Showing posts with label novels. Show all posts
Showing posts with label novels. Show all posts

Sunday, September 1, 2013

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ

មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា << យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? ។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ ។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា << នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន >> ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា << នេះ​ហៅ​អ្វី ? អ្នក ! ។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា << គេ​ហៅ​រទេះ។ មែន​ឬ​អ្នក ? ។ បុរស​នោះ​ថា << មែន >>។ << បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ>>។បុរស​នោះ​សួរ​ថា << អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង ? ។ កម្លោះ​នោះ​ថា << បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក​ បើ​ខ្ញុំ​ឈ្នះ << សុំ​តែ​ប្រពន្ធ​អ្នក >> ។ បុរស​នោះ​គិត​ថា​ ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី​ ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ ។ ទើប​កម្លោះ​ដែល​ឈរ​ សួរ​ទៅ​អ្នក​បររទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល, កម្លោះ​អ្នក​បររទេះ​ប្រាប់​ថា << នេះ​គេ​ហៅ​ចន្ទោល>>។ ចង្អុល​សួរ​ទៅ​នឹម​ថា << នេះ​គេ​ហៅ​នឹម >> ។ << នេះ​គេ​ហៅ​ទូក >> << នេះ​គេ​ហៅ​ទ្រាយ >> << នេះ​គេ​ហៅ​ប្រែក >> << នេះ​គេ​ហៅ​កង់ >> << នេះ​គេ​ហៅខ្នង​កង់ >> << នេះ​គេ​ហៅ​ត្រពង >> ដល់​ឆ្លើយ​រួច​សព្វគ្រប់​ កម្លោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា<< ឥឡូវ​ គេ​មិន​ហៅ​រទេះ​ទេ​ បើ​ដូច្នោះ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច ? បុរស​ជា​ប្ដី​នោះ​មិន​ព្រម, ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេៗ​ ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន ។ បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅ​ក្រមៗ​ ឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ, កម្លោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅ​ក្រមៗ​កាត់​សេចក្ដី​ថា << ត្រូវ​ចាញ់​គេ​ហើយ​ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ >> ។ បុរស​នោះ​ខឹង​ណាស់​ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន​ ដើរ​ផង​ យំ​ផង, ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយៗ​សួរ​ថា << ថ្វី​បាន​ជា​យំ​បង ? >> ៗ បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់ ។ សុភាទន្សាយ​ថា << បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ​ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន​ យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ >> ។ បុរស​នោះ​អរណាស់​ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភាទន្សាយៗ​ ស៊ី​ចេក​រួច​ហើយ​ ដើរ​ទៅ​ជាមួយ​បុរស​នោះ​ ទៅ​ដល់​សួរ​ចៅក្រម​ថា << លោក​កាត់​សេចក្ដី​គេ​នោះ​ តើ​ដូចម្ដេច​ខ្លះ ? >>។ ចៅក្រម​ ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ សុភាទន្សាយ​ថា << លោក​កាត់​សេចក្ដី​ មិន​ទាន់​អស់​ទេ​ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង​ ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង >> ។ សុភាទន្សាយ​ សួរ​កម្លោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា << អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ដាក់​ប្រពន្ធ >> ។ សុភាទន្សាយ​ សួរ​ទៅ​កម្លោះ​នោះ​ថា << ត្រង់​ណា​ហៅ​ប្រពន្ធ >> បើ​អ្នក​រក​ឃើញ​យក​ទៅ​ចុះ​ បើ​រក​មិន​ឃើញ​ទេ​ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ>>។ កម្លោះ​នោះ​ចាប់​ត្រង់​ដៃ, សុភាទន្សាយ​ប្រាប់​ថា​ នេះ​គេ​ហៅ​ថា​ដៃ​ទេ​ វា​ចាប់​ត្រង់​ជើង​ សុភា​ទន្សាយ​ថា << នេះ​គេ​ហៅ​ជើង​ទេ >> វា​ចាប់​ត្រង់​នេះ​ ក៏​ថា​មិនមែន, ត្រង់​នោះ​ក៏​ថា​មិនមែន​ ហើយ​ប្រាប់​ថា​រួម​ទាំងអស់​គ្នា​ទៅ​ទើប​គេ​ហៅ << ប្រពន្ធ >> ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល​ នឹម​ ទូក​ ទ្រាយ​ ប្រែក​ ធ្នង់​ ត្រពង​ រួម​ទាំងអស់​នេះ​ទៅ​ ទើប​ហៅ​ថា<< រទេះ>> បើ​ដូច្នេះ​ ឯង​យក​ប្រពន្ធ​គេ​ មិន​បាន​ទេ​ ឲ្យ​មក​គេ​វិញ >> ។ សុភាទន្សាយ​ឲ្យ​កម្លោះ​នោះ​ យក​ប្រពន្ធ​មក​វិញ។ សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា << បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ​ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ >> ។ បុរស​នោះ​ប្រាប់​ប្រពន្ធ​មក​វិញ​ ក៏​អរណាស់​ លើក​ដៃ​សំពះ​សុភាទន្សាយ​ថា << លោក​បង​កាត់​សេចក្ដី​នេះ​ ពេញ​ហៅ​ត្រង់​ហើយ​ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន >> ។ ប្រាជ្ញ​ឯង​ ឲ្យ​ក្រែង​ប្រាជ្ញ​គេ - See more at: http://neavea.com/reader.php?part=39#sthash.np0y2Hwv.dpuf

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ

មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា << យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? ។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ ។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា << នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន >> ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា << នេះ​ហៅ​អ្វី ? អ្នក ! ។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា << គេ​ហៅ​រទេះ។ មែន​ឬ​អ្នក ? ។ បុរស​នោះ​ថា << មែន >>។ << បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ>>។បុរស​នោះ​សួរ​ថា << អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង ? ។ កម្លោះ​នោះ​ថា << បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក​ បើ​ខ្ញុំ​ឈ្នះ << សុំ​តែ​ប្រពន្ធ​អ្នក >> ។ បុរស​នោះ​គិត​ថា​ ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី​ ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ ។ ទើប​កម្លោះ​ដែល​ឈរ​ សួរ​ទៅ​អ្នក​បររទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល, កម្លោះ​អ្នក​បររទេះ​ប្រាប់​ថា << នេះ​គេ​ហៅ​ចន្ទោល>>។ ចង្អុល​សួរ​ទៅ​នឹម​ថា << នេះ​គេ​ហៅ​នឹម >> ។ << នេះ​គេ​ហៅ​ទូក >> << នេះ​គេ​ហៅ​ទ្រាយ >> << នេះ​គេ​ហៅ​ប្រែក >> << នេះ​គេ​ហៅ​កង់ >> << នេះ​គេ​ហៅខ្នង​កង់ >> << នេះ​គេ​ហៅ​ត្រពង >> ដល់​ឆ្លើយ​រួច​សព្វគ្រប់​ កម្លោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា<< ឥឡូវ​ គេ​មិន​ហៅ​រទេះ​ទេ​ បើ​ដូច្នោះ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច ? បុរស​ជា​ប្ដី​នោះ​មិន​ព្រម, ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេៗ​ ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន ។ បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅ​ក្រមៗ​ ឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ, កម្លោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅ​ក្រមៗ​កាត់​សេចក្ដី​ថា << ត្រូវ​ចាញ់​គេ​ហើយ​ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ >> ។ បុរស​នោះ​ខឹង​ណាស់​ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន​ ដើរ​ផង​ យំ​ផង, ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយៗ​សួរ​ថា << ថ្វី​បាន​ជា​យំ​បង ? >> ៗ បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់ ។ សុភាទន្សាយ​ថា << បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ​ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន​ យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ >> ។ បុរស​នោះ​អរណាស់​ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភាទន្សាយៗ​ ស៊ី​ចេក​រួច​ហើយ​ ដើរ​ទៅ​ជាមួយ​បុរស​នោះ​ ទៅ​ដល់​សួរ​ចៅក្រម​ថា << លោក​កាត់​សេចក្ដី​គេ​នោះ​ តើ​ដូចម្ដេច​ខ្លះ ? >>។ ចៅក្រម​ ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ សុភាទន្សាយ​ថា << លោក​កាត់​សេចក្ដី​ មិន​ទាន់​អស់​ទេ​ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង​ ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង >> ។ សុភាទន្សាយ​ សួរ​កម្លោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា << អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ដាក់​ប្រពន្ធ >> ។ សុភាទន្សាយ​ សួរ​ទៅ​កម្លោះ​នោះ​ថា << ត្រង់​ណា​ហៅ​ប្រពន្ធ >> បើ​អ្នក​រក​ឃើញ​យក​ទៅ​ចុះ​ បើ​រក​មិន​ឃើញ​ទេ​ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ>>។ កម្លោះ​នោះ​ចាប់​ត្រង់​ដៃ, សុភាទន្សាយ​ប្រាប់​ថា​ នេះ​គេ​ហៅ​ថា​ដៃ​ទេ​ វា​ចាប់​ត្រង់​ជើង​ សុភា​ទន្សាយ​ថា << នេះ​គេ​ហៅ​ជើង​ទេ >> វា​ចាប់​ត្រង់​នេះ​ ក៏​ថា​មិនមែន, ត្រង់​នោះ​ក៏​ថា​មិនមែន​ ហើយ​ប្រាប់​ថា​រួម​ទាំងអស់​គ្នា​ទៅ​ទើប​គេ​ហៅ << ប្រពន្ធ >> ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល​ នឹម​ ទូក​ ទ្រាយ​ ប្រែក​ ធ្នង់​ ត្រពង​ រួម​ទាំងអស់​នេះ​ទៅ​ ទើប​ហៅ​ថា<< រទេះ>> បើ​ដូច្នេះ​ ឯង​យក​ប្រពន្ធ​គេ​ មិន​បាន​ទេ​ ឲ្យ​មក​គេ​វិញ >> ។ សុភាទន្សាយ​ឲ្យ​កម្លោះ​នោះ​ យក​ប្រពន្ធ​មក​វិញ។ សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា << បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ​ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ >> ។ បុរស​នោះ​ប្រាប់​ប្រពន្ធ​មក​វិញ​ ក៏​អរណាស់​ លើក​ដៃ​សំពះ​សុភាទន្សាយ​ថា << លោក​បង​កាត់​សេចក្ដី​នេះ​ ពេញ​ហៅ​ត្រង់​ហើយ​ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន >> ។ ប្រាជ្ញ​ឯង​ ឲ្យ​ក្រែង​ប្រាជ្ញ​គេ - See more at: http://neavea.com/reader.php?part=39#sthash.np0y2Hwv.dpuf

