បន្ដួច​មក​ផង​ទេ, ដើរ​បណ្ដើរ​នឹក​រក​ថ្នាំ​បណ្ដើរ, កំពុង​តែ​ដើរ​គិតៗ ស្រាប់​តែ​ភ្ញាក់​ក្នុង​ចិត្ត​ថា "យី!​អញ​មក​តាម​ផ្លូវ មិន​បាន​ពិនិត្យ​មើល​រោគ​ខ្លួន​ឯង​ផង​សោះ ឥឡូវ​នេះ​ក្នុង​ខ្លួន​អញ​ដូច​ជា​បាន​ធូរ​ច្រើន​ណាស់​បាត់​ក្អក​បាត់​ក្ដៅ​ស្ទេញ​អស់​ហើយ, ប្រហែល​រោគ​ក្នុង​រូប​អញ​នេះ​បាន​សះ​ស្បើយ​ ដោយ​សារ​ផឹក​ទឹក​សាង​បន្លែ ដែល​សុំ​ពី​ស្រី​នៅ​ជើង​ភ្នំ​នោះ​ទេ​ដឹង? អញ​គួរ​មើល​ថ្វាយ​ស្តេច​តាម​ទំនង​នេះ​ចុះ" លុះ​គិត​ឃើញ​ដូច្នេះ​ហើយ ក៏​ឲ្យ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ស្ដេចៗ​ទ្រង់​មាន​ព្រះ​រាជ​ឳង្ការ​សួរ​ថា "ពេទ្យ​សំណាង! អ្នក​ឯង​អាច​មើល​រោគ​យើង​ជា​ទេ? បើ​មើល​ជា, យើង​និង​ឲ្យ​រង្វាន់​ជា​ច្រើន" ។ ពេទ្យ​សំណាង​ក្រាប​ទូល​បង្គំ​ទូល​ថា "សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ទូល​បង្គំ​សូម​មើល​ថ្វាយ​តាម​បន្ទាល់ តែ​សូម​ទ្រង់​ព្រះ​រាជ​ទាន​បន្ទប់​មួយ​ដ៏​ស្ងាត់​នឹង​មនុស្ស​បម្រើ​ពីរ​នាក់ ដើម្បី​នឹង​បាន​ចាត់​ចែង​ឳសថ​ថ្វាយ" ។ ស្ដេច​ទ្រង់​បាន​ប្រទាន​តាម​ពាក្យ​សុំ​របស់​ពេទ្យ​សំណាងៗ​បាន​ហៅ​អ្នក​បម្រើ​ទាំង​ពីរ​នាក់​នោះ ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​បង្គាប់​ឲ្យ​ទៅ​រក​បេះ​ស្លឹក​ ផ្លែ​ឈើ មើល​ឈើ​ដែល​គេ​ស្ល​បរិភោគ​បាន​បន្ដិចៗ​គ្រប់​មុខ​អំពី​ស្រុក​ស្រែ​មក​ឲ្យ, កាល​បាន​ហើយ ក៏​យក​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ហើយ​យក​ទឹក​លាង​ក្នុង​ចាន​ដែក​មួយ ធ្វើ​ទំនង​ឲ្យ​ដូច​ស្រី​លាង​បន្លែ​ដែល​ខ្លួន​ឃើញ រួច​យក​ទឹក​នោះ​ទៅ​ត្រង​ដោយ​សំពត់​ស​ស្អាត ហើយ​ចាក់​ទៅ​ក្នុង​កែវ​មួយ​នាំ​យក​ទៅ​ថ្វាយ​ស្ដេចៗ សោយ​ទឹក​ឳសថ​អស់​១​កែវ​នោះ ព្រះ​អាពាធ​ក៏​បាន​ធូរ​សះ​ស្បើយ​ចាក​ព្រះ​អង្គ ។

