ព្រះបាទ អង្គឌួង / អង្គដួង ជាក្សត្ររក្សាសីលយ៉ាងខ្ជាប់ខ្ជួន ទ្រង់ប្រកបដោយធម៌ និង ប្រតិពលក្នុងរាជកិច្ច , រាជកវីនិពន្ធ និងជាពុទ្ធសាសនិកដ៏ឆ្នើមនាសម័យឧដុង្គមានជ័យ ។ក្នុងចំណោមវណ្ណកម្មអក្សរសិល្ប៍របស់ព្រះអង្គ, កូនខ្មែរជំនាន់ក្រោយមិនអាចភ្លេចបានទេនូវព្រះរាជនិពន្ធ “ច្បាប់ ស្រី” និងរឿង “កាកី” ដែលជាវណ្ណកម្មដ៏អស្ចារ្យ ។ រៀងរៀបសេចក្តី ជាបទកាកគតី ដំណាលទំនង ស្រីជួស្រីជា តាមបាលីចង ទុកជាគន្លង ក្បួនច្បាប់តទៅ ។ គ្រាន់មើលគ្រាន់មាន ចិត្តចាំ ប្រៀនប្រាណ កុំអោយ អាស្រូវ កុំត្រាប់មារយា ទុកជាធ្វើ ត្រូវ កុំត្រាប់ចើកចូវ ទុកជាស្មោះស្មាន ។ កុំត្រាប់ស្រីអាស គិតថាដ្បិតខ្មាស អៀនរឹងអស់ ប្រាណ កុំត្រាប់បង្ហិន ថាមិន សាមាន្យ កុំត្រាប់សន្តាន មាក់ងាយស្វាមី ។ គិតថាគួរទេ មិនគួរ ស្និទ្ធស្នេហ៍ រាប់រកជាប្តី មារយាទាំងប្រាំ ចូរចាំគ្រប់ ស្រី សុទ្ធសឹងអប្រិយ គ្មានល្អមួយឡើយ ។ គួរត្រាប់គួរត្រង គួរចាំគួរ ចង គួរកុំកន្តើយ មារយាសុចរិត ល្អពិតជាត្រើយ ស្រីណាត្រាប់ ហើយ ហៅប្រសើរស្រី ។
នេះជាវគ្គមួយនៃការចាប់ផ្តើមអត្ថបទកំណាព្យ “ច្បាប់ស្រី” ដែលជាព្រះរាជនិពន្ធរបស់ព្រះបាទអង្គឌួង ។ ឯកសារមហាបុរស និង រាជពង្សាតាអះអាងថា ព្រះបាទអង្គឌួង / អង្គដួង ប្រសូត្រនៅថៃអាទិត្យ ៩កើតខែអាសាធ ឆ្នាំរោងអដ្ឋស័ក ព.ស ២៣៤០, គ.ស ១៧៩៦, ម.ស ១៧១៨, ច.ស ១៦៤៥ នាក្រុងឧដុង្គ ។ទ្រង់ជាបុត្រពៅរបស់ព្រះបាទនរាយរាមា អង្គអេង និង អ្នកម្នាងរស់ ។ ទ្រង់មានព្រះជេដ្ឋា (បងប្រុស) ៤អង្គគឺ៖
១- ព្រះអង្គម្ចាស់ អង្គច័ន្ទ
២- ព្រះអង្គម្ចាស់ អង្គអឹម
៣- ព្រះអង្គម្ចាស់ អង្គសួន
៤- ព្រះអង្គម្ចាស់ អង្គភឹម
គួរបញ្ជាក់ថា នៅសម័យកាលនោះប្រទេសខ្មែរបាននិងកំពុងស្ថិតនៅក្នុងស្ថានភាពដុនដាប ក្រោមការបៀតបៀនពីសំណាក់ប្រទេសយួន និង ប្រទេសសៀម ដែលប្រទេសទាំងពីរនេះតែងតែមើលមកប្រទេសខ្មែរថាជា សាច់១ដុំដែលជាកម្មបទនៃការដណ្តើមគ្នារបស់ពួកគេ ។ ព្រះបាទអង្គឌួងទ្រង់បានយាងទៅសាងព្រះភ្នួសជាសាមណេរ ក្នុងសំណាក់ព្រះមហាព្រហ្មមុនី នង នៅឆ្នាំមមែ (ផ្ទៀងជាមួយសៀវភៅបញ្ជាក់សករាជរបស់លោក ភ្លង នួន ត្រូវនឹងគ.