Tuesday, April 6, 2010

រឿង​ចចក

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​១​ ទំព័រ​ទី​៤- ៦

កាល​ពី​ព្រេងនាយ​ មាន​ចចក​ត្រោស​ធំ​មួយ​ ដល់​ខែ​លំហើយ​ វា​ដើរ​រក​ត្រពាំង​បឹងបួរ​ដែល​រីង​ទឹក​ ដើម្បី​ចាប់​ត្រី​ស៊ី ។ លុះ​ទៅ​ដល់​ត្រពាំង​មួយ​រីង​ទឹក​អស់​ នៅ​តែ​ប្រឡង់​មួយ​ឃើញ​សុទ្ធតែ​ភក់​ មាន​ត្រី​ កំពឹស​ បង្កង​ ក្ដាម​ ជា​ច្រើន​ណាស់ ។ ចចក​ឃើញ​ហើយ​មាន​ចិត្ត​ត្រេកអរ​រីករាយ​គិត​ថា << ថ្ងៃ​នេះ​អញ​មាន​លាភ​ធំ​ណាស់​ ជា​លាភ​ចម្លែក​ជាង​សព្វ​ថ្ងៃ >> ។ ឯ​កំពឹស​មាន​ប្រាជ្ញា​ ឮ​ចចក​ថា​ដូច្នោះ​ហើយ​ ក៏​និយាយ​លួងលោម​ចចក​ថា << យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ចំណី​បង​ចចក​ឯង​ទាំងអស់​ហើយ​ ប៉ុន្តែ​យើង​ប្រឡាក់​ភក់​ណាស់​ បង​ឯង​ស៊ី​យើង​ទាំង​ភក់​ដូច្នេះ​ មិន​ឆ្ងាញ់​ពិសា​ទេ >> ។ ចចក​ឆ្លើយ​ថា << ធ្វើ​ដូម្ដេច​នឹង​ឆ្ងាញ់​ពិសា​? ។ កំពឹស​ឆ្លើយ​ថា << ត្រូវ​បង​ចចក​យក​យើង​ទៅ​លាង​ទឹក​ឲ្យ​ជ្រះ​ស្អាត​ ហើយ​សឹម​ស៊ី​ នោះ​ទើប​ឆ្ងាញ់​ពិសា >> ។ ចចក​ថា​ << ធ្វើ​ដូម្ដេច​នឹង​យក​ទៅ​លាង​បាន​បើ​ច្រើន​ដល់​ម្លេះ ? >>។ កំពឹស​ថា << បង​ចចក​កុំ​ព្រួយ​ចិត្ត​ ខ្ញុំ​ធានា​គិត​ឲ្យ​បង​បាន​ស្រួល​ប៉ុន្តែ​ត្រូវ​បង​ឯង​តាម​ខ្ញុំ >> ។ ចចក​ឆ្លើយ​ឡើង​ថា << បង​ឯង​ធ្វើ​ដូម្ដេច​ក៏​ខ្ញុំ​តាម​ទាំងអស់ >> ។ កំពឹស​ថា << ធ្វើ​ដូច្នេះ​ចូរ​បង​ឯង​ចូល​មក​ដេក​ននៀល​ក្នុង​ភក់​នេះ​ ហើយ​យើង​រាល់​គ្នា​នឹង​បាន​តោង​ខាំ​រោម​បង​ឯង​ បង​ឯង​នាំ​យើង​ទៅ​រក​ស្ទឹង​បឹង​បួ​ឯណា​ ដែល​មាន​ទឹក​ថ្លា​ច្រើន​ បង​ឯង​លាង​យើង​ឲ្យ​ស្អាត​ ហើយ​សឹម​បង​ឯង​ស៊ី​ឆ្ងាញ់​ពីសា​តាម​ចិត្ត​ចុះ >> ។ ឯ​ចចក​ជា​សត្វ​លោភ​ហើយ​ល្ងង់​ ក៏​ធ្វើ​តាម​ពាក្យ​កំពឹស ។ កំពឹស​និង​ត្រី​ ក៏​បបួល​គ្នា​តោង​រោម​ចចក​ទៅ​ លុះ​ទៅ​ដល់បឹង​មួយ​ធំ​វែង​ មាន​ទឹក​ថ្លា​ល្អ​ ចចក​ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ អស់​ត្រី​កំពឹស​លោត​ទៅ​ក្នុង​ទឹក​ ហើយ​ប្រាប់​ថា​ << បង​ចចក​ឯង​ទៅ​ជញ្ជូន​មក​ឲ្យ​អស់​សិន​ សឹម​មក​ស៊ី​ឲ្យ​ឆ្អែត​តែ​ម្ដង​ យើង​នៅ​ចាំ​បង​នៅ​ទីនេះ >> ។ ចចក​ក៏​ទៅ​ជញ្ជូន​ត្រី​និង​កំពឹស​មក​ លុះ​ត្រា​តែ​អស់​ពី​ត្រពាំង​នោះ ។ ពួក​ត្រី​ កំពឹស​ ក្ដាម​ ខ្យង​ ដឹង​ថា​ ចចក​ជញ្ជូន​អស់​ហើយ​ក៏​នាំ​គ្នា​មុជ​ក្នុង​ទឹក​បាត់​អស់​ទៅ ។ ឯ​ចចក​ ដឹង​ថា​កំពឹស​បញ្ឆោត​ដូច្នេះ​ហើយ​ខឹង​ណាស់​ ដើរ​ទៅ​បបួល​អស់​សត្វ​ធំ​ តូច​ ដំរី​ រមាស​​ខ្លា​ គ្រប់​ភាសា​សត្វ​ ទាំង​ពស់​ថ្លាន់​ ពស់​ធំ​ ពស់​តូច​ ទាំង​សត្វ​ហើរ​ គ្មាន​សេស​សល់​ដល់​តិច​ បបួល​គ្នា​មក​បាច​ទឹក​បឹង​នោះ​ឲ្យ​រីង​ និង​បាន​ចាប់​ត្រី​ក្នុង​បឹង​នោះ​ ស៊ី​ឲ្យ​អស់​ បាន​ឲ្យ​ពស់​ថ្លាន់​ធ្វើ​ជា​ទំនប់​អស់​សត្វ​ឯ​ទៀត​ក៏​បបួល​គ្នា​បាច ។ សត្វ​ក្នុង​បឹង​ដឹង​ថា​ចចក​បបួល​គ្នា​បាច​ទឹក​ឲ្យ​រីង​ទាំង​បឹង​​ភ័យ​ណាស់​ ក៏​គិត​គ្នា​ថា << យើង​ធ្វើ​ម្ដេច​នឹង​បាន​ឲ្យ​សត្វ​ទាំងអស់​នេះ​លែង​បាច​ទឹក ? >> កាល​នោះ​ត្រី​ក្រាញ់​ឆ្លើយ​ឡើង​ថា << ខ្ញុំ​ឮ​គេ​និយាយ​ថា​ បង​សុភាទន្សាយ​ ជា​អ្នក​មាន​ប្រាជ្ញា​ ចេះ​ដោះ​ទុក្ខ​មនុស្ស​សត្វ​ផង​ ជា​ច្រើន​​ណាស់​ហើយ​បើ​ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ពឹង​បង​សុភាទន្សាយ​ ឲ្យ​មក​ជួយ​ដោះ​ទុក្ខ​អស់​យើង >> ។ បួក​ត្រី​គិត​គ្នា​ហើយ​ ក៏​ប្រើ​ត្រី​ក្រាញ់​ទៅ​អញ្ជើញ​សុភា​ទន្សាយ ។ ត្រី​ក្រាញ់​ប្រឹង​ននៀល​ទៅ​លុះ​ដល់​ត្រូវ​ថ្ងៃ​ក៏​ក្រៀម​ស្រកា​អស់​ ដល់​យប់​សុភា​ទន្សាយ​ចេញ​មក​រក​ស៊ី​ បាន​ឃើញ​ត្រីក្រាញ់​ននៀល​ដូច្នោះ​ក៏​សួរ​ថា << បង​ត្រី​ក្រាញ់​ទៅ​ណា ? >> ។ ត្រី​ក្រាញ់​ឃើញ​សុភាទន្សាយ​ហើយ​មាន​ចិត្ត​ត្រេកអរ​ណាស់​ និយាយ​អង្វរ​ថា​ បង​សុភា​ទន្សាយ​​អាណិត​ខ្ញុំ​ត្បិត​ត្រី​ទាំងអស់​ក្នុង​បឹង​គេ​ប្រើ​ខ្ញុំ​ មក​ ឲ្យ​អញ្ជើញ​បង​សុភា​ទន្សាយ​ទៅ​ ត្បិត​ឮ​ទាំង​សត្វ​ទាំង​មនុស្ស​និយាយ​ថា​ បង​ជា​អ្នក​មាន​ប្រាជ្ញា​ ចេះ​កាត់​សេចក្ដី​ដោះ​ទុក្ខ បើ​អ្នក​ឯណា​កើត​ទុក្ខ​បង​តែង​ទៅ​ជួយ​ដោះ​ទុក្ខ​គេ​មិន​ដែល​ខាន ឥឡូវ​មាន​ដំរី​ ក្របី​ គោ​ រមាស​ រមាំង​ប្រើស​ ក្ដាន់​ ជ្រូក​ ពស់​ធំ​ ពស់​តូច​ ទាំង​សត្វ​ហើរ​ គឺ​កុក​ ក្រៀល​ បង្កៀល​ ខ្យង​ ទុង​ ទោម​ ក្អែក​ទឹក​ ប្រវឹក​ ស្មោញ​ ទាំង​ប៉ុន្មាន​ បាន​បបួល​គ្នា​មក​បាច​ទឹក​បឹង​ឲ្យ​រីង​នឹង​បាន​ចាប់​អស់​ ត្រី​ អណ្ដើក​ កន្ធាយ​ ស៊ី​ជា​ចំណី​ឲ្យ​អស់​ពី​បឹង​នេះ​ឯង ។ បើ​ដូច្នេះ​បង​សុភា​ទន្សាយ​អាណិត​ជួយ​ដោះ​ទុក្ខ​អស់​បង​ប្អូន​ខ្ញុំ​ ឲ្យ​បាន​រួច​ពី​ភ័យ​ម្ដង​នេះ​ នឹង​បាន​ល្បី​កេរ៍្តឈ្មោះ​ អស់​យើង​នឹង​តប​គុណ​បង​សុភា​ទន្សាយ​ឯង​ យើង​មិន​ភ្លេច​គុណ​ដរាប​ដល់​អស់​ជីវិត ។ ឯ​ទន្សាយ​ឮ​ត្រី​ក្រាញ់​និយាយ​អង្វរ​ដូច្នោះ​ក៏​ឆ្លើយ​ថា << បង​ត្រី​ក្រាញ់​ទៅ​មុន​ចុះ​ ទៅ​ប្រាប់​អស់​បងប្អូន​កុំ​ឲ្យ​ភិតភ័យ​ ចាំ​ខ្ញុំ​ជួយ​ដោះ​ឲ្យ​រួច​កុំ​មាន​ចិត្ត​បារម្ភ​ឡើយ >> ។ ត្រី​ក្រាញ់​ក៏​ត្រឡប់​ទៅ​វិញ​ ឯ​ទន្សាយ​លុះ​ព្រឹក​ព្រហាម​ ឡើង​ទៅ​មាត់​បឹង​ ឃើញ​អស់​សត្វ​កំពុង​បាច​ទឹក​ ក៏​យក​ស្លឹក​ឈើ​ដែល​ដង្កូវ​ស៊ី​ធ្លុះៗ​មក​ធ្វើ​ជា​សំបុត្រ​ ហើយ​ស្រែក​ហៅ​អស់​សត្វ​ទាំង​នោះ​ថា​ នែ ! បង​ប្អូន​ទាំងអស់​ចាំ​ស្ដាប់​ខ្ញុំ​ត្បិត​ព្រះឥន្ទ​លោក​ឲ្យ​ខ្ញុំ​នាំ​ សំបុត្រ​មក​ប្រាប់​គ្រប់​គ្នា​ថា << ព្រះឥន្ទ្រ​លោក​មក​កាច់​ជើង​ត្រុំ​ ប្រមុំ​ជើង​អក​ កាប់​​ក្បាល​ឆ្កែ​ចចក​ ដក​ភ្លុក​ដំរី​ស >> ។ អស់​សត្វ​ឮ​ថា​សំបុត្រ​ព្រះឥន្ទ្រ​ដូច្នោះ​ភ័យ​ណាស់​ ផ្អើល​បោល​ជាន់​គ្នា​ ពាន​លើ​ដំរី​ ក្របី​ រមាស​ រមាំងៗ​ ស្ទុះ​បោល​ទៅ​ជាន់​លើ​ពស់​ថ្លាន់​ជា​ទំនប់​ដាច់​ខ្លួន​ជា​ពីរ​ជា​បី​កំណាត់​ ធ្លាយ​ទំនប់​លិច​ទឹក​ស្លាប់​អស់ ។ សត្វ​ទាំងនោះ​ក៏​ទៅ​ជា​ចំណី​ត្រី​វិញ ។ តាំង​ពី​ថ្ងៃ​នោះ​មក​អស់​សត្វ​ទាំងពួង​កោត​ខ្លាច​ប្រាជ្ញា​សុភា​ទន្សាយ​ ទុក​សុភា​ទន្សាយ​ជា​គ្រូ​បា​អាចារ្យ​ទាំងអស់ ។