ព្រះ​មហាក្សត្រា​ធិរាជ កាល​បាន​ជា​ព្រះ​រោគ​ហើយ ទ្រង់​សោមនស្ស​រីក​រាយ​សប្បាយ​ក្នុង​ព្រះ​រាជហឫទ័យ​ជា​ខ្លាំង ទ្រង់​បាន​ធ្វើ​បដិការ​តប​គុណ​ពេទ្យ​សំណាង ឲ្យ​សម​គួរ​ដល់​កិច្ច​ដែល​គេ​បាន​ស្រង់​ជីវិត​ព្រះ​អង្គ គឺ​ទ្រង់​ប្រទាន​ស្រី​ស្នំ​ម្នាក់​ឈ្មោះ សុគន្ធ អាយុ ១៨ ឆ្នាំ ដែល​មាន​រូប​ឆោម​ល្អ​ឆើត​មាន​ពុជ​ពង្ស​ខ្ពង់​ខ្ពស់ ឲ្យ​ជា​ភរិយា, ទ្រង់​ប្រទាន​ខ្ញុំ​ប្រុស​ខ្ញុំ​ស្រី​ច្រើន​នាក់​នឹង​មាស​ប្រាក់​ច្រើន​ពាន់ ព្រម​ទាំង​ផ្ទះ​មួយ​ដ៏​មាន​ប្រដាប់​ប្រើ​ប្រាស់​ក្នុង​នោះ​គ្រប់​គ្រាន់ ហើយ​ទ្រង់​ប្រទាន​យស​សក្ដិ​ខ្ពង់​ខ្ពស់​ទី​ឧក​ងារ​ជា​ឧកញ៉ា​សំណាង​មាន​ភ័ព ។ ពេទ្យ​សំណាង​កាល​បាន​ទទួល​ព្រះ​រាជ​អំណោយ​​ដ៏​ប្រសើរ​យ៉ាង​នេះ​ហើយ ក៏​មាន​ចិត្ត​ត្រេក​អរ​មហិមា​បាន​នៅ​រួម​វាសនា​ជា​មួយ​នឹង​នាង​សុគន្ធ​ជា​សុខ​សប្បាយ​ ថ្ងៃ​ក្រោយ​មក​បាន​ប្រើ​គេ​ឲ្យ​ទៅ​នាំ​មាតា​យក​មក​នៅ​ជា​មួយ​ឯទី​ក្រុង​វិញ ។

តាំង​ពី​ថ្ងៃ​ដែល​ព្រះរាជា​ទ្រង់​សះ​ស្បើយ​ព្រះ​រោគ, កិត្តិស័ព្ទ​ដ៏​ពិរោះ​ក៏​លាន់​ឮ​ខ្ចរ​ខ្ចាយ​ពេញ​ទាំង​នគរ​ថា​ពេទ្យ​សំណាង​មើល​ស្តេច​ជា ។ មនុស្ស​ទាំង​ឡាយ​ជា​អ្នក​មាន​ទុក្ខ​ធុរៈ ដោយ​រោគ​ផ្សេងៗ​បាន​នាំ​គ្នា​ចូល​ទៅ​សុំ​ជាវ​ថ្នាំ​លោក​សំណាង​រាល់​ថ្ងៃ ។ ឳសថ​ណា​ដែល​លោក​សំណាង​ផ្សំ​ឲ្យ ឳសថ​នោះ​ពូកែ​សក្ដិសិទ្ធិ​អាច​រម្ងាប់​រោគ​បាន​ដូច​ចិត្ត ។ លោក​សំណាង​បាន​ជួប​សេចក្ដី​សុខ​បន្ដិច​ម្តងៗ​ តាំង​ពី​ថ្ងៃ​ចេញ​លក់​ថ្នាំ, រហូត​មក​ដល់​មាន​កេរ្តិ៍​ឈ្មោះ​ជា​ពេទ្យ​វិសេស រឹង​រឹត​មាន​សេចក្ដី​សុខ​ដ៏​ធំ​ទូលាយ​ថែម​ទៀត គួរ​ឲ្យ​អស្ចារ្យ​នឹង​បុណ្យ​លោក​ដ៏​ក្រៃ​លែង ។