ស ១៨១១ ) ត្រីស័ក គ.ស ១៨១០ ។ សៀវភៅអក្សរសិល្ប៍ខ្មែរ របស់លោក ឃីង ហុកឌី និយាយថា ព្រះអង្គឌួង និង ព្រះ អង្គអឹម មានការអាក់អន់ព្រះទ័យនឹងព្រះអង្គច័ន្ទ ហើយក៏បានភៀសព្រះកាយទៅគង់ នៅស្រុកសៀមអស់រយៈពេលរវាង១ទសត្សរ៍ ។ ឯកសារខ្លះនិយាយថា ទ្រង់គង់នៅក្រុងបាងកក អស់រយៈពេល២៧ឆ្នាំ (គឺចាប់តាំងពីទ្រង់ មានព្រះជន្ម១៦ រហូតដល់ ៤៣វស្សា ) ហើយទ្រង់បានត្រឡប់មកស្រុកខ្មែរវិញនៅគ.ស១៨៤១ ។ ដោយសន្ធិសញ្ញារវាងយួន និង សៀម នៅខែធ្នូ គ.ស ១៨៤៤ បានស្រុះស្រួលគ្នាប្រគល់រាជបល្ល័ង្កខ្មែរមកព្រះអង្គឌួង ។ ទ្រង់បានរាជាភិសេកនៅក្រុងឧដុង្គ ថៃ្ងអង្គារ៍ ១កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ព.ស២៣៩១ ត្រូវនឹងថៃទី៧ ខែមិនា គ.ស ១៨៤៨ ម៉ោង៧ព្រឹក ក្នុងព្រះជន្មាយុ៥២ ព្រះវស្សា ដោយមាននាមថា “ ព្រះបាទ សម្តេចស្តេចព្រះរាជឱង្ការព្រះហរិរក្សរាមាឥស្សរាធិបតីព្រះស្រី សុរិយោពណ៌ ធម្មិកវរោត្តមបរមសុរេន្ទ្រាមហាចក្រពត្រាធិរាជ បរមបពិត្រឋិតជាឥសូរកំពូលរដ្ឋរាស្ត្រឱភាសជាតិវរវង្ស តម្រង់ក្រុងកម្ពុជាមហាឥន្ទបត្តនគរបវរវឌ្ឍនាតិរេកឯករាជាខត្តិ យា មហាធិបតិន្ទ្រវិសុទ្ធិឧត្តមបរមបពិត្រជា អម្ចាស់ជីវិតលើត្បូងគង់ក្នុងព្រះបរម រាជវាំឧដុង្គមានជ័យ ” ។ ព្រះមហេសីរបស់ព្រះអង្គដែលឯកសារនានារៀបរាប់ច្រើនបំផុត គឺអ្នកម្នាងអង្គប៉ែន ឬព្រះបរមរាជនីប៉ែន (ត្រូវយួនសំលាប់ដោយពន្លិចទឹកនៅពេលដែល យួនបានឃុំឃាំងបុត្រីទាំង៤របស់ព្រះអង្គច័ន្ទចោទថាក្បត់ដោយសារ ព្រះមាតារបស់ព្រះនាង បានទៅប្តឹង ស្តេចសៀម ) ជាបុត្រីច្បងរបស់ព្រះអង្គច័ន្ទ ដែលជាព្រះរាម (បងប្រុស) របស់ព្រះអង្គ ។ ហេតុនេះ ទ្រង់ និង មហេសីត្រូវជាព្រះបិតុលា(ឪពុកមា, ពូ) និង ព្រះភគ្គនី (ក្មួយស្រី) បង្កើតនឹងគ្នា ។ ប៉ុន្តែ តាមការរៀបរាប់របស់អ្នកអង្គម្ចាស់ក្សត្រីអង្គឌួង ណិម សូហ្វីន ទាយាទមួយអង្គនៃត្រកូលអង្គឌួងបានប្រាប់ cen.com.kh កាលពីខែមករា ២០០៩ថាព្រះករុណាអង្គឌួងមានអ្នកម្នាង១៥អង្គ និងមានបុត្រា-បុត្រី២១អង្គ ក្នុងនោះព្រះរាជ បុត្រ១០អង្គ និងព្រះរាជបុត្រី១១អង្គ (អានអត្ថបទ “មហាគ្រួសារព្រះបាទអង្គឌួង” ក្នុងទំព័រអ្នកប្រាជ្ញ ជនល្បីរបស់ cen.com.kh) ។ ទោះជាយ៉ាងនេះក្តីមានតែបុត្រា៣អង្គប៉ុណ្ណោះរបស់ទ្រង់ដែលគេរលឹក ដល់ច្រើនគឺ៖ ១- ព្រះអង្គម្ចាស់ច្រឡឹង ហើយ ទ្រង់ប្រទាននាមថា “ព្រះអង្គម្ចាស់រាជាវតី” ឬ “ព្រះអង្គវតី” ។ លុះពេលទៅសាងផ្នួសក្នុងគណៈធម្មយុត្តិកនិកាយ នៅប្រទេសសៀម មាននាមបញ្ញត្តិថា“នរោត្តមភិក្ខុ” (គឺព្រះមហាក្សត្រព្រះបាទ នរោត្តម ), ជាព្រះរាជបុត្រជាមួយអ្នកម្នាងអង្គប៉ែន ឬព្រះបរមរាជនីប៉ែន (ឯកសារខ្លះសរសេរថាបែន មិនមែនប៉ែនទេ) ។ ២- ព្រះអង្គម្ចាស់ សំអោក (ឯកសារខ្លះសរសេរថាសំអេង) លុះ ព្រះជន្មបាន១៣វស្សា ទ្រង់ប្រទាននាមថា“ស៊ីសុវត្តិ” (គឺព្រះមហាក្សត្រ ស៊ីសុវត្តិ), ជាព្រះរាជបុត្រជាមួយព្រះបរមអច្ឆរិយាអប្បរពៅ ។ ៣- ព្រះអង្គម្ចាស់ សំអ៊ូ(ឯកសារខ្លះថាសំបូរ) លុះបានព្រះជន្ម១២ វស្សាទ្រង់ប្រទាននាមថា“ស៊ីវត្ថា”, ជាព្រះរាជបុត្រជាមួយព្រះម្នាងខាំ។ ឡើងសោយរាជ្យភ្លាម ព្រះបាទអង្គឌួងបានរើបម្រាសពីការត្រួតត្រាពីសំណាក់ប្រទេសយួន និង ប្រទេសសៀម ហើយបានចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយប្រទេសបារាំង ។ ទ្រង់មិនមែនជាក្សត្រដែលគិតតែពីរឿងស្រីស្នំ កាងអំណាច កាប់ចាក់ ធ្វើសង្គ្រាមផ្ទៃក្នុងដូចជាក្សត្រមួយចំនួនឡើយ ។ ព្រះអង្គជាក្សត្រតាំងនៅក្នុងព្រះពុទ្ធ សាសនាយ៉ាងមាំ ។ ទ្រង់មានរាជបំណងឱ្យមន្ត្រីទាំងអស់រក្សាសីល៥ ឬ សីល៨ គ្រប់គ្នាតាមលទ្ធភាព និង និស្ស័យរៀងៗខ្លួន ហើយទ្រង់ក៏ជាក្សត្ររក្សាសីលយ៉ាងខ្ជាប់ខ្ជួន និង ព្រះសណ្តាប់នូវធម្មទេសនាដែលសំដែងដោយព្រះសង្ឃក្នុងព្រះបរមរាជវាំង យ៉ាងទៀងទាត់នៅរាល់ថៃ្ងឧបោសថផងដែរ ។ ទ្រង់សំណូមពរផងមន្ត្រីខ្ញុំរាជការឱ្យមានចិត្តមេត្តាសន្តោស ប្រោសប្រណីចំពោះផងរាស្ត្រនិករ ក៏ដូចជាស្មូមយាចក អ្នកក្រខ្សត់ ទុរគត ទន់ខ្សោយ និង សព្វសត្វទាំងពួង ។ ប្រជារាស្ត្រក្រីក្រ និង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និង ឆាន់បានរាល់ថៃ្ង ។ ហេតុនេះទើបសុវត្ថិភាពបានកើត ឡើងវិញលើផ្ទៃនៃនគរ ធ្វើអោយមានសន្តិភាព ស្ថេរភាពជាចិរកាល ជាហេតុនាំឱ្យផងរាស្ត្រនិករមានឱកាស បង្កបង្កើន ភោគផលបានសំបូរសប្បាយឡើងវិញមួយកម្រឹត ។ នៅឆ្នាំមមែ នព្វស័ក គ.ស ១៨៤៨ ទ្រង់បានបញ្ជាឱ្យបោះពុម្ពក្រដាស់ប្រាក់សម្រាប់ចាយវាយជំនួស ប្រាក់សាច់ មតិខ្លះយល់ថា ដោយសារព្រះអង្គមានទំនាក់ទំនងជាមួយបារាំង ទើបបារាំងបានប្រមូលមាស ពេជ្រ និង ប្រាក់ដឹកជញ្ជូនទៅប្រទេសគេរលោះពីប្រទេសខ្មែ ទើបទ្រង់បញ្ជាឱ្យចេញក្រដាស់ប្រាក់នេះ ហើយក៏គឺជាក្រដាស ប្រាក់មុនដំបូងបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ ។ ក្រដាសប្រាក់នោះទ្រង់ព្រះរាជបញ្ញត្តិឱ្យដាក់ពាក្យថា “ព្រះនគរក្រុងកម្ពុជាធិបតី” មានពុទ្ធសករាជ, ចុល្លសករាជ នៅត្រង់ផ្ទៃកណ្តាលម្ខាង មានរូបប្រាសាទអង្គរវត្ត ហើយម្ខាងទៀតមានរូបហង្ស ។ ទ្រង់កសាងនគរឱ្យមានការរីកចំរើនគ្រប់វិស័យទាំងផ្នែក សេដ្ឋកិច្ច , រដ្ឋបាល , ស្ថាបនាស្ពានថ្នល់ ,ព្រះអង្គបានចេញរាជបញ្ជាឱ្យបន្ថយពន្ធដាផ្សេងៗ កសាងកំពែងការពារនគរ និង ហេដ្ឋារចនាសម្ព័ន្ធនានា បង្វែរនគរឱ្យឈមទៅរកវឌ្ឍនភាពតាមបែបបស្ចឹមប្រទេស ។ ទ្រង់បានបង្កើតរចនាសម្ព័ន្ធនានា សម្រាប់ បង្ក្រាបចោរកម្ម និង ឧក្រឹដ្ឋកម្ម ។ នៅឆ្នាំ១៨៤៨ ទ្រង់បានបង្កើតសាលាតុលាការឧទ្ធរណ៍ ដែលជាតុលាការឧទ្ធរណ៍មុនដំបូងបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយទ្រង់គង់ជាព្រះអធិបតីដោយផ្ទាល់នៅក្នុងតុលាការនេះ ។ ចាប់ពីឆ្នាំ១៨៥៣មក ទ្រង់បានបញ្ជាឱ្យចាប់ផ្តើមពិនិត្យសេរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានយាងចូលប្រឡូកដោយផ្ទាល់ និង យ៉ាងសកម្មផង ។ លោក ហង់រី មូតូ ជាជនជាតិបារាំងបានធ្វើដំណើរមកប្រទេសកម្ពុជា ហើយបានជួបនឹង ព្រះអង្គឌួង បានសរសេរពិព័ណ៌នាព្រះអង្គថា ព្រះជន្មប្រមាណ៦០ព្រះវស្សា មានព្រះកេសា (សក់) ខ្លី ទាប់ក្រអាញ។ ទឹកព្រះភ័ក្ត្របង្ហាញប្រាជ្ញាញាណវាងវៃ និង មានសមានចិត្តល្អ... ។ ទ្រង់ចំណាយរាជទ្រព្យជាច្រើនដើម្បីស្ថាបនា ផ្គត់ផ្គង់ និង បណ្តុះបណ្តាលព្រះពុទ្ធសាសនាដែលរងការខ្ទេចខ្ទាំ ដោយសារសង្គ្រាមនានា មានសង្គ្រាមបៀតបៀនពីប្រទេសវៀតណាម និង ប្រទេសសៀមជាដើម ។ ថៃ្ង១២មេសា គ.ស ១៨៥៣ ទ្រង់បានបញ្ជារាជប្រតិភូ ដឹកនាំដោយឧកញ៉ាយមរាជម៉ុក និង ឧកញ៉ាចក្រី មាស ធ្វើដំណើរទៅទីក្រុងបាងកកដើម្បីស្នើសុំស្តេចសៀម ព្រះចៅ ចមក្លាវ ឱ្យបញ្ជួនបណ្ឌិតសង្ឃខ្មែរព្រះនាមប៉ាន និង គម្ពីរព្រះត្រៃបិដក១ចប់ផងមកស្រុកខ្មែរវិញ ។ ស្តេចសៀមមានព្រះទ័យត្រេកអរណាស់ដោយសង្ឃឹមថា នឹងបានបន្តជះឥទ្ធិពលវប្បធម៌របស់សៀមមកក្នុងផ្នត់គំនិតខ្មែរតាមរយៈ ព្រះពុទ្ធសាសនាធម្ម យុត្តិកនិកាយ ។ បណ្ឌិតសង្ឃពុទ្ធសាសនាខ្មែរ ព្រះនាមប៉ាន និង ព្រះត្រៃបិដក១ចប់ មានសែសិបភាគត្រូវបានហែរហមជាពិសេស ចូលមកតាមខេត្តកំពត ដោយមានទាំងព្រះសង្ឃ៨អង្គ និង បរិស័ទ្ធមួយចំនួន និង ព្រះគ្រូរបស់ភិក្ខុបណ្ឌិតសង្ឃប៉ានផង បានមកដល់ក្រុងឧដុង្គ នៅថៃ្ង២៨ ខែមករា ឆ្នាំ១៨៥៥ ។ ហេតុនេះព្រះពុទ្ធសាសនាគណៈធម្មយុត្ត បានមកប្រតិស្ថនៅលើទឹកដីខ្មែរ ដោយមួយផ្នែកជាមធ្យោបាយដែលស្តេចសៀមប្រើដើម្បីជះឥទ្ធិពលលើស្មារតី ខ្មែរចាប់ពីពេលនោះ ។ មិនយូរប៉ុន្មានភិក្ខុប៉ាន ត្រូវបានតែងតាំងជាសម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិ ។ ទ្រង់មិនមែនជាក្សត្រប្រតិពលតែនៅក្នុងរាជកិច្ចប៉ុណ្ណោះទេ ទ្រង់ថែមទាំជាអ្នកស្នេហាអក្សរសាស្ត្រជាតិ និង តែងតែយកព្រះទ័យទុកដាក់លើកស្ទួយអក្សរសាស្ត្រជាតិជាខ្លាំង ។ ព្រះមាតារបស់ព្រះអង្គ គឺអ្នកម្នាងរស់ ត្រូវបានទ្រង់តែងតាំងជា សម្តេច ព្រះវររាជិនីខត្តិយាវង្សសិរីសេដ្ឋោវរោត្តមបរមវរាតុល្យសកល មង្គលបរមបពិត្រ ដោយ សារទ្រង់មានគុណបំណាច់ក្នុងកាទំនុកបំរុងកវីនិពន្ធទាំងឡាយ មានកវីសន្ធរម៉ុក ជា ដើម ។ ទ្រង់បានចាត់ចែងឱ្យកវីទាំងឡាយតែងនិពន្ធនូវសាស្ត្រាល្បែងផ្សេងៗជា ពាក្យកាព្យ ។
----------------
ដកស្រង់ពី គេហទំព័រ ស៊ីអីអិន