អណ្ដាត​ជា​អាទិ៍​កន្លង​ ស្លាប់​ផង​ រស់​ផង​ ពីព្រោះ​អណ្ដាត

រឿង​ព្រេង​ពេទ្យ​សំណាង

រឿង​ព្រេង​ពេទ្យ​សំណាង
ឃុន​សុវត្ថិវេទី យូ-អ៊ុន រៀប​រៀង

ក្នុង​កាល​ដ៏​កន្លង​យូរ​មក​ហើយ មាន​បុរស​ម្នាក់​ឈ្មោះ សំណាង ជា​មនុស្ស​កំញ្រ​ឳពុក មាន​តែ​ម្តាយ​ជា​គំរប់​ពីរ នៅ​ស្រុក​បច្ចន្ត​គ្រាម​ក្នុង​នគរ​បុរីរម្យ ជា​អ្នក​ទាល់​ក្រ​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ល្ងង់​ខ្លៅ​មិន​មាន​វិជ្ជា​ចំណេះ​អ្វី​ក្នុង​ខ្លួន សូម្បី​តែ​អក្សរ​នឹង​លេខ​ក៏​មិន​ចេះ​ផង ។ ជីវិត​នាយ​សំណាង​ប្រព្រឹត្ត​មក​បាន ២០ ឆ្នាំ​ប្លាយ​ហើយ មិន​ដែល​ប្រទះ​សេចក្ដី​សុខ​ស្រួល​ម្ដង​សោះ ជួប​តែ​សេចក្ដី​នឿយ​ហត់ លុះ​តែ​ខំ​ប្រឹង​រក បែក​ញើស​តាង​ទឹក ទើប​បាន​អាហារ​បរិភោគ​ព្រឹក​ល្ងាច ឯសំលៀក​បំពាក់​មាន​គ្រាន់​តែ​បិទ​បាំ​កេរ្តិ៍​ខ្មាស ថែម​ទាំង​មាន​បំណះ​ច្រើន​ជាន់​ច្រើន​ពណ៌, មុខ​គួរ​ឲ្យ​សង្វេគ​ពេក​ណាស់ ។

មាន​កាល​ថ្ងៃ​មួយ នាយ​សំណាង​មាន​វិតក្កខ្លាំង ជា​ហេតុ​នាំ​ឲ្យ​ទឹក​មុខ​ស្រពោន​មិន​ក្លៀវក្លា​ចេះ​តែ​អង្គុយ​សំកុក មិន​និយាយ​ស្ដី​រក​អ្នក​ណា​ឡើយ ។ ក្នុង​ខណៈ​នោះ មាន​តា​ចាស់​ម្នាក់ មាន​នាម​នឹង​គោត្រ​មិន​ប្រាកដ ស្មា​ស្ពាយ​ថង​យាម ដៃ​កាន់​ឈើ​ច្រត់ បាន​ដើរ​មក​ជួប​នឹង​នាយ​សំណាង ក៏​សួរ​ថា នៃ​ចៅ មុន​ខៅ​ក្រៀម​ក្រស់​មិន​ស្រស់​ស្រាយ​សោះ ទំនង​ជ​ាមិន​សប្បាយ​ដោយ​ហេតុ​អ្វី​មួយ​ឬ​ចៅ ? ។ សូម​ជំរាប​ប្រសាសន៍​លោក​តា ខ្ញុំ​បាទ​ព្រួយ​ចិត្ត​ជា​ខ្លាំង ។ ចៅ​ព្រួយ​ព្រោះ​រឿង​ហេតុ​អ្វី? ។ បាទ, ព្រោះ​ខ្ញុំ​បាទ​ទាល់​គំនិត​មិន​ដឹង​ជា​នឹង​គិត​ធ្វើ​របរ​បែប​ណា គ្រាន់​នឹង​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​សុខ​ស្រួល កុំ​ឲ្យ​មាន​លំបាក​ដូច​សព្វ​ថ្ងៃ​នេះ ។ អាយុ​ចៅ​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ​កើត​ថ្ងៃ​អី ឆ្នាំ​អី ? ។ ជំរាប​ប្រសាសន៍​លោក​តា ខ្ញុំ​បាទ​អាយុ​២៦ ឆ្នាំ​ហើយ កើត​ថ្ងៃ​ប្រហស្បតិ ខែ​ បិសាខ​ឆ្នាំ​ច ។ បាន​ជា​តា​សួរ​ដូច្នេះ ព្រោះ​តា​បាន​ស្តាប់​ពាក្យ​ចៅ​ឯង​មក គួរ​ឲ្យ​អាណិត​ណាស់ តា​ចង់​ពិគ្រោះ​មើល​ជោគ​ជតារាសី​ចៅ ឯង តើ​ក្នុង​មួយ​ចប់​ជីវិត​របស់​ចៅ​ប្រព្រឹត្ត​ទៅ​បែប​ណា ។ បាន​លោក​តា​មើល​ឲ្យ​ខ្ញុំ​បាទ​អរគុណ​រក​ប្រៀប​គ្មាន។ តា​ចាស់​បាន​យក​លេខ​ថ្ងៃ​ខែ​ឆ្នាំ​នឹង​អាយុ​រាសី​មក​ពិនិត្យ​គន់​គូរ​មើល សង្កេត​តាម​គម្ពីរ​វេទ​ ដែល​ចេះ​ចាំ​មក​សព្វ​គ្រប់​ហើយ ទើប​ពិនិត្យ​មើល​លក្ខណៈ​ទ្រង់​ទរាយ​រូប​ឆោម​របស់​ចៅ​សំណាង​មក​ផ្គូ​គ្នា​នឹង​លេខ​ថ្ងៃ​ខែ​ឆ្នាំ ហើយ​ទាយ​ថា នៃ​ចៅ! ទំនាយ​ចៅ​ឯង​ថា នឹង​បាន​សេចក្ដី​សុខ មាន​កេរ្តិ៍​ឈ្មោះ​ដោយ​សាវ​វិជ្ជា​មួយ ។ វិជ្ជា​អ្វី? លោក​តា! ។ វិជ្ជា​ពេទ្យ​ផ្សំ​ថ្នាំ​ព្យាបាល​រោគ​គ្រប់​ជំពូក ចៅ! ។ ឳលោក​តា​អើយ! ខ្ញុំ​បាទ​នឹង​ចេះ​ផ្សំ​ថ្នាំ​ធ្វើ​ជា​គ្រូពេទ្យ​ដូច​ម្តេច​កើត​បើ​ខ្ញុំ​បាទ​ខ្លៅ​ម្ល៉េះ សូម្បី​តែ​អក្សរ​លំនាំ​ក៏​ខ្ញុំ​បាទ​មិន​ចេះ​ផង ។ តា​ចាស់​ញញឹម​ហើយ​ប្រាប់​ថា មាន​មនុស្ស​ច្រើន​ណាក់​ណាស់​ចៅ! ដែល​មាន​ទ្រព្យ​សម្បត្តិ​ព្រម​ទាំង​មាន​កេរ្តិ៍​ឈ្មោះ​ព្រោះ តែ​វិជ្ជា​ផ្សំ​ថ្នាំ គេ​ក៏​មិន​ចេះ​អក្សរ​ដូច​ចៅ​ដែរ ។ បើ​ប្រាកដ​ដូច​លោក​តា​មាន​ប្រសាសន៍​មែន ខ្ញុំ​បាទ​អរ​ណាស់ ។ បន្ទាប់​មក តា​ចាស់​លា​នាយ​សំណាង​ដើរ​ហួស​ទៅ មិន​ដឹង​ជា​ទៅ​កាន់​ទី​ណា ។