ច្រៀង​ដែល​ដំណាល​មក​នេះ បំភ្លឺ​បាន​ទាំង​ពីរ​ផ្លូវ គឺ​ទាំង​ផ្លូវ​លោក​នឹង​ផ្លូវ​ធម៌ ដូច​មាន​សេចក្ដី​រួច​រួម​ជា​ពាក្យ​កាព្យ​ត​ទៅ​នេះ ៖

បុណ្យ​ភ័ព្វ​កំណប់​ពី​ព្រេង​នាយ តែង​ឲ្យ​ពណ្ណរាយនា​លោកិយ

ដល់​ជន​ជា​ប្រុស​ឬ​ជា​ស្រី ដែល​ខំ​ឃ្មាត​ខ្មី​កសាង​ទុក ។

ឃើញ​ទេលោក​សំណាង​មាន​ភ័ព្វ ល្បី​ឈ្មោះ​មាន​ទ្រព្យ​គេ​រាប់​មុខ

ផ្សំ​ថ្នាំ​សក្តិសិទ្ធិ​ឥត​មាន​ធុក នេះ​គឺ​សាង​សុខ​ទុក​ពី​មុន ។

មួយ​ទៀត​រឿង​នេះ​ស​ឲ្យ​យល់ ថា​កុំ​ឲ្យ​វល់​ព្រោះ​គ្មាន​ទុន

ប្រឹង​តែ​ធ្វើ​ការ​កុំ​ស្ករ​ស្កុន សុខ​សាន្ដ​ទ្វេ​គុណ​គង់​កើត​មាន ។

ហេតុ​នេះ​អស់​សាធុជន​អើយ បើ​ក្ដី​ក្រ​គ្រប​ហើយ​ត្រូវ​រិះ​ធ្យាន

ប្រឹង​ប្រកប​ការ​ឲ្យ​កើត​បាន ដូច​ពេទ្យ​ចំណាន​នេះ​អ្នើ​អឺយ ។


ចប់​រឿង​ព្រង ពេទ្យ​សំណាង

រឿង​ប្រាជ្ញា- សំណាង- ផល ទាំង ៣ អួត​រិទ្ធិ​តែ​សព្វ​ខ្លួន

មាន​ពេល ១ ប្រាជ្ញា- សំណាង- ផល​ទាំង ៣​នាក់​បាន​មក​ប្រជុំ​គ្នា ប្រាជ្ញា​អាង​អួត​ឡើង​ថា ប្រាជ្ញា​មាន​រិទ្ធិ​ពូកែ​ជាង​សំណាង​នឹង​ផល សំណាង​អាង​អួត​ឡើង​ថា សំណាង​ថា​មាន​រិទ្ធិ​ធំ​ពូកែ​ជាង​ប្រាជ្ញា​នឹង​ផល ផល​អាង​អួត​ឡើង​ថា ផល​មាន​រិទ្ធិ​ជាង​ប្រាជ្ញា​នឹង​សំណាង នោះ​អ្នក​ទាំង ៣ នាក់​អាង​អួត​តែ​សព្វ​រៀង​ខ្លួន​មិន​ដឹង​ជា​អ្នក​ខាង​ណា​មាន​រិទ្ធិ​អានុភាព​ជាង​ខាង​ណា មាន​សេចក្ដី​អំនួត​តែ​សព្វ​រៀង​ខ្លួន នោះ​អ្នក​ទាំង ៣ នាក់​ថា​បើ​ចង់​ដឹង​ឲ្យ​ល្បង​រិទ្ធ​គ្នា​មើល ឲ្យ​ដឹង​ជា​អ្នក​ណា​ពូកែ​ជាង​អ្នក​ណា នោះ​ប្រាជ្ញា- សំណាង- ផល ទាំង ៣ នាក់​ជំនុំ​ព្រម​តាំង​ល្បួង​រិទ្ធិ​ទាំង ៣ នាក់​បណ្ដើរ​គ្នា​ទៅ ក៏​មើល​ទៅ​ឃើញ​មាន​មនុស្ស ១ នាក់​ជា​អ្នក​ក្រ​កំសត់​នៅ​ខ្ញុំ​សេដ្ឋី ៗ ឲ្យ​បុរស​នោះ​ឃ្វាល​គោ​ក្របី រក​តែ​សំពត់​អាវ​នឹង​ស្លៀក​ពាក់​គ្មាន មនុស្ស​នោះ​ល្ងង់​មិន​ស្គាល់​ខុស​ត្រូវ ចេះ​ដឹង​តែ​ឃ្វាល​ក្របី នោះ​ប្រាជ្ញា- សំណាង​ទាំង​ពីរ​នាក់ បើ​ផល​អាង​អួត​ថា​ខ្លួន​គ្រាន់​បើ​ឲ្យ​ផល​ទៅ​ជួយ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី​នោះ តើ​បាន​គ្រាន់​បើ​យ៉ាង​ដូចម្ដេច​ឡើង នោះ​ក៏​ផល​ក៏​បាន​ទៅ​ជួយ​មនុស្ស​នោះ ៗ តាំង​ពី​ថ្ងៃ​ដែល​ផល​ទៅ​ជួយ​នោះ ក៏​អ្នក​ទាំង​ពួង​ចេះ​តែ​នឹក​អាណិត​មនុស្ស​នោះ ក៏​យក​ចំណី​ទៅ​ឲ្យ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី​នោះ​ស៊ី​ពុំ​មាន​ខ្វះ​ចំណី​អ្វី​សោះ​ឡើយ តែ​ផល​ជួយ​កំឡាំង​ដល់​បាន​តែ​ត្រឹម​ស៊ី​ពុំ​មាន​ខ្វះ​ឡើយ ផល​នឹង​គិត​ជួយ​មនុស្ស​នោះ​អ្វី​ត​ទៅ​មិន​បាន នោះ​ប្រាជ្ញា- សំណាង- បាន​សួរ​ទៅ​ផល​ថា ផល​ជួយ​មនុស្ស​បាន​យ៉ាង​ណា​ត​ទៅ​ទៀត ផល​ឆ្លើយ​ប្រាប់​ទៅ​សំណាង​ប្រាជ្ញា​វិញ​ថា អំណាច​ផល​ជួយ​មនុស្ស​នេះ​បាន​តែ​ប៉ុណ្ណោះ​ទេ នោះ​សំណាង​បាន​ទៅ​ជួយ​មនុស្ស​នោះ​ទៀត ឯ​មនុស្ស​នោះ​លុះ​សំណាង​បាន​ទៅ​ជួយ​ទៀត ក៏​ក្របី​ដែល​ឃ្វាល​ទាំង​ប៉ុន្មាន ជុស​អាចម៍​មក​ដាក់​ក្នុង​ក្រោល​នោះ ក៏​សុទ្ធ​តែ​ដុំ​ពេជ្រ​ទាំង​អស់​ភ្លឺ​ពេញ​ក្រោល តែ​បុរស​ដែល​ឃ្វាល​ក្របី​នោះ​មិន​ស្គាល់​ជា​ដុំ​ពេជ្រ​សោះ រើស​បាន​អាចម៍​ក្របី​នោះ ១ ដុំ​យក​មក​ចង​នឹង​ចុង​ខ្សែ​ក្របី​គ្រវី​លេង​ភ្លឺ​ព្រោង​ព្រាត​ដេញ​ក្របី​ទៅ​ឃ្វាល​ជា​រាល់​ថ្ងៃ ដល់​ដេញ​ក្របី​ទៅ​ផឹក​ទឹក​នៅ​បាង​សមុទ្រ ក៏​គ្រវី​ខ្សែ​ក្របី​នោះ​លេង​ជា​ធម្មតា និយាយ​ពី​នាយ​សំពៅ​ដែល​បើក​សំពៅ​ក្នុង​សមុទ្រ​វា​ត្រូវ​ភ្នែក​នឹង​អំណាច​រន្ទះ​ពេជ្រ​ដែល​បុរស​នោះ​គ្រវី​លេង