កាល​តា​ចាស់​នោះ​ទៅ​បាត់ ចៅ​សំណាង​អង្គុយ​ទ្រឹង​គិត​១​ស្របក់ ក៏​ស្រាប់​តែ​ប្រែ​ទឹក​មុខ​ថ្លា​ស្រស់ ដោយ​នឹក​ឃើញ​ថា ឳលោក​តា​នេះ​ទាយ​ហាក់​ដូច​ជា​បើក​មុខ​វែក​ផ្លូវ​ ឲ្យ​អញ​ធ្វើ​តាម​ឧបាយ​នោះ​ហើយ ។ កាល​កន្លង​មក​មិន​យូរ​ប៉ុន្មាន ចៅ​សំណាង​ទៅ​ឯមាត់​សមុទ្រ ដើរ​រក​រើស​ឆ្អឹង​ត្រី, សំបក​លៀស, សំបក​ត្រី, ស្នូក​អណ្ដើក-បបែល-កន្ទាយ​-កុយ, ភ្លុក, ស្បែក, ស្នែង, របស់​សត្វ​ផ្សេង នឹង​ដំបុក​ឆ្កែ​ញ៉ាំង​ជា​ដើម, កាល​ត្រឡប់ពី​មាត់​សមុទ្រ​មក​វិញ បាន​ឡើង​ទៅ​កាន់​ព្រៃ​ភ្នំ រក​កាប់​ដើម, ឫស, សំបក​នៃ​ឈើ​វិសេសៗ ក្រៗ ដែល​មិន​មាន​រៀង​អាយ​នឹង​តា​វល្លិផ្សេងៗ ហើយ​យក​មក​ត​ប្រៀប​ដាក់​លក់​កណ្ដាល​ផ្សារ​នៅ​ស្រុក​បច្ចន្ដ​គ្រាម ព្រម​ទាំង​និយាយ​បញ្ចុះ​បញ្ចូល​មនុស្ស​ទាំង​ពួង ឲ្យ​ជឿ​ចូល​ចិត្ត​ជាវ​ថ្នាំ​យក​ទៅ​ប្រើ​រម្ងាប់​រោក​ទាំង​ពួង ។ រី​ឯ​ពួក​បុរស​ស្រ្ដី​ដែល​មាន​ភ័យ​ព្រោះ​រោគ​គ្រប​សង្កត់​រឹប​ជាន់​រាង​កាយ សឹង​តែ​នាំ​គ្នា​ខ្វល់​ខ្វាយ​ចូល​ជាវ​ឳសថ​អំពី​នាយ​សំណាង​គ្រប់ៗគ្នា ។ ចាប់​ដើម​ពី​ថ្ងៃ​ដែល​នាយ​សំណាង​តាំង​ថ្នាំ​លក់ អ្នក​ផង​នាំ​គ្នា​ហៅ​ថា "ពេទ្យ​សំណាងៗ" ជាប់​រហូត​រៀង​មក ។

នៅ​ឳកាស​ដែល​ពេទ្យ​សំណាង​កំពុង​ផ្សាយ​ថ្នាំ​ឳសថ ពួក​ចៅ​ហ្វាយ​ស្រុក​គ្រប់​ដំបន់​ក្នុង​នគរ​បុរីរម្យ សឹង​តែ​ខំ​ខ្វល់​ខ្វាយ​ចាត់​ការ​ឲ្យ​ភ្នាក់​ងារ​ទីទៃៗ​ទៅ​ស៊ើប​រក​ពេទ្យ​ពូកែៗ​ក្នុង​ដំបន់​ដែល​ខ្លួន​កាន់​កាប់, លុះ​ស៊ើប​ទៅ​ឃើញ​មាន ក៏​បញ្ជូន​ពេទ្យ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះករុណា​ម្ចាស់​ជីវិត​នៃ​នគរបូរីរម្យ តាម​ព្រះ​រាជ​ឳង្ការ​ត្រាស់​បង្គាប់ ។ ចំណែក​ឯពួក​រាស្រ្ត​អ្នក​ស្រុក​បច្ចន្ដ​គ្រាម កាល​មាន​ពួក​ភ្នាក់​ងារ​រាជការ​ស្រុក​ទៅ​ស៊ើប​រក​ពេទ្យ​ពូកែ បាន​ឆ្លើយ​ដាក់​ទៅ​លើ​ពេទ្យ​សំណាង​មក​សាលា​ស្រុក​ហើយ​ប្រាប់​ថា​នៃ​ពេទ្យ​សំណាង​! អ្នក​ផង​ក្នុង​ស្រុក​នេះ​និយាយ​ថា​អ្នក​ឯង​ចេះ​ផ្សំ​ថ្នាំ​យ៉ាង​ចំណាន ចុះ​អ្នក​ឯង​ដឹង​ទេ? ឥឡូវ​នេះ​ព្រះ​មហាក្សត្រ​ ដែល​សោយ​រាជ្យ​នៅ​នគរ​យើង​នេះ មាន​ព្រះ​អាបាធ​រោគ​ក្អក​របេង​ទ្រង់​បាន​ឲ្យ​ពួក​ពេទ្យ​នៅ​ទី​ក្រុង​ទាំង​អម្បាល​ម៉ាន មក​ព្យាបាល​រោគ​នោះ​ហើយ តែ​មិន​បាន​ធូរ​ស្រាក​ស្រាន្ដ​សោះ ទើប​ទ្រង់​ចាត់​ព្រះ​រាជ​ឳង្ការ​បង្គាប់​មក​ចៅ​ហ្វាយ​ស្រុក​គ្រប់​ស្រុក​ក្នុង​ព្រះ​នគរ​ ឲ្យ​បញ្ជូន​ពេទ្យ​ក្នុង​ស្រុក​នីមួយៗ​ទៅ​មើល​រោគ​ព្រះ​អង្គ, ហេតុ​នេះ យើង​នឹង​បញ្ជូន​អ្នក​ឯង​ឲ្យ​ទៅ​មើល​ព្រះ​រោគ​ស្ដេច​នោះ ក្នុង​កាល​ឥឡូវ​នេះ ។

បាន​ឮ​ថា ពេទ្យ​សំណាង​នោះ ក៏​កើត​រោគ​ក្អក​របេង​មក​យូរ​ឆ្នាំ​ហើរ​ដែរ តែ​រក​ថ្នាំ​មើល​ដោយ​ខ្លួន​ឯង​មិន​ជា​សោះ កាល​បាន​ស្តាប់​ពាក្យ​ចៅ​ហ្វាយ​ស្រុក​តម្រូវ​ឲ្យ​ទៅ​មើល​រោគ​ស្តេច​ដូច្នោះ ក៏​ភិត​ភ័យ​ជា​ខ្លាំង បាន​អង្វរ​ទៅ​ចៅ​ហ្វាយ​ស្រុក​ថា សូម​លោក​មេត្តា​កុំ​បញ្ជូន​ខ្ញុំ​ប្របាទ​ទៅ​ឲ្យ​ទាន ព្រោះ​ខ្ញុំ​ប្របាទ​គ្មាន​ចេះ​ផ្សំ​ថ្នាំ​កែ​រោគ​បែប​នោះ​ទេ​ណា​មួយ​ខ្ញុំ​ប្របាទ​ក៏​កើត​រោគ​របេង​នោះ​ដែរ ខ្ញុំ​បាទ​នឹង​ទៅ​មើល​ថ្វាយ​ស្តេច​ដូច​ម្តេច​កើត ។

រីឯ​ចៅ​ហវាយ​ស្រុក​នោះ ជា​អ្នក​ខ្លាច​ស្តេច​ណាស់ ដោយ​គិត​ឃើញ​ថា បើ​មិន​បាន​បញ្ជូន​ពេទ្យ​ណា​មួយ​ទៅ​ថ្វាយ ក្រែង​ស្តេច​យក​ទោស​ថា ល្មើស​នឹង​ព្រះរាជ​ឳង្ការ តែ​នឹង​រក​ពេទ្យ​ដទៃ​ក្នុង​ស្រុក​នោះ​ក្រៅ​ពី​ពេទ្យ​សំណាង​មិន​បាន ទើប​ពុំ​ព្រម​ទទួល​ពាក្យ​អង្វរ, ទោះ​បី​ពេទ្យ​សំណាង​អង្វរ​យ៉ាង​ណា ក៏​រឹង​រឹត​សំដែង​អំណាច​ប្រើ​អាការ​បង្ខិត​បង្ខំ​ជា​ខ្លាំង​ដរាប់​ទាល់​តែ​ពេទ្យ​សំណាង​លែង​ប្រកែក ព្រម​ទទួល​ទៅ​ទាំង​ភិត​ភ័យ​ ។ ចៅ​ហ្វាយ​ស្រុក​បាន​ចាត់​បម្រើ​ម្នាក់ ឲ្យ​យក​រទេះ​១​មក​នាំ​ពេទ្យ​សំណាង​ចៅ​ថ្វាយ​ស្តេច ក្នុង​ពេល​នោះ​ភ្លាម​ឥត​មាន​បង្អែ​បង្អង់​ឡើយ ។

ពេទ្យ​សំណាង​ជិះ​រទេះ​ទៅ​អស់​រយៈ​ផ្លូវ​វែង​ឆ្ងាយ ក៏​បាន​ដល់​ភ្នំ​មួយ​ដែល​តាំង​នៅ​ពាក់​កណ្ដាល​ផ្លូវ បាន​ដាក់​រទេះ​ឈប់​រក​ទឹក​ផឹក​ក្បែរ​ជើង​ភ្នំ​នោះ ។ ដោយ​ការ​ស្រេក​ទឹក​ពន់​ពេក, តេជោ​ធាតុ​ក្នុង​ខ្លួន​ពេទ្យ​សំណាង​ក៏​ឆេះ​ដាល​រោល​រាល​ជា​ខ្លាំង ជា​ហេតុ​បណ្ដាល​ឲ្យ​រោគ​ក្អក​រឹង​រឹត​តែ​ខ្លាំង​ឡើង​លើស​ដើម​ទៅ​ទៀត ។ ជូន​ជា​ពេល​នោះ ជា​រដូវ​ខែ​ប្រាំង សត្វ​ទី​ភូមិ​ភាគ​ផែន​ដី​ក្បែរ​ជើង​ភ្នំ សឹង​តែ​រីង​ស្ងួត​ហួត​ហែង​គោក​ខះ​អស់​ពុំ​មាន​ទឹក​ដក់​នៅ​បន្ដិច​សោះ​ឡើយ ពេទ្យ​សំណាង​ដើរ​រក​ស្ទើរ​ដាច់​ខ្យល់​ពុំ​បាន​ទឹក​ក្រេប​សោះ ដើរ​ទៅ​ដើរ​ទៅ​បាន​ឃើញ​ខ្ទម​មួយ ដល់​ដើរ​ចូល​ទៅ​ជិត​ឃើញ​មាន​បុរស​ស្រ្ដី​ប្តី​ប្រពន្ធ​នៅ​ក្នុង​ខ្ទម​នោះ ឯ​ប្រពន្ធ​កំពុង​លាង​បន្លែ​ច្រើន​មុខ​ក្នុង​ផើង​មួយ ដោយ​ទឹក​បន្ដិច​ហើយ​ល្ងក់​កខួរ ។ ពេទ្យ​សំណាង​និយាយ​សុំ​ទឹក​ថា អឺអ្នក! មាន​ទឹក​ទទួល​ទាន​ទេ មេត្តា​ឲ្យ​ខ្ញុំ​សុំ​ទទួល​ទាន​បាន​១​ឆ្អែត ។ ស្រ្ដី​នោះ​តប​ថា ឳ លោក​អើយ!​ខ្ញុំ​គ្មាន​ទេ​នៅ​ទី​នេះ​ក្រ​ទឹក​ណាស់, ខ្ញុំ​ខំ​សំរេង​ដង​អំពី​អណ្ដូង​ខាង​ត្បូង​ផ្ទះ​បាន​ល្មម​តែ​ស្ល​ដណ្ដាំ, នៅ​សល់​បន្ដិច​បន្ដួច ខ្ញុំ​យក​មក​លាង​បន្លែ​នេះ​អស់​ទៅ​ហើយ ។ ពេទ្យ​សំណាង​ស្រេក​ទឹក​ខះ​ក​ពេក​ទ្រាំ​អត់​ពុំ​បាន ក៏​សុំ​ទឹក​លាង​បន្លែ​អំពី​ស្រ្ដី​នោះ​មក​ផឹក រួច​លា​ម្ចាស់​ខ្ទម​ត្រឡប់​មក​ឡើង​ជិះ​រទេះ​ធ្វើ​ដំណើរ​ត​ទៅ​មុខ​ទៀត ។

លុះ​ពេទ្យ​សំណាង​ជិះ​រទេះ​ទៅ​ដល់​ទី​ក្រុង ក៏​បរទេះ​ចូល​ទៅ​តាម​ថ្នល់​ក្នុង​ក្រុង មើល​ឃើញ​ថ្នល់​ស្អាតៗ​ខ្វាត់​ខ្វែង​ជា​ក្រឡាចត្រង្គ ឃើញ​សសរ​គោម​ដាក់​ចង្កៀង​បំភ្លឹ​វេលា​យប់​ភ្លឺ​រន្ទាល តាម​ដោយ​ចិញ្ចើម​ថ្នល់​ជា​សង្កាត់ៗ ឃើញ​ផ្ទះ​ផ្សារ​ធំៗ​ខ្ពស់ៗ​ច្រើន​ជាន់​ល្វែង​សង់​ជា​ជួរៗ​តាម​សង​ខាង​ថ្នល់​នីមួយៗ នៅ​ក្នុង​ផ្ទះ​ផ្សារ​ទាំង​នោះ ឃើញ​សុទ្ធ​តែ​ជាតិ​អ្នក​នគរ​បុរីរម្យ​បើក​លក់​ទំនិញ​គ្រប់​មុខ, ទី​ខ្លះ​ឃើញ​សួន​ផ្កា ដាំ​ផ្កា​លាយ​ពណ៌​ចម្រុះ​គ្នា វិចិត្រ​ជា​ក្បាច់​ផ្សេងៗ​គួរ​ឲ្យ​មៀង​មើល ។ ពេទ្យ​សំណាង​ជិះ​រទេះ​គន់​មើល​បណ្ដើរ លុះ​បរ​ទៅ​ដល់​ព្រះ​បរមរាជ​វាំង ឃើញ​កំពែង​វែង​សន្លឹម ធ្វើ​អំពី​ថ្ម​ដ៏​ខ្ពស់​ព័ទ្ធ​ជុំ​វិញ​ជា ៤ ជ្រុង នៅ​ជុំ​វិញ​កំពែង​នោះ មាន​រោង​ទង​ដ៏​ល្អ​វិចិត្រ​ក្បាច់​រចនា​ប្លែកៗ មើល​ទៅ​ខាង​ក្នុង​ឃើញ​ប្រាសាទ​ជា​ច្រើន ខ្ពស់​ទទុងៗ ប្រក់​សុទ្ធ​តែ​ក្បឿង​ពណ៌​ភ្លឺ​ចិញ្ចែង កំពូល​មុខ​ព្រហហ្ម​បួន នៅ​ទី​ក្បែរ​ខាង​ប្រាសាទ​មួយៗ​មាន​សួន​ផ្កា​ល្អ​ត្រកាល​ពេទ្យ​សំណាង​ឃើញ​ហើយ នឹង​អស្ចារ្យ​ស្ងើច​ស្ញប់​ស្ញែង​ខ្លាច​រិទ្ធានុភាព​ស្តេច​ផែន​ដី ដែល​រៀបចំ​ទី​ក្រុង​នឹង​ព្រះរាជ​វាំង​ ឲ្យ​រុង​រឿង​នេះ ជា​អនេក​កប្បការ ។