ក៏​ក្រឡេក​ដេញ​តាម​អំណាច​ពេជ្រ​ដែល​ភ្លឺ​នោះ​មក​ឃើញ​បុរស​គ្រវី​លេង នាយ​សំពៅ​ក៏​បើក​សំពៅ​ចូល​មក​ក៏​សួរ​ទៅ​បុរស​នោះ​ថា បុរស​ឯង​បាន​របស់​នេះ​ពី​ណា​មក បុរស​នោះ​ក៏​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា របស់​នេះ​ជា​អាចម៍​ក្របី​ដែល​ខ្ញុំ​ឃ្វាល​នេះ នាយ​សំពៅ​ក៏​គិត​ថា មនុស្ស​នេះ​ល្ងង់​មឹន​ស្គាល់​ដុំ​ពេជ្រ នាយ​សំពៅ​ក៏​បាន​សួរ​ទៅ​បុរស​នោះ​ទៀត​ថា បុរស​ឯង​ដែល​ឃ្វាល​នោះ​ក្របី​បុរស​ឯង ឬ​ក្របី​របស់​អ្នក​ណា បុរស​នោះ​បាន​ឆ្លើយ​ប្រាប់​ទៅ​នាយ​សំពៅ​ថា ខ្ញុំ​នៅ​ជា​ខ្ញុំ​សេដ្ឋី​តាំង​ពី​ជីដូន​ជីតា​រហូត​ដល់​មក​អាពុក​ម្ដាយ​ដល់​មក​ខ្ញុំ​ជា​កូន​ទៀត នោះ​នាយ​សំពៅ​បាន​សួរ​ទៅ​បុរស​នោះ​ថា ជំពាក់​សេដ្ឋី​ប្រាក់​ប៉ុន្មាន​រៀល បុរស​នោះ​បាន​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា ខ្ញុំ​ឮ​អាពុក​ម្ដាយ​ខ្ញុំ​និយាយ​ប្រាប់​ខ្ញុំ​ថា ជីដូន​ជីតា​ខ្ញុំ​គាត់​ជំពាក់​លោក​សេដ្ឋី​ប្រាក់​ដើម ១០០០៛,០០ នាយ​សំពោ​ក៏​បាន​សួរ​ទៅ​បុរស​នោះ​វិញ​ទៀត​ថា ចុះ​ក្របី​ដែល​ជុស​អាចម៍​នៅ​ក្នុង​ក្រោល​អ្នក​​ឯង​នោះ​មាន​ប៉ុន្មាន​ដែល​មាន​ពន្លឺ​ដូច​របស់​អ្នក​ឯង​កាន់​លេង​នេះ បុរស​នោះ​បាន​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា អាចម៍​ក្របី​ដែល​ដូច​ជា​ដុំ​ដែល​ខ្ញុំ​កាន់​មក​នេះ គឺ​ពេញ​តែ​ក្រោល​ក្របី​ដែល​ឃ្វាល​នោះ នាយ​សំពៅ​ក៏​គិត​ថា បុរស​នេះ​ជា​មនុស្ស​មាន​សំណាង តែ​មិន​ស្គាល់​ពេជ្រ​ព្រោះ​ដោយ​ល្ងង់ នាយ​សំពៅ​បាន​សួរ​ទៅ​បុរស​នោះ​ថា អ្នក​ឯង​ព្រម​ធ្វើ​ជា​កូន​យើង ៗ នឹង​យក​អ្នក​ឯង​ទៅ​ថែរក្សា​ធ្វើ​កូន នោះ​បុរស​នោះ​បាន​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា ខ្ញុំ​ទៅ​នៅ​នឹង​លោក​មិន​បាន​ទេ ព្រោះ​ខ្ញុំ​នៅ​ជំពាក់​ប្រាក់​លោក​សេដ្ឋី នាយ​សំពៅ​ថា មិន​អី​ទេ​ឲ្យ​តែ​បុរស​ឯង​ព្រម​ទៅ​នៅ​ធ្វើ​កូន​យើង​ចុះ​យើង​យក​ប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​លោក​សេដ្ឋី ឯ​អាចម៍​ក្របី​ដែល​ជុស​មក​ក្នុង​មក​ក្នុង​ក្រោល​ទាំង​ប៉ុន្មាន យើង​ត្រូវ​យក​ដាក់​ក្នុង​សំពៅ​យើង​ទៅ បុរស​នោះ​ក៏​ព្រម​តាម​នាយ​សំពៅ ៗ ក៏​បាន​យក​ប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​សេដ្ឋី​រួច ក៏​បាន​ទៅ​កើប​ពេជ្រ​យក​ពី​ក្នុង​ក្រោល​ក្របី​ផ្ទុក​ដាក់​សំពៅ​ពេញ​បើក​ទៅ​ដល់​ទី​លំនៅ​ផ្ទះ​នាយ​សំពៅ ៗ គិត​ពិចារណា​ប្ដី​ប្រពន្ធ​ថា កូន​យើង​នេះ​ជា​មនុស្ស​ល្ងង់​ម៉្លេះ ឥឡូវ​យើង​ចាត់​ទៅ​ធ្វើ​ជំនួញ​គិត​គូរ​របស់​អ្វី ៗ មិន​កើត បើ​ដូច្នោះ​គួរ​យើង​ទៅ​ដណ្ដឹង​កូន​ស្ដេច​ឲ្យ ធម្មតា​ស្ដេច​នៅ​តែ​ស្ងៀម​គ្មាន​គិត​គូរ​អ្វី បើ​កូន​ធ្វើ​ស្ដេច​នឹង​ធ្វើ​បាន ជំនុំ​ព្រម​ប្ដី​ប្រពន្ធ​ក៏​នាំ​គ្នា​ទៅ​ដណ្ដឹង​កូន​ស្ដេច ៗ ក៏​ព្រម​ព្រៀង​ឲ្យ​កូន​ក្រមុំ​មក​កូន​នាយ​សំពៅ ក៏​គិត​គូរ​គ្នា​ការ​ងារ​ហើយ​ជា​ស្រេច នាយ​សំពៅ​ក៏​វិល​ទៅ​ផ្ទះ​វិញ នៅ​តែ​បុរស​បុរស​ជា​កូន​នាយ​សំពៅ ដល់​ពេល​យប់​កូន​ក្រមុំ​ស្ដេច​តាំង​រៀប​ពូក​កន្ទេល​ខ្នល់​ខ្នើយ​ដំណេក​បង្គុយ​ប្ដី នឹង​រួម​វេណី​ជា​មួយ​ដូច​ធម្មតា​អ្នក​ទាំង​ពួង ឯ​បុរស​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ ក៏​មិន​គិត​ទៅ​ដេក​នឹង​កូន​ក្រមុំ​ស្ដេច ទៅ​ដេក​ឯ​ជើង​កំផែង​វាំង​ស្ដេច​នោះ​វិញ លុះ​ព្រឹក​ឡើង​ដើរ​លេង​ឡូ លេង​ឈូង​ជា​មួយ​នឹង​កូន​ក្មេង ៗ គ្មាន​កាន់​គំនិត​សណ្ដាប់​ជា​កូន​ស្ដេច