កាល​ពេទ្យ​សំណាង ចុះ​ពី​រទេះ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ​បរមរាជ​វាំង បាន​ឃើញ​ពួក​ពេទ្យ​ដែល​មក​អំពី​ស្រុក​ក្រៅ កំពូង​គេ​ផ្សំ​ឳសថ​ថ្វាយ​ស្ដេច តែ​ស្ដេច​សោយ​ថ្នាំ​ទាំង​នោះ​ទៅ ក៏​ពុំ​បាន​ជា​ព្រះរោគ​ឡើយ ។ ក្នុង​កាល​មុន​នឹង​ចូល​ទៅ​គាល់​ស្តេច ពេទ្យ​សំណាង​មាន​ព្រួយ​ចិត្ត ឆ្លេ​ឆ្លា​គំនិត​ជា​ខ្លាំង​ណាស់ ដោយ​ការ​ស្រាវ​ជ្រាវ​នឹក​រក​ថ្នាំ​នឹង​យក​មក​ប្រកប​ផ្សំ​ថ្វាយ​ស្ដេច​ដើម្បី​ដោះ​ទាល់​ខ្លួន ព្រោះ​កាល​ចេញ​ពី​ផ្ទះ​មក​គ្មាន​ដោយ​ជាប់​ថ្នាំ​បន្ដិច​បន្ដួច​មក​ផង​ទេ, ដើរ​បណ្ដើរ​នឹក​រក​ថ្នាំ​បណ្ដើរ, កំពុង​តែ​ដើរ​គិតៗ ស្រាប់​តែ​ភ្ញាក់​ក្នុង​ចិត្ត​ថា "យី!​អញ​មក​តាម​ផ្លូវ មិន​បាន​ពិនិត្យ​មើល​រោគ​ខ្លួន​ឯង​ផង​សោះ ឥឡូវ​នេះ​ក្នុង​ខ្លួន​អញ​ដូច​ជា​បាន​ធូរ​ច្រើន​ណាស់​បាត់​ក្អក​បាត់​ក្ដៅ​ស្ទេញ​អស់​ហើយ, ប្រហែល​រោគ​ក្នុង​រូប​អញ​នេះ​បាន​សះ​ស្បើយ​ ដោយ​សារ​ផឹក​ទឹក​សាង​បន្លែ ដែល​សុំ​ពី​ស្រី​នៅ​ជើង​ភ្នំ​នោះ​ទេ​ដឹង? អញ​គួរ​មើល​ថ្វាយ​ស្តេច​តាម​ទំនង​នេះ​ចុះ" លុះ​គិត​ឃើញ​ដូច្នេះ​ហើយ ក៏​ឲ្យ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ស្ដេចៗ​ទ្រង់​មាន​ព្រះ​រាជ​ឳង្ការ​សួរ​ថា "ពេទ្យ​សំណាង! អ្នក​ឯង​អាច​មើល​រោគ​យើង​ជា​ទេ? បើ​មើល​ជា, យើង​និង​ឲ្យ​រង្វាន់​ជា​ច្រើន" ។ ពេទ្យ​សំណាង​ក្រាប​ទូល​បង្គំ​ទូល​ថា "សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ទូល​បង្គំ​សូម​មើល​ថ្វាយ​តាម​បន្ទាល់ តែ​សូម​ទ្រង់​ព្រះ​រាជ​ទាន​បន្ទប់​មួយ​ដ៏​ស្ងាត់​នឹង​មនុស្ស​បម្រើ​ពីរ​នាក់ ដើម្បី​នឹង​បាន​ចាត់​ចែង​ឳសថ​ថ្វាយ" ។ ស្ដេច​ទ្រង់​បាន​ប្រទាន​តាម​ពាក្យ​សុំ​របស់​ពេទ្យ​សំណាងៗ​បាន​ហៅ​អ្នក​បម្រើ​ទាំង​ពីរ​នាក់​នោះ ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ​បង្គាប់​ឲ្យ​ទៅ​រក​បេះ​ស្លឹក​ ផ្លែ​ឈើ មើល​ឈើ​ដែល​គេ​ស្ល​បរិភោគ​បាន​បន្ដិចៗ​គ្រប់​មុខ​អំពី​ស្រុក​ស្រែ​មក​ឲ្យ, កាល​បាន​ហើយ ក៏​យក​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ហើយ​យក​ទឹក​លាង​ក្នុង​ចាន​ដែក​មួយ ធ្វើ​ទំនង​ឲ្យ​ដូច​ស្រី​លាង​បន្លែ​ដែល​ខ្លួន​ឃើញ រួច​យក​ទឹក​នោះ​ទៅ​ត្រង​ដោយ​សំពត់​ស​ស្អាត ហើយ​ចាក់​ទៅ​ក្នុង​កែវ​មួយ​នាំ​យក​ទៅ​ថ្វាយ​ស្ដេចៗ សោយ​ទឹក​ឳសថ​អស់​១​កែវ​នោះ ព្រះ​អាពាធ​ក៏​បាន​ធូរ​សះ​ស្បើយ​ចាក​ព្រះ​អង្គ ។

ព្រះ​មហាក្សត្រា​ធិរាជ កាល​បាន​ជា​ព្រះ​រោគ​ហើយ ទ្រង់​សោមនស្ស​រីក​រាយ​សប្បាយ​ក្នុង​ព្រះ​រាជហឫទ័យ​ជា​ខ្លាំង ទ្រង់​បាន​ធ្វើ​បដិការ​តប​គុណ​ពេទ្យ​សំណាង ឲ្យ​សម​គួរ​ដល់​កិច្ច​ដែល​គេ​បាន​ស្រង់​ជីវិត​ព្រះ​អង្គ គឺ​ទ្រង់​ប្រទាន​ស្រី​ស្នំ​ម្នាក់​ឈ្មោះ សុគន្ធ អាយុ ១៨ ឆ្នាំ ដែល​មាន​រូប​ឆោម​ល្អ​ឆើត​មាន​ពុជ​ពង្ស​ខ្ពង់​ខ្ពស់ ឲ្យ​ជា​ភរិយា, ទ្រង់​ប្រទាន​ខ្ញុំ​ប្រុស​ខ្ញុំ​ស្រី​ច្រើន​នាក់​នឹង​មាស​ប្រាក់​ច្រើន​ពាន់ ព្រម​ទាំង​ផ្ទះ​មួយ​ដ៏​មាន​ប្រដាប់​ប្រើ​ប្រាស់​ក្នុង​នោះ​គ្រប់​គ្រាន់ ហើយ​ទ្រង់​ប្រទាន​យស​សក្ដិ​ខ្ពង់​ខ្ពស់​ទី​ឧក​ងារ​ជា​ឧកញ៉ា​សំណាង​មាន​ភ័ព ។ ពេទ្យ​សំណាង​កាល​បាន​ទទួល​ព្រះ​រាជ​អំណោយ​​ដ៏​ប្រសើរ​យ៉ាង​នេះ​ហើយ ក៏​មាន​ចិត្ត​ត្រេក​អរ​មហិមា​បាន​នៅ​រួម​វាសនា​ជា​មួយ​នឹង​នាង​សុគន្ធ​ជា​សុខ​សប្បាយ​ ថ្ងៃ​ក្រោយ​មក​បាន​ប្រើ​គេ​ឲ្យ​ទៅ​នាំ​មាតា​យក​មក​នៅ​ជា​មួយ​ឯទី​ក្រុង​វិញ ។

តាំង​ពី​ថ្ងៃ​ដែល​ព្រះរាជា​ទ្រង់​សះ​ស្បើយ​ព្រះ​រោគ, កិត្តិស័ព្ទ​ដ៏​ពិរោះ​ក៏​លាន់​ឮ​ខ្ចរ​ខ្ចាយ​ពេញ​ទាំង​នគរ​ថា​ពេទ្យ​សំណាង​មើល​ស្តេច​ជា ។ មនុស្ស​ទាំង​ឡាយ​ជា​អ្នក​មាន​ទុក្ខ​ធុរៈ ដោយ​រោគ​ផ្សេងៗ​បាន​នាំ​គ្នា​ចូល​ទៅ​សុំ​ជាវ​ថ្នាំ​លោក​សំណាង​រាល់​ថ្ងៃ ។ ឳសថ​ណា​ដែល​លោក​សំណាង​ផ្សំ​ឲ្យ ឳសថ​នោះ​ពូកែ​សក្ដិសិទ្ធិ​អាច​រម្ងាប់​រោគ​បាន​ដូច​ចិត្ត ។ លោក​សំណាង​បាន​ជួប​សេចក្ដី​សុខ​បន្ដិច​ម្តងៗ​ តាំង​ពី​ថ្ងៃ​ចេញ​លក់​ថ្នាំ, រហូត​មក​ដល់​មាន​កេរ្តិ៍​ឈ្មោះ​ជា​ពេទ្យ​វិសេស រឹង​រឹត​មាន​សេចក្ដី​សុខ​ដ៏​ធំ​ទូលាយ​ថែម​ទៀត គួរ​ឲ្យ​អស្ចារ្យ​នឹង​បុណ្យ​លោក​ដ៏​ក្រៃ​លែង ។

ច្រៀង​ដែល​ដំណាល​មក​នេះ បំភ្លឺ​បាន​ទាំង​ពីរ​ផ្លូវ គឺ​ទាំង​ផ្លូវ​លោក​នឹង​ផ្លូវ​ធម៌ ដូច​មាន​សេចក្ដី​រួច​រួម​ជា​ពាក្យ​កាព្យ​ត​ទៅ​នេះ ៖

បុណ្យ​ភ័ព្វ​កំណប់​ពី​ព្រេង​នាយ តែង​ឲ្យ​ពណ្ណរាយនា​លោកិយ

ដល់​ជន​ជា​ប្រុស​ឬ​ជា​ស្រី ដែល​ខំ​ឃ្មាត​ខ្មី​កសាង​ទុក ។

ឃើញ​ទេលោក​សំណាង​មាន​ភ័ព្វ ល្បី​ឈ្មោះ​មាន​ទ្រព្យ​គេ​រាប់​មុខ

ផ្សំ​ថ្នាំ​សក្តិសិទ្ធិ​ឥត​មាន​ធុក នេះ​គឺ​សាង​សុខ​ទុក​ពី​មុន ។

មួយ​ទៀត​រឿង​នេះ​ស​ឲ្យ​យល់ ថា​កុំ​ឲ្យ​វល់​ព្រោះ​គ្មាន​ទុន

ប្រឹង​តែ​ធ្វើ​ការ​កុំ​ស្ករ​ស្កុន សុខ​សាន្ដ​ទ្វេ​គុណ​គង់​កើត​មាន ។

ហេតុ​នេះ​អស់​សាធុជន​អើយ បើ​ក្ដី​ក្រ​គ្រប​ហើយ​ត្រូវ​រិះ​ធ្យាន

ប្រឹង​ប្រកប​ការ​ឲ្យ​កើត​បាន ដូច​ពេទ្យ​ចំណាន​នេះ​អ្នើ​អឺយ ។


ចប់​រឿង​ព្រង ពេទ្យ​សំណាង

រឿង​ប្រាជ្ញា- សំណាង- ផល ទាំង ៣ អួត​រិទ្ធិ​តែ​សព្វ​ខ្លួន

មាន​ពេល ១ ប្រាជ្ញា- សំណាង- ផល​ទាំង ៣​នាក់​បាន​មក​ប្រជុំ​គ្នា ប្រាជ្ញា​អាង​អួត​ឡើង​ថា ប្រាជ្ញា​មាន​រិទ្ធិ​ពូកែ​ជាង​សំណាង​នឹង​ផល សំណាង​អាង​អួត​ឡើង​ថា សំណាង​ថា​មាន​រិទ្ធិ​ធំ​ពូកែ​ជាង​ប្រាជ្ញា​នឹង​ផល ផល​អាង​អួត​ឡើង​ថា ផល​មាន​រិទ្ធិ​ជាង​ប្រាជ្ញា​នឹង​សំណាង នោះ​អ្នក​ទាំង ៣ នាក់​អាង​អួត​តែ​សព្វ​រៀង​ខ្លួន​មិន​ដឹង​ជា​អ្នក​ខាង​ណា​មាន​រិទ្ធិ​អានុភាព​ជាង​ខាង​ណា មាន​សេចក្ដី​អំនួត​តែ​សព្វ​រៀង​ខ្លួន នោះ​អ្នក​ទាំង ៣ នាក់​ថា​បើ​ចង់​ដឹង​ឲ្យ​ល្បង​រិទ្ធ​គ្នា​មើល ឲ្យ​ដឹង​ជា​អ្នក​ណា​ពូកែ​ជាង​អ្នក​ណា នោះ​ប្រាជ្ញា- សំណាង- ផល ទាំង ៣ នាក់​ជំនុំ​ព្រម​តាំង​ល្បួង​រិទ្ធិ​ទាំង ៣ នាក់​បណ្ដើរ​គ្នា​ទៅ ក៏​មើល​ទៅ​ឃើញ​មាន​មនុស្ស ១ នាក់​ជា​អ្នក​ក្រ​កំសត់​នៅ​ខ្ញុំ​សេដ្ឋី ៗ ឲ្យ​បុរស​នោះ​ឃ្វាល​គោ​ក្របី រក​តែ​សំពត់​អាវ​នឹង​ស្លៀក​ពាក់​គ្មាន មនុស្ស​នោះ​ល្ងង់​មិន​ស្គាល់​ខុស​ត្រូវ ចេះ​ដឹង​តែ​ឃ្វាល​ក្របី នោះ​ប្រាជ្ញា- សំណាង​ទាំង​ពីរ​នាក់ បើ​ផល​អាង​អួត​ថា​ខ្លួន​គ្រាន់​បើ​ឲ្យ​ផល​ទៅ​ជួយ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី​នោះ តើ​បាន​គ្រាន់​បើ​យ៉ាង​ដូចម្ដេច​ឡើង នោះ​ក៏​ផល​ក៏​បាន​ទៅ​ជួយ​មនុស្ស​នោះ ៗ តាំង​ពី​ថ្ងៃ​ដែល​ផល​ទៅ​ជួយ​នោះ ក៏​អ្នក​ទាំង​ពួង​ចេះ​តែ​នឹក​អាណិត​មនុស្ស​នោះ ក៏​យក​ចំណី​ទៅ​ឲ្យ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី​នោះ​ស៊ី​ពុំ​មាន​ខ្វះ​ចំណី​អ្វី​សោះ​ឡើយ តែ​ផល​ជួយ​កំឡាំង​ដល់​បាន​តែ​ត្រឹម​ស៊ី​ពុំ​មាន​ខ្វះ​ឡើយ ផល​នឹង​គិត​ជួយ​មនុស្ស​នោះ​អ្វី​ត​ទៅ​មិន​បាន នោះ​ប្រាជ្ញា- សំណាង- បាន​សួរ​ទៅ​ផល​ថា ផល​ជួយ​មនុស្ស​បាន​យ៉ាង​ណា​ត​ទៅ​ទៀត ផល​ឆ្លើយ​ប្រាប់​ទៅ​សំណាង​ប្រាជ្ញា​វិញ​ថា អំណាច​ផល​ជួយ​មនុស្ស​នេះ​បាន​តែ​ប៉ុណ្ណោះ​ទេ នោះ​សំណាង​បាន​ទៅ​ជួយ​មនុស្ស​នោះ​ទៀត ឯ​មនុស្ស​នោះ​លុះ​សំណាង​បាន​ទៅ​ជួយ​ទៀត ក៏​ក្របី​ដែល​ឃ្វាល​ទាំង​ប៉ុន្មាន ជុស​អាចម៍​មក​ដាក់​ក្នុង​ក្រោល​នោះ ក៏​សុទ្ធ​តែ​ដុំ​ពេជ្រ​ទាំង​អស់​ភ្លឺ​ពេញ​ក្រោល តែ​បុរស​ដែល​ឃ្វាល​ក្របី​នោះ​មិន​ស្គាល់​ជា​ដុំ​ពេជ្រ​សោះ រើស​បាន​អាចម៍​ក្របី​នោះ ១ ដុំ​យក​មក​ចង​នឹង​ចុង​ខ្សែ​ក្របី​គ្រវី​លេង​ភ្លឺ​ព្រោង​ព្រាត​ដេញ​ក្របី​ទៅ​ឃ្វាល​ជា​រាល់​ថ្ងៃ ដល់​ដេញ​ក្របី​ទៅ​ផឹក​ទឹក​នៅ​បាង​សមុទ្រ ក៏​គ្រវី​ខ្សែ​ក្របី​នោះ​លេង​ជា​ធម្មតា និយាយ​ពី​នាយ​សំពៅ​ដែល​បើក​សំពៅ​ក្នុង​សមុទ្រ​វា​ត្រូវ​ភ្នែក​នឹង​អំណាច​រន្ទះ​ពេជ្រ​ដែល​បុរស​នោះ​គ្រវី​លេង ក៏​ក្រឡេក​ដេញ​តាម​អំណាច​ពេជ្រ​ដែល​ភ្លឺ​នោះ​មក​ឃើញ​បុរស​គ្រវី​លេង នាយ​សំពៅ​ក៏​បើក​សំពៅ​ចូល​មក​ក៏​សួរ​ទៅ​បុរស​នោះ​ថា បុរស​ឯង​បាន​របស់​នេះ​ពី​ណា​មក បុរស​នោះ​ក៏​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា របស់​នេះ​ជា​អាចម៍​ក្របី​ដែល​ខ្ញុំ​ឃ្វាល​នេះ នាយ​សំពៅ​ក៏​គិត​ថា មនុស្ស​នេះ​ល្ងង់​មឹន​ស្គាល់​ដុំ​ពេជ្រ នាយ​សំពៅ​ក៏​បាន​សួរ​ទៅ​បុរស​នោះ​ទៀត​ថា បុរស​ឯង​ដែល​ឃ្វាល​នោះ​ក្របី​បុរស​ឯង ឬ​ក្របី​របស់​អ្នក​ណា បុរស​នោះ​បាន​ឆ្លើយ​ប្រាប់​ទៅ​នាយ​សំពៅ​ថា ខ្ញុំ​នៅ​ជា​ខ្ញុំ​សេដ្ឋី​តាំង​ពី​ជីដូន​ជីតា​រហូត​ដល់​មក​អាពុក​ម្ដាយ​ដល់​មក​ខ្ញុំ​ជា​កូន​ទៀត នោះ​នាយ​សំពៅ​បាន​សួរ​ទៅ​បុរស​នោះ​ថា ជំពាក់​សេដ្ឋី​ប្រាក់​ប៉ុន្មាន​រៀល បុរស​នោះ​បាន​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា ខ្ញុំ​ឮ​អាពុក​ម្ដាយ​ខ្ញុំ​និយាយ​ប្រាប់​ខ្ញុំ​ថា ជីដូន​ជីតា​ខ្ញុំ​គាត់​ជំពាក់​លោក​សេដ្ឋី​ប្រាក់​ដើម ១០០០៛,០០ នាយ​សំពោ​ក៏​បាន​សួរ​ទៅ​បុរស​នោះ​វិញ​ទៀត​ថា ចុះ​ក្របី​ដែល​ជុស​អាចម៍​នៅ​ក្នុង​ក្រោល​អ្នក​​ឯង​នោះ​មាន​ប៉ុន្មាន​ដែល​មាន​ពន្លឺ​ដូច​របស់​អ្នក​ឯង​កាន់​លេង​នេះ បុរស​នោះ​បាន​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា អាចម៍​ក្របី​ដែល​ដូច​ជា​ដុំ​ដែល​ខ្ញុំ​កាន់​មក​នេះ គឺ​ពេញ​តែ​ក្រោល​ក្របី​ដែល​ឃ្វាល​នោះ នាយ​សំពៅ​ក៏​គិត​ថា បុរស​នេះ​ជា​មនុស្ស​មាន​សំណាង តែ​មិន​ស្គាល់​ពេជ្រ​ព្រោះ​ដោយ​ល្ងង់ នាយ​សំពៅ​បាន​សួរ​ទៅ​បុរស​នោះ​ថា អ្នក​ឯង​ព្រម​ធ្វើ​ជា​កូន​យើង ៗ នឹង​យក​អ្នក​ឯង​ទៅ​ថែរក្សា​ធ្វើ​កូន នោះ​បុរស​នោះ​បាន​ប្រាប់​ទៅ​នាយ​សំពៅ​វិញ​ថា ខ្ញុំ​ទៅ​នៅ​នឹង​លោក​មិន​បាន​ទេ ព្រោះ​ខ្ញុំ​នៅ​ជំពាក់​ប្រាក់​លោក​សេដ្ឋី