ល្ងង់​មួយ​ថ្ងៃ​ជា ២​ថ្ងៃ នាង​នោះ​ក៏​ចេះ​តែ​រៀប​កន្ទេល​ខ្នើយ​ជា​រៀង​រាល់​ថ្ងៃ​ពុំ​ឃើញ​ប្ដី​ទៅ​ដេក​ជា​មួយ​សោះ ហើយ​នាង​ឲ្យ​បម្រើ​ទៅ​ពិនិត្យ​មើល ឃើញ​បុរស​នោះ​ដើរ​ទៅ​ដេក​ដោយ​ជើង​កំផែង​វាំង ហើយ​នាង​កូន​ក្រមុំ​ស្ដេច​គិត​ទៅ​ខឹង​នឹង​ស្ដេច​អាពុក ឲ្យ​មាន​ប្ដី​មាន​កិរិយា​មិន​ច្រឡំ​នឹង​គេ គ៏​ទៅ​ទូល​ស្ដេច​អាពុក​តាម​ដំណើរ ស្ដេច​អាពុក​កាល​ណា​បើ​បាន​ស្ដាប់​ពាក្យ​កូន​ទូល​សព្វ​គ្រប់​ហើយ ក៏​ខ្ញាល់​ណាស់​គិត​ថា បុរស​នេះ​ដែល​ប្រដិបត្តិ​កិរិយា​យ៉ាង​ហ្នឹង ជា​មិន​មែន​ពូជ​ត្រកូល​អ្នក​ខ្ពស់ គឺ​នាយ​សំពៅ​អាង​តែ​ខ្លួន​មាន​សម្បត្តិ​ទៅ​យក​មនុស្ស​ខ្ញុំ​គេ​មក​ដណ្ដឹង​កូន​អញ​ដើម្បី​នឹង​មើល​ងាយ បើ​ដូច្នេះ​នឹង​ត្រូវ​ឲ្យ​ទៅ​ហៅ​យក​កូន​ប្រសា​នោះ​មក​មើល រី​ឯ​ផ្ទះ​នាយ​សំពៅ​ទៀត​ត្រូវ​ចាត់​ឲ្យ​ទាហាន​ទៅ​ព័ទ្ធ​រិប​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ស្ដេច​រក​ទៅ​ឃើញ​ថា​មិន​មែន​ជា​កូន​នាយ​សំពៅ​ទេ នឹង​យក​កូន​ប្រសា​នឹង​នាយ​សំពៅ​ទាំង​ប្ដី​ប្រពន្ធ​ទៅ​សម្លាប់​ចោល​ទាំង​អស់ ឯ​ទ្រព្យ​សម្បត្តិ​ត្រូវ​រិប​អូស​ដាក់​ព្រះ​រាជ​ទ្រព្យ​ទាំង​អស់ ។
នោះ​សំណាង​នឹង​ផល​បាន​ដឹង​ថា ស្ដេច​មុក​ជា​យក​ទៅ​ធ្វើ​ទោស​បុរស​នេះ ឥឡូវ​នេះ​ក៏​គិត​ភិត​ភ័យ​នឹង​គិត​ជួយ​បទ​ណា​ឲ្យ​បុរស​នេះ​បាន​រួច​ពី​ជីវិត ឯ​អំណាច​ផល​គឺ​រួច​បាន​ត្រឹម​តែ​ស៊ី ឯ​សំណាង​បាន​ជួយ​ដល់​ត្រឹម​សោយរាជ្យ តែ​ត្រង់​ដោះ​ខ្លួន​ឲ្យ​រួច​ពី​ជីវិត​ទៀត​ពុំ​បាន នោះ​សំណាង​នឹង​ផល​ទាំង​ពីរ​នាក់​បាន​ជំនុំ​គ្នា​ថា យើង​ត្រូវ​រត់​ទៅ​ពឹង​ប្រាជ្ញា​និយាយ​ប្រាជ្ញា​ថា បុរស​គង្វាល​ក្របី​យើង​ទាំង​ពីរ​នាក់​ជួយ​បាន​សោយ​រាជ្យ​ទៅ​ហើយ តែ​ឥឡូវ​ស្ដេច​អាពុក​គិត​យក​ទៅ​សម្លាប់ សុំ​ឲ្យ​ប្រាជ្ញា​ទៅ​ជួយ​ឲ្យ​រួច​ពី​ស្លាប់ ប្រាជ្ញា​កាល​ណា​បើ​បាន​ឮ​សំណាង​នឹង​ផល​មក​ពឹង​ខ្លួន​យ៉ាង​ដូច្នេះ ហើយ​ថា​ទេ​បើ​ប្រាជ្ញា​ទៅ​ជួយ​លុះ​តែ​សំណាង​នឹង​ផល​ចុះ​ចាញ់ ទុក​ប្រាជ្ញា​ជា​ច្បង សំណាង​ជា​កណ្ដាល ផល​ជា​ប្អូន ប្រាជ្ញា​បាន​ទៅ​ដល់​ជួយ​បុរស​នោះ ៗ បាន​ភ្ញាក់​ស្មារតី​ដឹង​ខ្លួន​ថា អញ​បាន​ធ្វើ​ជា​ស្ដេច​សោយរាជ្យ​មិន​ត្រូវ​ដើរ​មក​លេង ត្រូវ​តែ​កាន់​សណ្ដាប់​ខ្លួន​ជា​ស្ដេច បុរស​នោះ​ក៏​ដើរ​ទៅ​រក​នាង ១ រំពេច ប្រាជ្ញា​វៃ​វៀង​ដើរ​ទៅ​ទ្រួត​ត្រា​លើ​មនុស្ស​បាវ​ព្រាវ​ទាំង​ប៉ុន្មាន ក៏​នាង​កូន​ស្ដេច​នឹក​ឆ្ងល់​ថា ប្ដី​អញ​ពី​មុន តាំង​ពី​ថ្ងៃ​ការ​រួច​មក​ដើរ​ដេក​ដោយ​ជើង​កំផែង​វាំង បែប​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ ឥឡូវ​ដល់​ពេល​នេះ ក៏​មើល​ទៅ​ឃើញ​មាន​ប្រាជ្ញា​ឆ្លុះ​ឆ្លាត​រក​អ្នក​ឯ​ណា​ស្មើ​គ្នា នាង​ក៏​សួរ​ទៅ​ប្ដី​សូម​ទូល​ព្រះ​អង្គ ពី​ថ្ងៃ​ដែល​ការ​រួច​មក ហេតុ​អ្វី​ក៏​ព្រះ​អង្គ​ទៅ​ដើរ​ផ្ទំ​ដោយ​ជើង​កំផែង​វាំង​មិន​មក​ទី​កន្លែង​ក្រឡា​បន្ទំ តើ​យ៉ាង​ដូច​ម្ដេច ក៏​ស្ដេច​បុរស​នោះ​បាន​ប្រាប់​ទៅ​នាង​វិញ​ថា គ្រូ​បង​ផ្ដាំ​បង​ថា​បើ​រៀប​ការ​ប្រពន្ធ​ថ្មី ឲ្យ​សង្កេត​មើល​កិរិយា​ស្រី​សិន ថា​បើ​ត្រឹម​ត្រូវ​សិម​យក​ធ្វើ​ជា​ប្រពន្ធ បើ​មិន​បាន​ត្រឹម​ត្រូវ​ទេ​យក​ធ្វើ​ជា​ប្រពន្ធ​មិន​បាន ហេតុ​នេះ​បាន​ជា​បង​សង្កេត​មើល​ប្អូន​ឯង​សិន កិរិយា​ប្អូន​ឯង​ឃើញ​ថា​ត្រឹម​ត្រូវ​ទើប​បង​បាន​មក​រក​នាង​នេះ នាង​ក៏​បាន​ទៅ​ទូល​ស្ដេច​អាពុក ៗ ក៏​បាន​ពិនិត្យ​មើល​ឃើញ​ជា​មនុស្ស​នេះ​មាន​ដំរេះ​ប្រាជ្ញា​នឹង​រក​អ្នក​ឯ​ណា​ស្មើ​គ្មាន ក៏​លើក​រាជ្យ​ឲ្យ​សោយ​ទៅ ។