នាយ​សំពៅ​ថា មិន​អី​ទេ​ឲ្យ​តែ​បុរស​ឯង​ព្រម​ទៅ​នៅ​ធ្វើ​កូន​យើង​ចុះ​យើង​យក​ប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​លោក​សេដ្ឋី ឯ​អាចម៍​ក្របី​ដែល​ជុស​មក​ក្នុង​មក​ក្នុង​ក្រោល​ទាំង​ប៉ុន្មាន យើង​ត្រូវ​យក​ដាក់​ក្នុង​សំពៅ​យើង​ទៅ បុរស​នោះ​ក៏​ព្រម​តាម​នាយ​សំពៅ ៗ ក៏​បាន​យក​ប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​សេដ្ឋី​រួច ក៏​បាន​ទៅ​កើប​ពេជ្រ​យក​ពី​ក្នុង​ក្រោល​ក្របី​ផ្ទុក​ដាក់​សំពៅ​ពេញ​បើក​ទៅ​ដល់​ទី​លំនៅ​ផ្ទះ​នាយ​សំពៅ ៗ គិត​ពិចារណា​ប្ដី​ប្រពន្ធ​ថា កូន​យើង​នេះ​ជា​មនុស្ស​ល្ងង់​ម៉្លេះ ឥឡូវ​យើង​ចាត់​ទៅ​ធ្វើ​ជំនួញ​គិត​គូរ​របស់​អ្វី ៗ មិន​កើត បើ​ដូច្នោះ​គួរ​យើង​ទៅ​ដណ្ដឹង​កូន​ស្ដេច​ឲ្យ ធម្មតា​ស្ដេច​នៅ​តែ​ស្ងៀម​គ្មាន​គិត​គូរ​អ្វី បើ​កូន​ធ្វើ​ស្ដេច​នឹង​ធ្វើ​បាន ជំនុំ​ព្រម​ប្ដី​ប្រពន្ធ​ក៏​នាំ​គ្នា​ទៅ​ដណ្ដឹង​កូន​ស្ដេច ៗ ក៏​ព្រម​ព្រៀង​ឲ្យ​កូន​ក្រមុំ​មក​កូន​នាយ​សំពៅ ក៏​គិត​គូរ​គ្នា​ការ​ងារ​ហើយ​ជា​ស្រេច នាយ​សំពៅ​ក៏​វិល​ទៅ​ផ្ទះ​វិញ នៅ​តែ​បុរស​បុរស​ជា​កូន​នាយ​សំពៅ ដល់​ពេល​យប់​កូន​ក្រមុំ​ស្ដេច​តាំង​រៀប​ពូក​កន្ទេល​ខ្នល់​ខ្នើយ​ដំណេក​បង្គុយ​ប្ដី នឹង​រួម​វេណី​ជា​មួយ​ដូច​ធម្មតា​អ្នក​ទាំង​ពួង ឯ​បុរស​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ ក៏​មិន​គិត​ទៅ​ដេក​នឹង​កូន​ក្រមុំ​ស្ដេច ទៅ​ដេក​ឯ​ជើង​កំផែង​វាំង​ស្ដេច​នោះ​វិញ លុះ​ព្រឹក​ឡើង​ដើរ​លេង​ឡូ លេង​ឈូង​ជា​មួយ​នឹង​កូន​ក្មេង ៗ គ្មាន​កាន់​គំនិត​សណ្ដាប់​ជា​កូន​ស្ដេច ល្ងង់​មួយ​ថ្ងៃ​ជា ២​ថ្ងៃ នាង​នោះ​ក៏​ចេះ​តែ​រៀប​កន្ទេល​ខ្នើយ​ជា​រៀង​រាល់​ថ្ងៃ​ពុំ​ឃើញ​ប្ដី​ទៅ​ដេក​ជា​មួយ​សោះ ហើយ​នាង​ឲ្យ​បម្រើ​ទៅ​ពិនិត្យ​មើល ឃើញ​បុរស​នោះ​ដើរ​ទៅ​ដេក​ដោយ​ជើង​កំផែង​វាំង ហើយ​នាង​កូន​ក្រមុំ​ស្ដេច​គិត​ទៅ​ខឹង​នឹង​ស្ដេច​អាពុក ឲ្យ​មាន​ប្ដី​មាន​កិរិយា​មិន​ច្រឡំ​នឹង​គេ គ៏​ទៅ​ទូល​ស្ដេច​អាពុក​តាម​ដំណើរ ស្ដេច​អាពុក​កាល​ណា​បើ​បាន​ស្ដាប់​ពាក្យ​កូន​ទូល​សព្វ​គ្រប់​ហើយ ក៏​ខ្ញាល់​ណាស់​គិត​ថា បុរស​នេះ​ដែល​ប្រដិបត្តិ​កិរិយា​យ៉ាង​ហ្នឹង ជា​មិន​មែន​ពូជ​ត្រកូល​អ្នក​ខ្ពស់ គឺ​នាយ​សំពៅ​អាង​តែ​ខ្លួន​មាន​សម្បត្តិ​ទៅ​យក​មនុស្ស​ខ្ញុំ​គេ​មក​ដណ្ដឹង​កូន​អញ​ដើម្បី​នឹង​មើល​ងាយ បើ​ដូច្នេះ​នឹង​ត្រូវ​ឲ្យ​ទៅ​ហៅ​យក​កូន​ប្រសា​នោះ​មក​មើល រី​ឯ​ផ្ទះ​នាយ​សំពៅ​ទៀត​ត្រូវ​ចាត់​ឲ្យ​ទាហាន​ទៅ​ព័ទ្ធ​រិប​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ស្ដេច​រក​ទៅ​ឃើញ​ថា​មិន​មែន​ជា​កូន​នាយ​សំពៅ​ទេ នឹង​យក​កូន​ប្រសា​នឹង​នាយ​សំពៅ​ទាំង​ប្ដី​ប្រពន្ធ​ទៅ​សម្លាប់​ចោល​ទាំង​អស់ ឯ​ទ្រព្យ​សម្បត្តិ​ត្រូវ​រិប​អូស​ដាក់​ព្រះ​រាជ​ទ្រព្យ​ទាំង​អស់ ។
នោះ​សំណាង​នឹង​ផល​បាន​ដឹង​ថា ស្ដេច​មុក​ជា​យក​ទៅ​ធ្វើ​ទោស​បុរស​នេះ ឥឡូវ​នេះ​ក៏​គិត​ភិត​ភ័យ​នឹង​គិត​ជួយ​បទ​ណា​ឲ្យ​បុរស​នេះ​បាន​រួច​ពី​ជីវិត ឯ​អំណាច​ផល​គឺ​រួច​បាន​ត្រឹម​តែ​ស៊ី ឯ​សំណាង​បាន​ជួយ​ដល់​ត្រឹម​សោយរាជ្យ តែ​ត្រង់​ដោះ​ខ្លួន​ឲ្យ​រួច​ពី​ជីវិត​ទៀត​ពុំ​បាន នោះ​សំណាង​នឹង​ផល​ទាំង​ពីរ​នាក់​បាន​ជំនុំ​គ្នា​ថា យើង​ត្រូវ​រត់​ទៅ​ពឹង​ប្រាជ្ញា​និយាយ​ប្រាជ្ញា​ថា បុរស​គង្វាល​ក្របី​យើង​ទាំង​ពីរ​នាក់​ជួយ​បាន​សោយ​រាជ្យ​ទៅ​ហើយ តែ​ឥឡូវ​ស្ដេច​អាពុក​គិត​យក​ទៅ​សម្លាប់ សុំ​ឲ្យ​ប្រាជ្ញា​ទៅ​ជួយ​ឲ្យ​រួច​ពី​ស្លាប់ ប្រាជ្ញា​កាល​ណា​បើ​បាន​ឮ​សំណាង​នឹង​ផល​មក​ពឹង​ខ្លួន​យ៉ាង​ដូច្នេះ ហើយ​ថា​ទេ​បើ​ប្រាជ្ញា​ទៅ​ជួយ​លុះ​តែ​សំណាង​នឹង​ផល​ចុះ​ចាញ់ ទុក​ប្រាជ្ញា​ជា​ច្បង សំណាង​ជា​កណ្ដាល ផល​ជា​ប្អូន ប្រាជ្ញា​បាន​ទៅ​ដល់​ជួយ​បុរស​នោះ ៗ បាន​ភ្ញាក់​ស្មារតី​ដឹង​ខ្លួន​ថា អញ​បាន​ធ្វើ​ជា​ស្ដេច​សោយរាជ្យ​មិន​ត្រូវ​ដើរ​មក​លេង ត្រូវ​តែ​កាន់​សណ្ដាប់​ខ្លួន​ជា​ស្ដេច បុរស​នោះ​ក៏​ដើរ​ទៅ​រក​នាង ១ រំពេច ប្រាជ្ញា​វៃ​វៀង​ដើរ​ទៅ​ទ្រួត​ត្រា​លើ​មនុស្ស​បាវ​ព្រាវ​ទាំង​ប៉ុន្មាន ក៏​នាង​កូន​ស្ដេច​នឹក​ឆ្ងល់​ថា ប្ដី​អញ​ពី​មុន តាំង​ពី​ថ្ងៃ​ការ​រួច​មក​ដើរ​ដេក​ដោយ​ជើង​កំផែង​វាំង បែប​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ ឥឡូវ​ដល់​ពេល​នេះ ក៏​មើល​ទៅ​ឃើញ​មាន​ប្រាជ្ញា​ឆ្លុះ​ឆ្លាត​រក​អ្នក​ឯ​ណា​ស្មើ​គ្នា នាង​ក៏​សួរ​ទៅ​ប្ដី​សូម​ទូល​ព្រះ​អង្គ ពី​ថ្ងៃ​ដែល​ការ​រួច​មក ហេតុ​អ្វី​ក៏​ព្រះ​អង្គ​ទៅ​ដើរ​ផ្ទំ​ដោយ​ជើង​កំផែង​វាំង​មិន​មក​ទី​កន្លែង​ក្រឡា​បន្ទំ តើ​យ៉ាង​ដូច​ម្ដេច ក៏​ស្ដេច​បុរស​នោះ​បាន​ប្រាប់​ទៅ​នាង​វិញ​ថា គ្រូ​បង​ផ្ដាំ​បង​ថា​បើ​រៀប​ការ​ប្រពន្ធ​ថ្មី ឲ្យ​សង្កេត​មើល​កិរិយា​ស្រី​សិន ថា​បើ​ត្រឹម​ត្រូវ​សិម​យក​ធ្វើ​ជា​ប្រពន្ធ បើ​មិន​បាន​ត្រឹម​ត្រូវ​ទេ​យក​ធ្វើ​ជា​ប្រពន្ធ​មិន​បាន ហេតុ​នេះ​បាន​ជា​បង​សង្កេត​មើល​ប្អូន​ឯង​សិន កិរិយា​ប្អូន​ឯង​ឃើញ​ថា​ត្រឹម​ត្រូវ​ទើប​បង​បាន​មក​រក​នាង​នេះ នាង​ក៏​បាន​ទៅ​ទូល​ស្ដេច​អាពុក ៗ ក៏​បាន​ពិនិត្យ​មើល​ឃើញ​ជា​មនុស្ស​នេះ​មាន​ដំរេះ​ប្រាជ្ញា​នឹង​រក​អ្នក​ឯ​ណា​ស្មើ​គ្មាន ក៏​លើក​រាជ្យ​ឲ្យ​សោយ​ទៅ ។